អន្តរជាតិ
ម៉ាឡេស៊ី ប្រាប់​ប្រមុខ UN ពី​អនីត្យានុកូលភាព​របស់​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​
02, Aug 2020 , 7:29 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ម៉ាឡេស៊ី បានធ្វើ​កំណត់​ទូត​ផ្លូវការ​មួយ​ទៅកាន់​អគ្គលេខាធិការដ្ឋាន​អង្គការសហប្រជាជាតិ (UN) ពី​ជំហរ​របស់​ម៉ាឡេស៊ី​លើ​តំបន់​មាន​វិវាទ​សមុទ្រ​ចិន​ខាងត្បូង​។ ម៉ាឡេស៊ី បាន​ប្រាប់​អង្គការសហប្រជាជាតិ​អំពី​សកម្មភាព​ខុសច្បាប់ (​អនីត្យានុកូលភាព​) របស់​ចិន នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង ដែល​ម៉ាឡេស៊ី និង​បណ្តា​សមាជិក​អាស៊ាន​ផ្សេងទៀត មាន​សិទ្ធិ​គ្រប់គ្រង តែ​ត្រូវបាន​ចិន​បំពាន​។


 
​រដ្ឋាភិបាល​របស់លោក​នាយករដ្ឋមន្ត្រី  Muhyiddin Yassin នៅ​ថ្ងៃទី​២៩ ខែកក្កដា​កន្លងទៅ បានធ្វើ​កំណត់​ទូត​មួយ ទៅកាន់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក Antonio Guterres ដោយបាន​ជំទាស់​ការទាមទារ​រប​ស់​រដ្ឋាភិបាល​ចិន​លើ​តំបន់​ស្ទើរតែ​ទាំងស្រុង​នៃ​សមុទ្រ​ចិន​ខាងត្បូង​តាម​សិទ្ធិ​ប្រវត្តិសាស្ត្រ ឬ​សិទ្ធិ​អធិបតេយ្យ​របស់ខ្លួន​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន South China Morning Post​។​
 
​តាមរយៈ​កំណត់​ទូត​នោះ ម៉ាឡេស៊ី បាន​កត់សម្គាល់ថា ការទាមទារ​របស់​ចិន​បាន​ផ្ទុយទៅនឹង​អនុសញ្ញា​ស្តីពី​ច្បាប់​សមុទ្រ​របស់​អង្គការសហប្រជាជាតិ ហើយ​ក្នុង​ជំហរ​រដ្ឋាភិបាល​ម៉ាឡេស៊ី ការទាមទារ​លើ​តំបន់​ពាក់ព័ន្ធ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​របស់​ចិន យោងតាម​ច្បាប់​អន្តរជាតិ មិនមាន​នីត្យានុកូលភាព​នោះទេ​។ នេះ​តាម​ប្រភពព័ត៌មាន​ដដែល​ខាងលើ​។ 
 
​ទោះបីជា​ជំហរ​នេះ មិនមែនជា​រឿង​ថ្មី​របស់​ម៉ាឡេស៊ី និង​សម្រាប់​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ក៏ដោយ នេះ គឺជា​កំណត់​ទូត​ដែល​ផ្ញើ​ទៅកាន់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​។ ពោលគឺ នេះ គឺជា​លិខិតផ្លូវការ​មួយ ដែល​អាចជា​ផ្នែក​មួយ​សម្រាប់​ដាក់​សម្ពាធ និង​ទម្លាក់​មុខមាត់​រដ្ឋាភិបាល​ចិន ក្នុង​វេទិកា​អន្តរជាតិ ជាពិសេស​នៅក្នុង​វេទិកា​អង្គការសហប្រជាជាតិ ដែល​ចិន គឺជា​សមាជិក​ដ៏​មាន​ឥទ្ធិពល​មួយ​ស្រាប់​នៅ​ទីនោះ​។​
 
​អ្វីដែល​គួរកត់សម្គាល់​នោះ នៅ​ខែ​ចុងខែ​ឧសភា​កន្លងទៅ ឥណ្ឌូណេស៊ី បានធ្វើ​កំណត់​ទូត​ស្រដៀង​គ្នា​នេះ ទៅកាន់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ផងដែរ​។ ពេលនោះ ឥណ្ឌូណេស៊ី បានប្រកាស​ខ្លួន​ថា​មិនមែនជា​ភាគី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នោះទេ តែ​ឥណ្ឌូណេស៊ី បាន​ប្រាប់​ភាគី​ចិន​កុំ​ឲ្យ​លូកលាន់​ក្នុង​អធិបតេយ្យ​ខ្លួន ដែលជា​ផ្នែក​មួយ​នៃ​សមុទ្រ​ចិន​ខាងត្បូង​របស់​ឥណ្ឌូណេស៊ី​។ ឥណ្ឌូណេស៊ី ក៏បាន​ទទូច​ឲ្យ​ចិន​គោរព​ច្បាប់​អន្តរជាតិ និង​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង​ឆ្នាំ​២០១៦​ផងដែរ​។​
 
​គួរ​ជម្រាប​ផងដែរ​ថា សមុទ្រ​ចិន​ខាងត្បូង គឺជា​ដែនសមុទ្រ​មួយ​ដែលមាន​ជាប់​វិវាទ​រវាង​រដ្ឋ​អាស៊ាន និង​ចិន​។ រដ្ឋ​អាស៊ាន ដែល​រួមមាន​ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម បានទាមទារ​គ្រប់គ្រង​តំបន់​មួយចំនួន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​តាមច្បាប់​អន្តរជាតិ ខណៈ បានទាមទារ​ស្ទើរតែ​ទាំងស្រុង​នៃ​តំបន់​វិវាទ​នេះ ច្បាប់​អន្តរជាតិ​។​
 
​តាម​ការទាមទារ​តំបន់​ត្រួត​លើ​គ្នា ហើយ​ប្រើប្រាស់​ប្រភព​ភ័ស្តុតាង​ផ្ទុយគ្នា​នេះ ធ្វើ​ឲ្យ​វិវាទ​អធិបតេយ្យ នៅតែ​បន្ត​គ្មាន​យន្តការ​ដោះស្រាយ​មួយ​ជាក់លាក់ និង​ជា​ញឹកញាប់​មានការ​ប្រឈមមុខ​ផ្នែក​ការទូត​ដាក់គ្នា​៕ 
 
 

Tag:
 ​ចិន​
  ម៉ាឡេស៊ី​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com