ពិព័រណ៍​រូបថត DMC Photo Festival ឆ្នាំនេះ នឹងធ្វើ​ឡើងវិញ​តាម​ប្រព័ន្ធ​ឌីជីថល
ជាតិ
ពិព័រណ៍​រូបថត DMC Photo Festival ឆ្នាំនេះ នឹងធ្វើ​ឡើងវិញ​តាម​ប្រព័ន្ធ​ឌីជីថល
02, Aug 2020 , 8:29 am        
រូបភាព
​ដោយ​៖ ហ៊ីម អ៊ឹម​រ៉​ន 
 
​ការតាំងពិព័រណ៍​រូបថត DMC Photo Festival នឹងធ្វើ​ឡើងវិញ​តាម​ប្រព័ន្ធ​ឌីជីថល ចាប់ពី​ថ្ងៃទី ៣ ដល់ ៣១ ខែសីហា ឆ្នាំ ២០២០ បន្ទាប់ពី​មានការ​ខកខាន​ដោយសារ​បញ្ហា​កូ​វី​ឌ​-១៩​។ ការតាំងពិព័រណ៍​នេះ នឹងមាន​ការដាក់​បង្ហា​ញ​នូវ​រូបថត​ជាង ២០០ សន្លឹក មកពី ៩ ប្រធានបទ​ផ្សេងៗ​គ្នា​។ រូបថត​ទាំងនោះ​ជា​ស្នាដៃ​របស់​និស្សិត​ឆ្នាំ​ទី​២ ជំនា​ន់ទី ១៨ នៃ​ដេ​ប៉ា​តេ​ម៉​ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។


​ប្រធានបទ​ទាំង ៩ នោះ​រួមមាន​ដូចជា​៖ ម្ហូប​យើង អត្តសញ្ញាណ​យើង​, ខ្ញុំ​គឺជា​បណ្ដាញ​សង្គម​, នាដការ​តូច​, តើ​សម្រាម​មកពីណា​?, ជីវិត​ក្នុង ៣​សម័យកាល​, ក្រោម​លោក​តែមួយ វាសនា​ខុសគ្នា​, ចំណែក​មួយ​នៃ​ទីក្រុង​, ចេញពី​បន្ទប់​ងងឹត​, និង ឯកសណ្ឋាន​យើង អត្តសញ្ញាណ​យើង​។​
 
​លោក ផន ភា​រិ​ទ្ធ ជា​គ្រូដឹកនាំ​នៃ​គម្រោង​រូបថត​ខាងលើ​បញ្ជាក់ថា​៖ «​គ្រប់​រូបថត ដែល​នឹង​បង្ហាញ​នោះ និង​មិន​ត្រឹមតែ​ឆ្លុះបញ្ចាំង​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​និស្សិត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នឹង​ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​សង្គម​នាពេល​បច្ចុប្បន្ន​ផងដែរ​»​។​
 
​ដូចគ្នានេះដែរ លោក អ៊ុង ប៊ុន​អ៊ី ប្រធាន​ដេ​ប៉ា​តឺ​ម៉​ង់ លើកឡើងថា​៖ «​តាមរយៈ​ការតាំងពិព័រណ៍​រូបថត​នេះ សារ​ធារ​ណៈ​ជន​ក៏មាន​ឱកាស​បាន​ដឹងឮ ក៏ដូចជា​យល់​អំពី​រឿងរ៉ាវ​សង្គម​ទាំងនោះ និង​ចូលរួម​ជា​ផែ្ន​កមួយ​នៃ​ដំណោះស្រាយ ព្រោះថា​ពួកគេ​គឺជា​ផ្នែក​មួយ​នៃ​រឿងរ៉ាវ​សង្គម​ទាំង​នោះដែរ​។​»
 
​ក្នុង​រយៈពេល​ជិត​មួយខែ​ពេញ​នៃ​ការតាំងពិព័រណ៍​នេះ ក្រៅពី​ការដាក់​តាំង​បង្ហាញ​រូបថត ជា​រៀងរាល់​សប្ដាហ៍​ក៏​នឹងមាន​ការសម្ដែង និង​កិច្ចពិភាក្សា​ផ្សេង ដែលមាន​ការផ្សាយ​ផ្ទាល់​លើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក Facebook DMC Photo Festival, ហ្វេ​ស​ប៊ុ​ក ដេ​ប៉ា​តេ​ម៉​ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍ និង​នៅលើគេហទំព័រនេះ ​។​
 
​គួរបញ្ជាក់​ផងដែរ​ថា នេះ​គឺជា​លើក​ទី​ពីរ​ហើយ​ដែល​ដេ​ប៉ា​តឺ​ម៉​ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ តាំងពិព័រណ៍​រូបថត​ប្រចាំឆ្នាំ ដែលជា​ស្នាដៃ​និស្សិត​ឆ្នាំ​ទី​២ របស់ខ្លួន ដែល​លើកទីមួយ បានធ្វើ​ឡើង​នៅ​ឆ្នាំ ២០១៩៕

© រក្សាសិទ្ធិដោយ thmeythmey.com