ជាតិ
សំណង់អគារ និងវត្តបុរាណ មានចំណែកទាក់ទាញទេសចរទៅកាន់ក្រុងបាត់ដំបង
× បាត់ដំបង៖ ស្ថាបត្យកម្មសំណង់អគារសល់ពីសម័យបារាំង និងវត្តអារាមចំណាស់ៗជាច្រើន គឺជាផ្នែកធំមួយ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកកម្សាន្តខេត្តបាត់ដំបង។ នេះបើតាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបង។
បើតាមមន្ទីរទេសចរណ៍ខេត្ត សំណង់ល្បីៗដែលសេសសល់រហូតមកដល់សព្វថ្ងៃមាន អតីតអគារសាលាខេត្តបាត់ដំបង សាងសង់ក្នុងឆ្នាំ១៩០៥ និងស្ពានចំណាស់មូយកន្លែងដែលត្រូវបានសាងសង់កាត់ស្ទឹងសង្កែនៅឆ្នាំ១៩១៧។ ក្រៅពីនេះមានផ្សារណាត់ ផ្ទះលក់ទំនិញជាច្រើនត្រូវបានសាងសង់ជាល្វែងខណ្ឌ ផ្ដាច់ពីគ្នាដោយផ្លូវកាត់ទទឹង និងវត្តអារាមដទៃជាច្រើនទៀត។
ក្រៅតែពីសំណង់បេតិកភណ្ឌទាំងនេះ ក្រុងបាត់ដំបង មានសារមន្ទីរ ដែលដាក់តាំងបង្ហាញវត្ថុសិល្បៈ សិលាចារិក ព្រះបដិមាករ និងបំណែកថ្មផ្សេងៗ ដែលសេសស់តាំងពីសម័យបុរេប្រវត្តិរហូតដល់សម័យអង្គរ និងបើកឱ្យសាធារណជនចូលទស្សនាដោយឥតគិតថ្លៃ។ នេះបើតាម មន្ទីរទេសចរណ៍។
ទោះបីសម្បូរដោយទីតាំងទេសចរណ៍វប្បធម៌ និងបេតិកភណ្ឌក៏ដោយ វិបត្តិកូវីដ-១៩ បានរំខានដំណើរកម្សាន្តរបស់អ្នកទេសចរទៅកាន់ខេត្តមួយនេះ។ លោកស្រី ចឹក សុភ័ក្រ ប្រធានការិយាល័យរមណីយដ្ឋានទេសចរណ៍ប្រចាំខេត្តបាត់ដំបង បានប្រាប់សារព័ត៌មានថ្មីៗ ២៥តាមទូរសព្ទថា ការធ្លាក់ចុះភ្ញៀវទេសចរយ៉ាងគំហុក ធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋមួយចំនួនដែលពឹងផ្អែកទាំងស្រុងលើវិស័យទេសចរណ៍ដែរ។
គួរបញ្ជាក់ផងដែរថា ខេត្តបាត់ដំបង គឺជាខេត្តសក្ដានុពលទេសចរណ៍មួយ ក្នុងចំណោមខេត្តជាច្រើនទៀតដូចជាសៀមរាប ព្រះសីហនុ កំពតជាដើម។ ខេត្តនេះ មានតំបន់ទេសចរណ៍សរុប៥២កន្លែង បែងចែកចេញជាតំបន់ទេសចរណ៍ធម្មជាតិ តំបន់ទេសចរណ៍បែបកែឆ្នៃ និងតំបន់ទេសចរណ៍បែបប្រវត្តិសាស្ត្រ៕
© រក្សាសិទ្ធិដោយ thmeythmey.com