ផលិតផល​កសិកម្ម ៤​ប្រភេទ ទទួលបាន​ហិរញ្ញប្បទាន​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​
COVID-19
ជាតិ
ផលិតផល​កសិកម្ម ៤​ប្រភេទ ទទួលបាន​ហិរញ្ញប្បទាន​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​
01, Aug 2020 , 3:28 pm        
រូបភាព
​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​ទុន​ដល់​ធនាគារ​ចំនួន​២ គឺ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម (ARDB) និង​ធនាគារ​សហគ្រាស​ធុន​តូច​និង​មធ្យម (SME Bank) ដើម្បី​ផ្ដល់​មូលនិធិ​ឲ្យ​ពលរដ្ឋ​ក្នុង​ផលិតផល​កសិកម្ម ៤ ប្រភេទ មាន​ក្រុម​អ្នក​ផលិត ការដាំដុះ​បន្លែ​ផ្លែឈើ ចិញ្ចឹមសត្វ វារីវប្បកម្ម និង​ផលិតផល​កែច្នៃ​។ នេះ​បើតាម​លោក កៅ ថាច អគ្គនាយក​នៃ​ធនាគារ​អភិវឌ្ឍន៍ជនបទ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​ដំណើរការ និង​នីតិវិធី​នៃ​គម្រោង​ហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម​» នៅ​ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ​២០២០​។​

 
​លោក កៅ ថាច បញ្ជាក់ថា​៖«​ធនាគារ ARDB មាន​តួនាទី​ធ្វើ​ហិរញ្ញប្បទាន​លើ​សហគ្រាស​ធុន​តូច​និង​មធ្យម​លើ​ការងារ​កែច្នៃ​ផលិតផល​កសិកម្ម ដែល​ពាក់ព័ន្ធ​កសិកម្ម​។ ចំណែក SME Bank ធ្វើ​ហិរញ្ញប្បទាន​លើ​សហគ្រាស​ធុន​តូច​និង​មធ្យម​លើ​ការងារ​កសិកម្ម​»​។ លោក​បន្តថា បច្ចុប្បន្ន​ធនាគារ​អភិវឌ្ឍន៍ជនបទ ទទួលបាន​ពាក្យស្នើសុំ​ពី​ពលរដ្ឋ​លើ​តម្រូវការ​ហិរញ្ញប្បទាន​ក្នុង​ទំហំ ៤៥​លាន​ដុល្លារ និង​មាន ៤៥០​សហគ្រាស នៅក្នុង​នោះបាន​ធ្វើការ​ផ្តល់​កម្ចី​បានតែ​ជាង ១០​លាន​ដុល្លារ ស្មើនឹង​ជាង ១០០ សហគ្រាស​។ 


 
​បើតាម​របាយការណ៍ ចាប់ពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២០ ចំនួន​អ្នកស្នើសុំ​ឥណទាន​មាន​ចំនួន ៤៣០​នាក់ សរុប​ជា​ទឹកប្រាក់ ៤២​លាន​ដុល្លារ ទៅលើ​ការចិញ្ចឹម​ជ្រូក ២៨​ភាគរយ​, ការចិញ្ចឹម​ត្រី ២៧​ភាគរយ​, ការចិញ្ចឹម​មាន់​-​ទា ១៥​ភាគរយ​, ការចិញ្ចឹម​គោ ៦​ភាគរយ​, ការដាំដុះ​បន្លែ​-​ផ្លែឈើ ១៧​ភាគរយ​, ការកែច្នៃ​ផលិតផល​កសិកម្ម និង​ផ្សេងៗ ៧​ភាគរយ​។ 
 
​កន្លងមក សម្ដេច ហ៊ុន សែន បានដាក់​ចេញ​នូវ​កម្មវិធី​ហិរញ្ញប្បទាន​ពិសេស​មាន​ទឹកប្រាក់ ៥០​លាន​ដុល្លារ តាមរយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ដើម្បី​ផ្តល់​ឥណទាន​មានការ​ប្រាក់​ទាប​ដើម្បី​គាំទ្រ​ដល់​ប្រជាកសិករ ប្រជា​សហគមន៍​ដាំ​ដុះ​បន្លែ ផ្លែឈើ ច​ញ្ចឹ​ម​សត្វ ច​ញ្ចឹ​ម​ត្រី និង​សិប្បកម្ម សហគ្រាស​ធុន​តូច និង​មធ្យម​។ 
 
​ហិរញ្ញប្បទាន​នេះ មាន​គោលបំណង​ទ្រទ្រង់​និរន្ត​ភាព វិស័យ​កែច្នៃ​ផលិតផល​កសិកម្ម វិស័យ​ក​សិ​-​ឧស្សាហកម្ម និង​វិស័យ​កសិកម្ម បង្កើត​ការងារ​បន្ថែម ពង្រឹង​ភាព​ប្រកួតប្រជែង និង​ពង្រីក​មូលដ្ឋាន​ផលិតភាព​ក្នុងស្រុក ដើម្បី​នាំចេញ និង​កាត់បន្ថយ​ការនាំ​ចូល នៅក្នុង​ដំណាក់​កាលដែល​សេដ្ឋកិច្ចកម្ពុជា​ជួបប្រទះ​បញ្ហា​ប្រឈម​មួយចំនួន​កើតចេញពី​ជំងឺឆ្លង​កូ​វីដ​១៩៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com