COVID-19
អន្តរជាតិ
​ពលរដ្ឋ​ខ្មែរ​នៅ​ថៃ​អាចទាក់ទង​ទៅ​ស្ថានទូត បើ​មាន​បញ្ហា​ប្រឈម ខណៈ​ថៃ​បន្ត​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​
02, Aug 2020 , 4:02 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
​ភ្នំពេញ​៖ រដ្ឋាភិបាល​ថៃ បានប្រកាស​បន្ត​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​រយៈពេល​១​ខែ​បន្ថែមទៀត ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០ ដើម្បី​បង្ការ និង​ទប់ស្កាត់​ពី​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​គឺ​ការពារ​ពី​ការឆ្លង​ជំងឺ​នេះ​ក្នុង​រលក​ទី​២ ហើយ​នាំ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​សង្គមជាតិ​កាន់តែខ្លាំង​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ។


​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បានបញ្ជាក់​ផងដែរ​ថា ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ថៃ​ទាំងអស់​ត្រូវ​បន្ត​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ថៃ លើ​ការ​អនុវត្តតាម​វិធានការ​របស់​រដ្ឋាភិបាល​ថៃ​ឲ្យ​ខ្ជាប់ខ្ជួន និង​សកម្ម លើ​ការរក្សា​សុខភាព​អនាម័យ ដើម្បី​បង្ការ ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ បន្តទៀត​។ 
 
​បន្ថែមទៀត​នោះ ប្រសិនបើ​ពលរដ្ឋ​ទាំងអស់​មាន​បញ្ហា​ប្រឈម​ណាមួយ អាច​ទំនាក់ទំនង​ទៅកាន់​លេខ​ទូរ​សព្ទ ០៩២ ៨០៥០ ៥៦១ ផ្នែក​កុងស៊ុល សម្រាប់​សិស្ស និស្សិត និង ០៩៤ ០៩២៥ ៩០៥ ផ្នែក​ពលករ ឬ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​។​
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០២០ ប្រទេស​ថៃ​មាន​អ្នកជំងឺ​កូ​វីដ​-១៩​សរុប​ចំនួន​៣២៩៧​ករណី អ្នកជា​សះស្បើយ​មាន​ចំនួន​៣១១១​នាក់ និង​ស្លាប់​៥៨​នាក់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com