ជាតិ
​សហគមន៍​ជី​ផាត​ពង្រឹង​វិធានការ​សុវត្ថិភាព​អនាម័យ និង​ត្រៀម​ទទួលភ្ញៀវ​នៅ​ថ្ងៃ​សម្រាក​សង​ចូលឆ្នាំ​
03, Aug 2020 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សហគមន៍​អេកូ​ទេសចរ​ជី​ផាត កំពុង​ត្រៀមខ្លួន​ក្នុងការ​ស្ដារ​ភ្ញៀវទេសចរ​ឡើងវិញ ក្នុង​ថ្ងៃ​ឈប់សម្រាក​ខាងមុខនេះ​។ លោក អន សុវណ្ណ ប្រធាន​សហគមន៍​ជី​ផាត បាន​ប្រាប់​សារព័ត៌មាន Thmeythmey25 តាម​ទូរ​សព្ទ​ថា សហគមន៍​កំពុង​រៀបចំ​បរិស្ថាន និង​កន្លែង​ការ​ស្នាក់នៅ​ឱ្យបាន​ស្អាត សម្រាប់​ថ្ងៃ​ឈប់សម្រាក​ជំនួស​ថ្ងៃ​ចូលឆ្នាំ ពីថ្ងៃ​១៧ ដល់​២១​សីហា​ខាងមុខ​។  ក្រៅពីនេះ សហគមន៍​នេះ ក៏​កំពុង​រៀបចំ​សម្ភារ​មួយចំនួន​ដូចជា​កង់ និង​ទូក​កៃ​យ៉ាក់​សម្រាប់អ្នកទេសចរ​ផងដែរ​។

 
 
​លោក អន សុវណ្ណ អះអាង​ទៀតថា វិធានការ​សុ​វត្តិភាព ការបិទ​ផ្ទាំង​ផ្សព្វផ្សាយ ការ​វាស់​កម្ដៅ និង​ការណែនាំ​ភ្ញៀវទេសចរ ពី​ការរក្សា​គម្លាត​សុវត្ថិភាព ក៏​នឹងត្រូវ​អនុវត្ត​ផងដែរ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​


 
​មកដល់ពេលនេះ កន្លែង​ស្នាក់នៅ និង​បឹង​កា​ឡូ នៅ​សហគមន៍​ជី​ផាត ត្រូវបាន​ភ្ញៀវ​កក់​ពេញ​អស់​ទៅហើយ​។ នេះ​បើតាម​លោក អន សុវណ្ណ ដោយ​លោក​បន្ត​ដោយ​សង្ឃឹមថា ថ្ងៃ​ឈប់សម្រាក​ខាងមុខ សហគមន៍​ជី​ផាត នឹងមានរ​ភ្ញៀវទេសចរ​ច្រើន​ឡើងវិញ ក្រោយ​ធ្លាក់ចុះ​យ៉ាងខ្លាំង តាំងពី​ដើមឆ្នាំ​២០២០​មក​។ 


 
​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត មាន​សក្តានុពល​ទេសចរណ៍​ចំនួន​១៥​កន្លែង និង​មាន​សម្រស់​ពី​ធម្មជាតិ​ស្អាតៗ​។ ប៉ុន្តែ​អំឡុង​វិបត្តិ​កូ​វីដ​-១៩  ទេសចរ​នៅ​សហគមន៍​ជី​ផាត បាន​ធ្លាក់ចុះ​រហូតដល់​៩៥ ភាគរយ​៕


 រូបភាពពីលោក អន សុវណ្ណប្រធានសហគមន៍អេកូទេសចរណ៍ជីផាត

© រក្សាសិទ្ធិដោយ thmeythmey.com