អន្តរជាតិ
ឪពុក​ជា​មហាសេដ្ឋី​លំដាប់​ទី​៣​នៅ​ម៉ាឡេស៊ី ប៉ុន្តែ​កូន​រីករាយ​ក្នុង​ជីវិត​ជា​ព្រះសង្ឃ​ពុទ្ធសាសនា​
02, Aug 2020 , 8:29 pm        
រូបភាព
ដោយ: ធីតា
​លោក Ananda Krishnan អាយុ​៨១​ឆ្នាំ ជា​អ្នកវិនិយោគ​ផ្នែក​ទូរគមនាគមន៍ បណ្តាញ​ផ្សព្វផ្សាយ និង​សេវាកម្ម​ទាក់ទង​នឹង​ប្រេង​-​ឧស្ម័ន ដ៏​ជោគជ័យ​នៅ​ម៉ាឡេស៊ី ហើយ​បច្ចុប្បន្ន​ជា​មហាសេដ្ឋី​លំដាប់​ទី​បី​នៅក្នុង​ប្រទេស​ដែលមាន​ទ្រព្យសម្បត្តិ​ជាង​៦​ពាន់​លាន​ដុល្លារ​អាមេរិក​។ ទោះបីជា​យ៉ាងណាក៏ដោយ កូនប្រុស​តែមួយ​របស់គាត់ មិនបាន​ចាប់អារម្មណ៍​លើ​ទ្រព្យសម្បត្តិ​មហាសាល​នេះឡើយ ប៉ុន្តែ​បែរ​រីករាយ​ក្នុង​ជីវិត​ជា​ព្រះសង្ឃ​ក្នុង​ពុទ្ធសាសនា​ទៅវិញ​។​

 
​ជាង​២០​ឆ្នាំ​មកហើយ ដែល​កូនប្រុស​របស់​មហាសេដ្ឋី Ananda Krishnan រួមជាមួយ​ភរិយា​ជនជាតិ​ថៃ បាន​បួស​ជា​ព្រះសង្ឃ​ក្នុង​ព្រះពុទ្ធសាសនា ហើយ​មិនដែល​បង្ហើប​ពី​ការចាកចេញ​ពី​ព្រះ​ផ្នួស​វិញ​នោះឡើយ​។ ប្រសូត​នៅ​ទីក្រុង​ឡុង​ដ៍ ព្រះអង្គ Siripanyo ទទួលបាន​ការអប់រំ​បែប​ទំនើប​នៅ​ចក្រភព​អង់គ្លេស ហើយ​អាចនិយាយបាន​ទៅដល់​៨​ភាសា​។ 
 
 
​ក្រោយ​ចាក​ចេញពី​អង់គ្លេស Siripanyo មិនបាន​នៅ​សោយសុខ​ទ្រព្យសម្បត្តិ​របស់​ឪពុកម្តាយ រួមជាមួយ​ប្អូនស្រី​ពីរ​នាក់​ទៀតឡើយ ប៉ុន្តែ​បែរជា​ជ្រើសរើស​ការ​បួស​ជា​ព្រះសង្ឃ​តាំងពី​អាយុ​១៨​ឆ្នាំ​មក ដោយ​រស់នៅ​យ៉ាង​សាមញ្ញ​ក្នុងព្រៃ​នៅ​ប្រទេស​ថៃ​។ បច្ចុប្បន្ន ព្រះអង្គ​គង់​ជា​អចិន្ត្រៃយ៍​នៅ​វត្ត Dtao Dam ព្រំដែន​ថៃ​-​មី​យ៉ាន់​ម៉ា ក្នុងភូមិ​សាស្ត្រ​ឧទ្យាន​ជាតិ Saiyok នៃ​ខេត្ត Kanchanaburi​។ 


 
​ហេតុអ្វី​បានជា​ព្រះអង្គ Ajahn Siripanyo ជ្រើសរើស​ផ្លូវ​បែបនេះ​? ទោះបីជា​យ៉ាងណាក៏ដោយ ព្រះអង្គ​មិនដែល​ពន្យល់​ឲ្យ​បាន​ច្បាស់​នោះឡើយ ដោយ​គ្រាន់តែ​លើកឡើង​ពី​ឧបនិស្ស័យ​របស់ខ្លួន​ក្នុង​ពុទ្ធចក្រ​ប៉ុណ្ណោះ​។ ទោះបីជា​យ៉ាងណាក៏ដោយ សារព័ត៌មាន South China Morning Post បានបង្ហាញ​ពី​ហេតុផល​មួយចំនួន ដែល​នាំ​ឲ្យ​កូនមហា​សេដ្ឋី​ម៉ាឡេស៊ី​អង្គ​នេះ សម្រេចចិត្ត​មិន​ប្រឡូក​ក្នុង​ពិភព​អាណាចក្រ​។​
 
​ការចូល​បួស​ក្នុង​អាយុ​១៨​ឆ្នាំ ជា​ចំណុច​ចម្បង​មួយ ដែល​បង្ហាញថា ព្រះអង្គ Siripanyo មាន​ឧបនិស្ស័យ​ក្នុង​ព្រះពុទ្ធសាសនា​តាំងពី​វ័យក្មេង​។ ដំបូង​ឡើយ គ្រាន់តែ​ជាការ​សាកល្បង​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយមក ព្រះអង្គ​បាន​ស្គាល់​កាន់តែច្បាស់​ពី​តម្លៃ​នៃ​ជីវិត និង​ការរស់នៅ​ដោយ​សុខ​ស្ងប់​ក្នុង​ភេទ​ជា​បព្វជិត​។​
 


 
​តាម​ការស្រាវជ្រាវ​រប​ស់ South China Morning ម្តាយ​ព្រះអង្គ Siripanyo គឺ​អ្នកស្រី Momwajarongse Suprinda Chakraban ជាប់​ឈាមជ័រ​ក្នុង​សែ​រាជវង្ស​ថៃ ដែល​នេះ​ជាហេតុ​ផល​មួយ​ផងដែរ​ក្នុងការ​ទាក់ទាញ​ព្រះអង្គ​ឲ្យ​ចូល​បួស​ក្នុង​ព្រះពុទ្ធសាសនា​។​
 
​ការអប់រំ​នៅ​អង់គ្លេស និង​ការចេះ​និយាយ​ដល់​ទៅ​៨​ភាសា ទាំងនេះ​បង្ហាញថា ព្រះអង្គ​មាន​ទស្សនៈវិស័យ​ខ្ពស់​ក្នុងការ​ជ្រើសរើស​ផ្លូវ​ដើរ​ក្នុង​ជីវិត​ដោយ​ខ្លួនឯង ហើយ​ព្រះអង្គ​យល់​យ៉ាងច្បាស់​ពី​ការអប់រំ​ក្នុង​ព្រះពុទ្ធសាសនា​។ បន្ថែម​ពីលើ​នេះ ព្រះអង្គ​ក៏​នៅតែ​ទទួលបាន​កម្លាំងចិត្ត​ពី​អ្នកមានគុណ ពោលគឺ​ឪពុក​របស់ខ្លួន​។​
 
​លោក Ananda Krishnan គឺជា​មហាសេដ្ឋី​លំដាប់​ទី​បី​នៅ​ម៉ាឡេស៊ី ដែលមាន​ទ្រព្យសម្បត្តិ​ជាង​៦​ពាន់​លាន​ដុល្លារ​អាមេរិក បន្ទាប់ពី​លោក Robert Kuok Hock Nien (​ជាង​១១.៥​ពាន់​លាន​ដុល្លារ​អាមេរិក​) និង​លោក Quek Leng Chan (​ជិត​១០​ពាន់​លាន​ដុល្លារ​អាមេរិក​)៕
 
 
 

Tag:
 ពុទ្ធសាសនា​
© រក្សាសិទ្ធិដោយ thmeythmey.com