អន្តរជាតិ
​លោក ឌូ​ទើ​តេ ណែនាំ​ប្រជាជន​ឲ្យ​យក​ប្រេងសាំង​លាង​សម្អាត​ម៉ាស់ លោ​កថា​មិនមែន​លេងសើច​ឡើយ​
01, Aug 2020 , 3:57 pm        
រូបភាព
ប្រធានាធិបតីហ្វីលីពីន លោករ៉ូឌ្រីហ្គោ ឌូទើតេ។ រូបភាព៖ Reuters
ប្រធានាធិបតីហ្វីលីពីន លោករ៉ូឌ្រីហ្គោ ឌូទើតេ។ រូបភាព៖ Reuters
​ប្រធានាធិបតី​ហ្វីលីពីន លោក​រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ នៅ​ថ្ងៃទី​៣១ ខែកក្កដា បាន​លើកឡើងថា ប្រជាជន​ហ្វីលីពីន គួរតែ​ប្រើប្រាស់​ប្រេងសាំង ដើម្បី​លាង​សម្អាត​ម៉ាស់​។ បើតាម​ការលើកឡើងរ​បស់​ប្រធានាធិបតី​រូបនេះ ការអះអាង​របស់លោក មិនមែនជា​រឿង​លេងសើច​ឡើយ​។

 
 
​នា​សប្តាហ៍​មុន ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បានលើកឡើង​ម្តង​ហើយពី​ការយក​ប្រេងសាំង​មក​លាង​ម៉ាស់ ប៉ុន្តែ​អ្នកនាំពាក្យ​របស់លោក និយាយ​ការពារ​ថា ការនិយាយ​របស់លោក​ឌូ​ទើ​តេ គឺ​គ្រាន់តែ​ជា​រឿង​កំប្លែង ហើយ​ថា លោក​ចូលចិត្ត​និយាយ​លេងសើច​បែបនេះ​នៅ​ទីសាធារណៈ​។ 
 
​ថ្លែង​នៅលើ​កញ្ចក់​ទូរទស្សន៍ លោក​ឌូ​ទើ​តេ បាន​ច្រានចោល​ការអះអាង​របស់​អ្នកនាំពាក្យ និង​បាន​សង្កត់ធ្ងន់ថា អ្វីដែល​លោក បាន​និយាយ​គឺជា​ការពិត​។ «​គ្រាន់តែ​ទៅ​ស្ថានីយប្រេងឥន្ធនៈ ហើយ​បន្តក់​ប្រេងសាំង​ពីរ​បី​តំណ​ក់លើ​ម៉ាស់​។ នោះ​ហើយ គឺជា​ការសម្លាប់​មេរោគ​លើ​ម៉ាស់​»​។ ប្រធានាធិបតី​ហ្វីលីពីន បាន​ពន្យល់​បែបនេះ ដោយ​បន្ថែមថា លោក​មិនមែន​លេងសើច​ទេ ហើយ​វា​គឺជា​រឿង​ពិត​។ 
 
​ផ្ទុយ​ពី​ការអះអាង​របស់លោក​ប្រធានាធិបតី អ្នកជំនាញ​វេជ្ជសាស្ត្រ បាន​ណែនាំ​ថា មិនគួរ​ធ្វើបែបនេះ​ឡើយ ព្រោះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព និង​ប្រព័ន្ធ​ផ្លូវដង្ហើម​។ ថ្លែងប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក Jose Santiago ប្រធាន​សមាគម​វេជ្ជសាស្ត្រ​ហ្វីលីពីន បាន​ពន្យល់ថា ប្រជាជន មិនគួរ​យក​ប្រេងសាំង​លាង​សម្អាត​ម៉ាស់ ដើម្បី​សម្លាប់​មេរោគ តាម​ណែនាំ​របស់​ប្រធានាធិបតី​នោះទេ ព្រោះ​ការធ្វើ​បែបនេះ អាច​បង្ក​ឲ្យ​ប៉ះពាល់ និង​នាំ​ឲ្យ​មាន​ជំងឺ​ផ្លូវដង្ហើម​។ 
 
​ចំណែក​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន លោកស្រី Risa Hontiveros បាន​ឌឺដង​ទៅ​ប្រធានាធិបតី ក៏ដូចជា​ប្រាប់​ទៅ​ប្រជាជន​ថា​៖ «​កុំ​ធ្វើបែបនេះ ពេល​នៅផ្ទះ​»​។ 
​តាម​ការណែនាំ​របស់​អ្នកជំនាញ​សុខភាព ប្រជាជន​គួរតែ​ប្រើប្រាស់​សាប៊ូ និង​ទឹក ក្នុងការ​សម្អាត​ម៉ាស់ ដែល​អាច​ប្រើប្រាស់​បាន​ម្តងទៀត​។ ការសម្លាប់​មេរោគ ដោយ​ប្រើប្រាស់​អាកុល ៧០​ភាគរយ ក៏​អាច​លាង​សម្អាត​ម៉ាស់ បាន​ផងដែរ​។ 
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ថ្ងៃទី​៣១ ខែកក្កដា ហ្វីលីពីន មាន​ករណី​ឆ្លង​COVID-19 សរុប​ចំនួន ៩៣៣៥៤​ករណី អ្នកស្លាប់​មាន​ចំនួន​២០២៣​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ៦៥១៧៨​នាក់​៕ 

Tag:
 ហ្វីលីពីន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com