ជាតិ
ក្រសួងបរិស្ថានមានឧទ្យានុរក្សជាង១២០០នាក់
× ភ្នំពេញ៖ ទិវាឧទ្យានុរក្សពិភពលោក ត្រូវបានប្រារព្ធឡើងនូវថ្ងៃទី៣១ កក្កដា ចាប់តាំងពីឆ្នាំ២០០៧មកម្ល៉េះ ប៉ុន្តែកម្ពុជាទើបតែប្រារព្ធទិវាមួយនេះ បានរយៈពេល៣ឆ្នាំប៉ុណ្ណោះ គឺចាប់ពីឆ្នាំ២០១៧ ដោយក្រសួងបរិស្ថាន និងមានការចូលរួមពីបណ្ដាស្ថាប័នពាក់ព័ន្ធ អង្គការអន្តរជាតិ និងពលរដ្ឋផងដែរ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការក្រសួងបរិស្ថាន។
បើតាមក្រសួងបរិស្ថានដដែល ទិវាឧទ្យានុរក្ស ត្រូវបានប្រារព្ធឡើងដើម្បីលើកទឹកចិត្តដល់មន្ត្រីឧទ្យានុរក្សដែលបានលះបង់ទាំងកម្លាំងកាយចិត្តក្នុងការបំពេញកាតព្វកិច្ចការពារសម្បត្តិធនធានធម្មជាតិនៅតាមតំបន់ការពារធម្មជាតិនានាក្នុងប្រទេសកម្ពុជា។ លើសពីនោះ ក៏មានបំណងលើកកម្ពស់ការយល់ដឹងដល់សាធារណៈជនទាំងអស់ពីតួនាទីដ៏សំខាន់របស់មន្ត្រីឧទ្យានុរក្សផងដែរ។ មួយវិញទៀត ក្រសួងក៏ចង់ជំរុញ ឲ្យពលរដ្ឋទាំងអស់ចូលរួមជាមួយមន្ត្រីឧទ្យានុរក្សក្នុងការថែរក្សាធម្មជាតិដែលមានឲ្យនៅឋិតថេរ និងប្រកបដោយនិរន្តរភាព។
លោក នេត្រ ភក្រា អ្នកនាំពាក្យក្រសួងបរិស្ថាន មន្ត្រីឧទ្យានុរក្សមានតួនាទីសំខាន់ក្នុងការអភិរក្ស និងការពារធនធានធម្មជាតិ។ មន្ត្រីឧទ្យានុរក្ស មានបេសកម្មការពារធម្មជាតិ ដោយការដើរល្បាតក្នុងតំបន់ការពារធម្មជាតិយ៉ាងយកចិត្តទុកដាក់ ដើម្បីឲ្យច្បាស់ថាធនធានធម្មជាតិ និងសត្វព្រៃត្រូវបានការពារ ដោយការកាប់បំផ្លាញ និងបរបាញ់ជាដើម។ អ្នកនាំពាក្យរូបនេះបានលើកឡើងដូច្នេះថា៖«ខ្ញុំយល់ថាធនធានធម្មជាតិរបស់យើងអាចនៅគង់វង្សហើយការពារបានល្អប្រសើរនៅពេលនេះ គឺដោយសារតែតួនាទីមន្ត្រីឧទ្យានុរក្ស។ មន្ត្រីឧទ្យានុរក្ស បានលះបង់សព្វបែបយ៉ាងទាំងអស់ ពួកគាត់ចូលទៅក្នុងព្រៃ ធ្វើដំណើរឆ្លងកាត់តំបន់ដែលមានគ្រោះថា្នក់ និងឧបសគ្គ ឡើងភ្នំ ចុះទឹក ពេលខ្លះត្រូវសែងម៉ូតូ ត្រូវសម្រាកក្នុងព្រៃ ដើម្បីតាមដានទៅលើបទល្មើសដែលបានកើតឡើង»។ លោក បានបន្តថា ក្រៅពីនោះ មន្ត្រីឧទ្យានុរក្ស ក៏បានទប់ស្កាត់ និងបង្ក្រាបបទល្មើសដោយការដោះអន្ទាក់ ដកហូតកាំភ្លើងកែច្នៃ និងចុះអប់រំដល់ប្រជាសហគមន៍តំបន់ការពារធម្មជាតិ និងប្រជាសហគមន៍មូលដ្ឋានផងដែរ។
អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានថ្លែងអំណរគុណចំពោះមន្ត្រីឧទ្យានុរក្ស និងក្រុមគ្រួសារ ដែលបានអនុញ្ញាត និងការលះបង់ ដើម្បីថែរក្សាធម្មជាតិ ទោះបីត្រូវប្រឈមអាយុជីវិតក៏ដោយ ប៉ុន្តែមន្ត្រីឧទ្យានុរក្សបានលះបង់សព្វបែបយ៉ាងទាំងអស់សម្រាប់បុព្វហេតុបរិស្ថាន និងធនធានធម្មជាតិ។
សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានមន្ត្រីឧទ្យានុរក្សចំនួន១២៦០នាក់ ស្ថិតក្រោមការគ្រប់គ្រងដោយក្រសួងបរិស្ថាន ហើយតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះទាំងអស់មានចំនួន ៦៩កន្លែងដូចជា ឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់ប្រើប្រាស់ដោយរូបភាព តំបន់រ៉ាមសារ របៀងអភិរក្សជីវចម្រុះ ដែលមានផ្ទៃដីប្រមាណ៧,៣លានហិកតា។ រយៈពេល ៦ខែ ឆ្នាំ២០២០ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្ស នៃក្រសួងបរិស្ថានបានចុះល្បាតចំនួន ១៣ ៨០៤លើក និងបានបង្ក្រាបបទល្មើសបាន ៣៦៨៩ ហើយបញ្ជូនសំណុំរឿងទៅតុលាការបានចំនួន ៣២៩ករណី រឹបអូសរណាយន្តបានចំនួន ២៥៧៨គ្រឿង និងផាកពិន័យអន្តរកាលចំនួន៤៣៣ករណី៕
Tag:
បរិស្ថាន
ធនធានធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com