ជាតិ
​ទីផ្សារ​ផលិតផល​ពី​ឫស្សី រពាក់ និង​ផ្តៅ នៅ​តូចចង្អៀត​
01, Aug 2020 , 11:29 pm        
រូបភាព
ដោយ:
​សៀមរាប​៖ សន្ទុះ​នៃ​ការគាំទ្រ និង​ប្រើប្រាស់​ផលិតផល​ធ្វើ​ពី​ឫស្សី រពាក់ និង​ផ្ដៅ មិនទាន់​ផុសផុល​ឡើយ​សម្រាប់​ទីផ្សារ​ក្នុងស្រុក ប៉ុន្តែ​សិប្បកម្ម​ដោយ​ដៃ​ដែលជា​របរ​ពេញនិយម​នៅ​ខេត្តសៀមរាប ហាក់​ទទួលបាន​នូវ​ការគាំទ្រ​ច្រើន​ពី​ទីផ្សារ​នៅ​ប្រទេសជិតខាង ជាពិសេស​ថៃ​។ នេះ​បើតាម​លោក ប៊ុន សុខ​គា អ្នកប្រមូល​ទិញ​ផលិតផល​ធ្វើ​ពីរ​ពាក់ និង​ផ្ដៅ ពី​ពលរដ្ឋ​ខេត្តសៀមរាប​។

 
​ជា​ផ្នែក​មួយ​ក្នុងការ​ផ្សព្វផ្សាយ​ផលិតផល​ខ្មែរ និង​ជួយ​បង្កើត​ឱកាស​ទីផ្សារ​ដល់​ពលរដ្ឋ​ប្រកប​របរ​សិប្បកម្ម​ដោយ​ដៃ លោក សុខ​គា បាន​ឆ្លៀតពេល​សម្រាក​ការងារ​ជា​គ្រូបង្រៀន​ឯកជន បាន​ផ្ដើមគំនិត​បើក​ទីផ្សារ​អន​ឡាញ ដើម្បី​ប្រមូល​ទិញ​សម្ភារ​ប្រើប្រាស់​មួយចំនួន​ដែល​ធ្វើ​ពី រពាក់ ឫស្សី និង​ផ្ដៅ​ជាដើម​ប្រហែល ១៥ មុខ​មានដូចជា ធុងសំរាម គម្រប​គ្រប​អាហារ កន្ត្រក​ដាក់​ខោអាវ ថូផ្កា និង​សម្ភារ​ប្រើប្រាស់​ផ្សេងៗ ច្រើន​មុខ​ទៀត ដែលជា​ទូទៅ​មាននៅ​ស្រុក​អង្គរធំ ស្រុក​បន្ទាយស្រី ស្រុក​ពួក ស្រុក​សូទ្រនិគម​។ 


 
​ឆ្លើយតប​ក្នុង​បទ​សម្ភាស​តាម​ទូរ​សព្ទ​ជាមួយ ThmeyThmey25 ពី​កន្លែង​សិប្បកម្ម​ធ្វើ​ពីរ​ពាក់​ដោយផ្ទាល់ លោក​បាន​ឲ្យ​ដឹងថា​៖«​ជា​មធ្យម​ពលរដ្ឋ​ដែល​ប្រក​បរបរ​នេះ​អាច​ទទួល​ប្រាក់ចំណូល​ត្រឹម ២​ម៉ឺន​រៀល​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ ហើយ​ត្រូវ​ចំណាយពេល​យូរ​ក្នុងការ​ទៅរក​រពាក់​ដើម្បី​យកមក​ធ្វើ​»​។​
 
​ដោយឡែក​សម្រាប់​ទីផ្សារ​ក្នុងស្រុក​វិញ លោក​បាន​ឲ្យ​ដឹងថា ផលិតផល​ដែល​គាត់​យកមក​លក់​ភាគច្រើន​អ្នក​ដែល​ទិញ​ទៅ​គឺ​យកទៅ​ប្រើប្រាស់​ក្នុង​ហាង ហើយ​សម្រាប់​ពលរដ្ឋ​ទូទៅ​នៅ​មិនទាន់​ចាប់អារម្មណ៍ ដោយសារ​ពួកគាត់​មិនទាន់​យល់ច្បាស់​ពី​អត្ថប្រយោជន៍​នៃ​ការប្រើប្រាស់​ផលិតផល​ជាមួយ​ការប្រើប្រាស់​ផលិតផល​ក្នុងស្រុក​នៅឡើយ ប៉ុន្តែ​សម្រាប់​ទីផ្សារ​ខាងក្រៅ​ស្រុក​វិញ​មាន​ឈ្មួញ​ដែល​មកពី​ថៃ​ចុះមក​ទិញ​ក្នុង​មួយ​សប្ដាហ៍ ២​ដង​ហើយ​យ​តម្លៃ​ដែល​ទទួលបាន​គឺ​សមរម្យ​នូវ​ផលិតផល​ដែល​ធ្វើ​ពី រពាក់ ឫស្សី និង​ផ្ដៅ​នេះ​។ 
 
​យ៉ាងណាមិញ ទាំង​អ្នក​ផលិត និង​ឈ្មួញកណ្ដាល​បាន​សូម​ណូ​ម​ពរ​ដល់​ពលរដ្ឋ​ខ្មែរ​ងាក​មកប្រើប្រាស់​ផលិតផល​ក្នុងស្រុក​អោយបាន​ច្រើន ដើម្បី​ជួយ​លើកស្ទួយ​ផលិតផល​ខ្មែរ បង្កើត​ឱកាស​ការងារ​ដល់​ពល​រដ្ឋ​ក្នុងស្រុក និង​អាច​កាត់បន្ថយ​ការប្រើប្រាស់​សម្ភារ​ធ្វើ​ពី​ប្លា​ស្ទិ​ក និង​ជ័រ​បាន​ទៀតផង​៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com