ជាតិ
ជប៉ុន ផ្តល់អគារ៤ជាន់មានតម្លៃជាង១៩លានដុល្លារ ឱ្យមន្ទីរពេទ្យបង្អែកខេត្តសៀមរាប រូបភាពពីមន្ទីរសុខាភិបាលខេត្តសៀមរាប
× សៀមរាប៖ រាជរដ្ឋាភិបាលកម្ពុជា បានព្រមព្រៀងទទួលយកជំនួយឥតសំណង់ពីរាជរដ្ឋាភិបាលជប៉ុន ដើម្បីសង់អគារមួយខ្នងដែលមានតម្លៃប្រមាណ១៩,៨លានដុល្លារ បម្រើសេវាព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ អគារនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រីកសេវាព្យាបាលជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប និងតំបន់ជុំវិញ។
ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោក ក្រុស សារ៉ាត់ បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យថា អគារដែលជាជំនួយរបស់ប្រទេសជប៉ុននេះ មានកម្ពស់៤ជាន់ អាចទទួលអ្នកជំងឺបាន២២០គ្រែ ដែលគ្រោងចាប់ផ្តើមដំណើរការសាងសង់អំឡុងដើមឆ្នាំ២០២១ ក្នុងរយៈពេល២២ខែ។
រូបភាពពីមន្ទីរសុខាភិបាលខេត្តសៀមរាប
លោកប្រធានមន្ទីរបញ្ជាក់ថា អគារថ្មីនេះ ជាអគារសម្រាប់ជំងឺសង្គ្រោះបន្ទាន់ និងផ្នែកឯកទេសវះកាត់ ដោយមានការបំពាក់នូវឧបករណ៍ទំនើបៗសម្រាប់ព្យាបាល។ លោក ក្រុស សារ៉ាត់ បន្ថែមថា អគារថ្មីនេះនឹងជួយពង្រីកសេវាព្យាបាលឯកទេសវះកាត់ ហើយបច្ចុប្បន្នមន្ទីរពេទ្យមានគ្រូពេទ្យឯកទេសនេះស្រាប់៕
Tag:
មន្ទីរពេទ្យបង្អែកខេត្តសៀមរាប
សុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com