ភ្នំពេញ៖ គេសង្កេតឃើញថា មានភាពយន្តមួយចំនួន ទាំងរឿងភាគ រឿងខ្នាតធំ និងរឿងខ្លី បានតម្រូវឱ្យក្មេងមិនទាន់គ្រប់អាយុ សម្តែងឈុតស្នេហា ឬឈុតបង្កើតទំនាក់ទំនងស្នេហ៍។ ឈុតទាំងនោះ បានបង្ហាញត្រង់ៗ ដោយខុសនឹងវ័យរបស់ក្មេង ដែលត្រូវផ្ដោតលើការសិក្សានោះ។ អ្នកជំនាញ៣រូប សុទ្ធតែបានលើកឡើងដូចៗគ្នាថា ការឱ្យក្មេងមិនទាន់គ្រប់អាយុ សម្ដែងឈុតស្នេហា ស្មើរនឹងការលើកទឹកចិត្តឱ្យក្មេងៗក្នុងសង្គម ដើរតាមគន្លងនោះ។
បើសង្កេតឱ្យមែនទែនទៅ មានភាពយន្តភាគ ភាពយន្តខ្នាតធំ(កុនដុំ) ឬរឿងខ្លី ជាដើម តិចតួចបំផុត ដែលបានបង្ហាញឱ្យឃើញពីការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ការតស៊ូក្នុងជីវិត ឬបំផុសឱ្យឃើញពីគំនិតច្នៃប្រឌិតថ្មីៗរបស់កុមារ។ ប៉ុន្តែផ្ទុយទៅវិញ ភាពយន្តនៅពេលបច្ចុប្បន្ននេះ បែរជាផ្ដោតសំខាន់លើរឿងឈ្លោះប្រជែងដណ្ដើរមនុស្សស្រី ឬមនុស្សប្រុសទៅវិញ។ ជាងនោះទៅទៀត ឈុតស្នេហាខ្លះ ដែលមានលក្ខណៈមិនសមរម្យ បែរជាតម្រូវឱ្យក្មេងមិនទាន់គ្រប់អាយុសម្ដែងទៅវិញ។
ជាការពិត ភាពយន្តជាប្រព័ន្ធផ្សព្វផ្សាយដ៏មានឥទ្ធិពល ដូច្នោះហើយ ទាមទារឱ្យអ្នកនិពន្ធ អ្នកដឹកនាំរឿង ក៏ដូចជាផលិតករ មានចំណេះដឹងថ្លឹងថ្លែងខ្ពស់ មានការគិតវិភាគស៊ីជម្រៅទៅលើខ្លឹមសាររឿង ពាក្យពេចន៍ និងរូបភាពឱ្យបានល្អិតល្អន់ ដើម្បីចៀសវាងការជះឥទ្ធិពលមិនល្អដល់សង្គម ជាពិសេសកុមារ។
មានបទពិសោធលើវិស័យភាពយន្តច្រើនឆ្នាំ លោក ឆាយ បូរ៉ា អតីតប្រធានសមាគមភាពយន្តកម្ពុជា បានលើកឡើងថា ភាពយន្តខ្មែរនៅពេលបច្ចុប្បន្ន ហាក់មានភាពច្របូកច្របល់ ដោយមិនអាចបែងចែក រឿងណាជារឿងអប់រំ ហើយរឿងណាបង្ហាញពីតថភាពពិតក្នុងសង្គម។ លោកថា ការណ៍នេះអាចបណ្ដាលមកពី អ្នកនិពន្ធមិនបានកំណត់គោលដៅរឿងរបស់ខ្លួនច្បាស់លាស់។ លោកបន្ថែមថា បើអ្នកនិពន្ធ មិនមានចំណេះដឹងជ្រៅជ្រះ នោះរឿងរបស់ពួកគេក៏មិនមានគុណភាព សម្រាប់អប់រំដល់សង្គមដែរ។
លោក ឆាយ បូរ៉ា អតីតប្រធានសមាគមភាពយន្តកម្ពុជា(រូបពីហ្វេសប៊ុក Chhay Bora)
សំដៅដល់ការឱ្យក្មេងមិនទាន់គ្រប់អាយុ ថតឈុតស្នេហា ឬបង្កើតទំនាក់ទំនងស្នេហ៍ អ្នកដឹកនាំរឿង “ឃ្លាតទៅសែនឆ្ងាយ” រូបនេះ សង្កត់ធ្ងន់ថា សច្ចភាពពិតខ្លះដែលមាននៅក្នុងសង្គម នៅពេលយកមកបង្ហាញជាសាធារណៈ វាមិនមែនជារឿងល្អទេ ហើយវាបែរជាមានរូបភាពនាំឱ្យគេធ្វើតាមទៅវិញ។
ប្រឡូកក្នុងវិស័យភាពយន្តតាំងពីឆ្នាំ២០០៨ លោក ឆាយ បូរ៉ា បន្យល់បន្ថែមដូច្នេះ៖«ក្នុងរង្វង់ភាពយន្ត គេមានក្រមសីលធម៌របស់គេ។ សច្ចភាពគឺឆ្លុះបញ្ចាំងពីរឿងក្នុងសង្គម តែកាលណាបើធ្វើមិនត្រូវ វាបែរជាធ្វើឱ្យគេមើលឃើញថា រឿងនោះកំពុងផ្ដល់គំរូមិនល្អដល់សង្គមទៅវិញ។ បទចម្រៀង និងភាពយន្តឥឡូវនេះខ្លះ បង្ហាញខ្លឹមសារនិងរូបភាពពិបាកនិយាយណាស់។ ខ្ញុំមានកូនចៅតូចៗ ខ្ញុំមិនចង់ឱ្យឮ មិនចង់ឱ្យឃើញទេ។ រឿងខ្លះធ្វើឱ្យមហាជនពិបាកទទួលយក។ អ្នកនិពន្ធខ្លះ និពន្ធរឿងចេញមក បង្ហាញពីភាពអវិជ្ជារបស់ខ្លួនតែម្ដង។ អ្នកនិពន្ធត្រូវតែចូលរៀនវគ្គបណ្ដុះបណ្ដាលពីភាពយន្ត»។
ចំណែកលោក ព្រឿង ប្រណីត ប្រធានសមាគមអ្នកនិពន្ធខ្មែរ ក៏មិនខុសពីលោក ឆាយ បូរ៉ា ប៉ុន្មានឡើយ ដោយលោកមិនគាំទ្រទាល់តែសោះក្នុងការឱ្យក្មេងមិនទាន់គ្រប់អាយុថតឈុតស្នេហា។ ជាអ្នកនិពន្ធ និងជាកវី មួយរូប លោក ព្រឿង ប្រណីត ថាក្នុងនាមជាអ្នកនិពន្ធ គួរតែនិពន្ធអ្វីដែលជាប្រយោជន៍ ដើម្បីកែប្រែស្ថានភាពសង្គមពីអាក្រក់ទៅល្អ ទើបប្រសើរ។
លោក ព្រឿង ប្រណីត ប្រធានសមាគមអ្នកនិពន្ធខ្មែរ (រូបពីហ្វេសប៊ុក Proeung Pranit)
បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ នៅជិតអគារសមាគមអ្នកនិពន្ធខ្មែរ ដែលកំពុងសាងសង់ ក្នុងបរិវេណវត្តបទុមវតី លោក ព្រឿង ប្រណីត បញ្ជាក់ដូច្នេះ៖«អ្នកនិពន្ធខ្លះ គាត់អាចនិយាយថា នេះជារឿងពិតក្នុងសង្គម។ ប៉ុន្តែម្ដេចយើងមិននិពន្ធអ្វីដែលជួយកែប្រែចំណុចមិនល្អទាំងនោះវិញទៅ។
ដូចជាការនិពន្ធឱ្យក្មេងៗសម្ដែងឈុតស្នេហាបែបនេះ វាមិនមែនជាការអប់រំសង្គមទេ តែវាបែរជាធ្វើឱ្យក្មេងៗមើលហើយយកគំរូតាម។ បើយើងនិពន្ធអ្វីមួយ បង្កើតជាកំហុសហើយ យើងមិនអាននិពន្ធរឿងមួយទៀតមកកែប្រែបានឡើយ ព្រោះមនុស្សបានដក់ជាប់រឿងដំបូងទៅហើយ។ ម្យ៉ាងទៀត យើងម្ដេចនឹងដឹងថា អ្នកមើលរឿងទី១ គេនឹងចាំមើលរឿងទី២របស់យើង»។
ទាក់ទងនឹងបញ្ហាខាងលើ ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌លោក ប៉ុក បូរក្ស បានសង្កត់ធ្ងន់ថា ក្រសួងមិនដែលអនុញ្ញាតឱ្យមានការថតភាពយន្ត ដែលតម្រូវឱ្យក្មេងៗ ថតឈុតខុសពីវ័យរបស់ពួកគេឡើយ។ ចំពោះករណីដែលមានភាពយន្តមួយចំនួនយកក្មេងទៅថតឈុតស្នេហា លោក ប៉ុក បូរក្ស ថាបុគ្គលទាំងនោះ មិនបានទៅសុំការអនុញ្ញាតថតពីក្រសួងឡើយ។
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌(រូបពីហ្វេសប៊ុក Pok Borak)
ប្រធាននាយកដ្ឋានសិល្បៈភាពយន្តរូបនេះ បន្ថែមថាក្រសួងតែងតែងលើកទឹកចិត្តឱ្យផលិតករ ទៅចុះបញ្ជីក្នុងក្រសួង ហើយក៏បើកសិទ្ធិចំពោះការបង្កើតស្នាដៃថ្មីដែរ ប៉ុន្តែស្នាដៃទាំងនោះត្រូវតែ ស្ថិតនៅក្រោមការទទួលយកបានរបស់មហាជន និងសង្គម។
បញ្ហាភាពយន្តដដែលនេះ ក្រសួងវប្បធម៌ ក៏បានធ្វើការទៅលើការចាត់ចំណាត់ថ្នាក់ភាពយន្តផងដែរ មានន័យថា ភាពយន្ត ឬរឿងគ្រប់ប្រភេទ ត្រូវបានកំណត់អាយុអ្នកមើល។ ក្នុងករណីនេះ លោក ប៉ុក បូរក្ស បញ្ជាក់ថា ភាពយន្តខ្លះ មានភាសា និងរូបភាពឃោឃៅខ្លាំង ដូច្នេះមិនអាចឱ្យក្មេងមើលបានឡើយ។
ទោះជាយ៉ាងណា ប្រធាននាយកដ្ឋានលោក ប៉ុក បូរក្ស ថាក្រសួងវប្បធម៌ កំពុងតែសិក្សារកវិធានការដោះស្រាយ រាល់បញ្ហាពាក់ព័ន្ធនឹងភាពយន្ត ជាមួយក្រសួងពាក់ព័ន្ធនានា។
លោកពន្យល់បន្ថែម៖«រាល់ភាពយន្តដែលបានឆ្លងកាត់ការត្រួតពិនិត្យពីក្រសួង គឺយើងតែងតែមើលលើក្រមសីលធម៌ និងភាពអាចទទួលយកបានពីសង្គម។ វាអាចមកពីការវិវឌ្ឍនៃបច្ចេកវិទ្យារីកចម្រើនពេក ហើយមធ្យោបាយនៃការផ្សព្វផ្សាយ និងការផលិតងាយស្រួល ដូច្នេះមនុស្សម្នាក់គិតឃើញអ្វី ក៏ចង់ធ្វើរឿងនោះ តែពេលធ្វើទៅវាបែរជាជះឥទ្ធិពលមិនល្អ។
យ៉ាងណាក៏ដោយ ក្រៅពីភាពយន្ត បទចម្រៀងនាពេលបច្ចុប្បន្ននេះ ក៏ហាក់បង្ហាញឱ្យឃើញពីខ្លឹមសារអវិជ្ជមានផងដែរ។ ជាក់ស្ដែងមានបទចម្រៀងមួយចំនួន និពន្ធឡើងមានរូបភាពលើកទឹកចិត្តឱ្យមនុស្ស យកស្រា ទៅដោះស្រាយបញ្ហា។ ចំណែកអ្នកនិពន្ធខ្លះទៀត និពន្ធបទចម្រៀងឡើង ដើម្បីបង្កជម្លោះ ជេរប្រមាថ និយាយរឿងអាសអាភាស និងជំរុញឱ្យមនុស្សប្រព្រឹត្តអំពើអបាយមុខថែមទៀតផង។
ជាក់ស្ដែង ភាពយន្តនិងចម្រៀង គឺជាអាវុធមុខ២ ដូច្នេះបើអ្នកនិពន្ធ ផលិតករ ឬអ្នកដឹកនាំរឿង បង្កើតឡើងក្នុងគោលបំណងអប់រំច្បាស់លាស់ វានឹងទទួលបានលទ្ធផលល្អ។ ប៉ុន្តែបើអ្នកបង្កើតស្នាដៃទាំងនោះ គ្រាន់តែចង់បង្ហាញពីចំណុចអវិជ្ជមានរបស់សង្គម ដោយមិនបានវិភាគស៊ីជម្រៅពីផលប៉ះពាល់ នោះពួកគេ(ម្ចាស់ស្នាដៃ)អាចនឹងក្លាយជាបុគ្គលដែលនាំសង្គមឱ្យធ្លាក់ចុះសីលធម៌ធ្ងន់ធ្ងរ៕