អន្តរជាតិ
ប្រមុខ​ការទូត​ចិន ៖ ចិន​នឹង​ធ្វើការ​ជាមួយ​អាស៊ាន​រក្សា​សមុទ្រ​ចិន​ខាងត្បូង ជា​សមុទ្រ​សន្តិភាព និង​មិត្តភាព​
03, Aug 2020 , 8:29 am        
រូបភាព
រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី ។ រូបភាព CGTN
រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី ។ រូបភាព CGTN
ដោយ:
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង នៅ​ថ្ងៃទី​៣១ ខែកក្កដា កន្លងទៅ បាន​បើក​កិច្ចពិភាក្សា​ទ្វេភាគី​ជាមួយនឹង​រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា​ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំងពីរ និង​បញ្ហា​ក្នុង​តំបន់​។ ក្រុង​ប៉េកាំង តាម​ជំនួប​នេះ បាន​ឆ្លៀត​ព្រមាន​ប្រទេស​ខាងក្រៅ​កុំ​ឲ្យ​លូកលាន់​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ខណៈ​ប្តេជ្ញា​ជាមួយនឹង​ក្រុង​ហ្សា​ការ​តា រួមគ្នា​ធ្វើការ​ជាមួយ​អាស៊ាន​បង្ក​សន្តិភាព និង​កិច្ចសហប្រតិបត្តិការ​ស្អិតល្មួត​ក្នុង​តំបន់​។

 
​នា​កិច្ចប្រជុំ​ដែល​ធ្វើឡើង​តាមរយៈ​សន្និសីទ​វីដេអូ លោក​រដ្ឋមន្ត្រីការបរទេស​ចិន Wang Yi បាន​ប្រាប់​សម​ភាគី​ឥណ្ឌូណេស៊ី លោកស្រី Retno Marsudi ថា ប្រទេស​ទាំងពីរ​គួរតែ​ធ្វើការ​ជាមួយគ្នា​លើ​កិច្ចសហប្រតិបត្តិការ​ជាច្រើន នៅពេលដែល​វិបត្តិ Covid-19 បញ្ចប់​។ ជាពិសេស​នោះ លោក បាន​រំលេច​ពី​កិច្ចសហប្រតិបត្តិការ​ដែល​ត្រូវធ្វើ​ក្នុង​ក្របខណ្ឌ​អាស៊ាន​។​
 
​តាម​ការចុះផ្សាយ​របស់ South China Morning Post នា​រយៈ​វេទិកា​ដដែល​នេះ ប្រមុខ​ការទូត​ចិន បាន​លើក​ពី​ភាព​តានតឹង​របស់ខ្លួន​ជាមួយនឹង​អាមេរិក ដោយបាន​បន្ថែមថា​ប្រទេស​ពាក់ព័ន្ធ មិនគួរ​ត្រូវបាន​បង្ខំ​ឲ្យ​ប្រកាន់យក​ភាគី​ណាមួយ​រវាង​ចិន និង​អាមេរិក​នោះទេ​។ ចំពោះមុខ​ឥណ្ឌូណេស៊ី ដែលជា​រដ្ឋ​ចាស់ទុំ​ជាងគេ​មួយ​នៅ​អាស៊ាន ប្រមុខ​ការទូត​ចិន បាន​ចោទ​អាមេរិក ថា ជា​ចំណែក​ធំ​បំផុត​មួយ នៃ​ការបំផ្លាញ​ទំនាក់ទំនង​អន្តរជាតិ​។ 
 
​សម្រាប់​ប្រមុខ​ការទូត​ចិន​រូបនេះ ក្នុងនាម​ជា​មហាអំណាច​តែមួយ​របស់​ពិភពលោក អាមេរិក មិន​ត្រឹមតែ​បាន​បោះបង់​ការទទួលខុសត្រូវ និង​ការ​កាតព្វកិច្ច​អន្តរជាតិ​ប៉ុណ្ណោះ​នោះទេ ក៏ប៉ុន្តែ​ថែម​បានដាក់​ទណ្ឌកម្ម​ជា​លក្ខណៈ​ឯកតោភាគី​ប្រឆាំងនឹង​បណ្តា​ប្រទេស​ផ្សេងទៀត ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់​អន្តរជាតិ​ទៀតផង​។​
 
​លោក Wang ឆ្លៀតឱកាស​នោះ ក៏បាន​រំលេច​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ដែលជា​បញ្ហា​មួយ​ហាក់​កំពុងមាន​ភាព​តានតឹង​ក្របខណ្ឌ​ក្នុង​តំបន់ និង​ក្រៅ​តំបន់​។ លោក បាន​អះអាងថា ចិន នឹងធ្វើ​ការ​ជាមួយ​ប្រទេស​អាស៊ាន ដើម្បី​រក្សា​សមុទ្រ​ចិន​ខាងត្បូង ជា​សមុទ្រ​សន្តិភាព និង​សមុទ្រ​មិត្តភាព​។​
 
​គួរ​ជម្រាប​ថា ចិន គឺជា​ដៃគូ​មួយ​ដ៏​សំខាន់​របស់​អាស៊ាន​ក្នុង​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ ហើយក៏​ជា​ដៃគូ​ប្រជែង​មួយ​របស់​បណ្តា​ប្រទេស​អាស៊ាន​មួយចំនួន​ក្នុង​ក្របខណ្ឌ​នៃ​វិវាទ​សមុទ្រ​ចិន​ខាងត្បូង​៕ 
 
 

Tag:
 ចិន​
  អាមេរិក​
  ឥណ្ឌូណេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com