COVID-19
អន្តរជាតិ
រដ្ឋ Victoria របស់អូស្ត្រាលី ប្រកាសដាក់រដ្ឋក្នុងស្ថានភាពគ្រោះមហន្តរាយ ប្រជាជនអូស្រ្តាលី ឈរតម្រង់ជួរទិញឥវ៉ាន់ ក្នុងក្រុង Melbourne នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២០។ រូបភាព៖ AFP
× រដ្ឋ Victoria អូស្ត្រាលី នៅថ្ងៃទី២ ខែសីហា បានប្រកាសដាក់រដ្ឋក្នុងស្ថានភាពគ្រោះមហន្តរាយ (State of Disaster) និងដាក់បម្រាមគោចរលើទីក្រុង Melbourne។ វិធានការថ្មី និងតឹងរឹងនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋ Victoria បន្តហក់ឡើងករណីឆ្លង COVID-19។
បម្រាមបិទក្រុងMelbourne រយៈពេល ៦សប្តាហ៍ បានកន្លងផុតហើយ ប៉ុន្តែករណីឆ្លងនៅក្នុងរដ្ឋ Victoria មិនមានសភាពថមថយឡើយ។ នៅថ្ងៃទី២ ខែសីហា រដ្ឋ Victoria បានរាយការណ៍ថា មានករណីឆ្លង COVID-19 ចំនួន៦៧១ករណី និងស្លាប់៧ករណី។ ជាពិសេស ករណីឆ្លងជាសហគមន៍កាន់តែកើនឡើង និងមានករណីមិនដឹងប្រភពឆ្លងច្រើន។
ពាក់ព័ន្ធការកើនឡើងករណីឆ្លងបែបនេះ នាយករដ្ឋមន្ត្រីរដ្ឋVictoria លោក Daniel Andrews បានសម្រេចដាក់រដ្ឋ ក្នុងស្ថានភាពគ្រោះមហន្តរាយ និងដាក់បម្រាមគោចរលើទីក្រុង Melbourne យ៉ាងតឹងរឹងបំផុត ដើម្បីទប់ស្កាត់ COVID-19។ ទីក្រុងMelbourne នឹងស្ថិតក្រោម «ការរឹតត្បិតកម្រិត៤»។
បើតាមការប្រកាសលោកនាយករដ្ឋមន្ត្រីVictoria ការដាក់រដ្ឋក្នុងស្ថានភាពគ្រោះមហន្តរាយនេះ នឹងផ្តល់អំណាចដល់ប៉ូលិសបន្ថែមទៀត ដើម្បីធានាថា ប្រជាជននឹងគោរពតាមស្តង់ដារសុខាភិបាល និងវិធានការរបស់រដ្ឋាភិបាល។
ចំណែកបម្រាមគោចរវិញ វានឹងប្រព្រឹត្តទៅចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ៥ព្រឹក។ បម្រាមគោចរដ៏តឹងរឹងមួយនេះ នឹងចាប់អនុវត្តចាប់ពីម៉ោង៦ល្ងាច [ម៉ោងក្នុងស្រុកអូស្ត្រាលី] ក្នុងថ្ងៃទី២ ខែសីហា ទៅលើប្រជាជន Melbourne ដែលមានជិត ៥លាននាក់។ យ៉ាងណាក៏ដោយ វិធានការនេះ ក៏មានករណីលើកលែងដែរ សម្រាប់ករណីចាំបាច់របស់ប្រជាជន ដូចជាទៅធ្វើការ ទិញម្ហូបអាហារ ការថែទាំសុខភាព និងហាត់ប្រាណជាដើម។ បន្ថែមពីលើនេះ នៅក្នុងម៉ោងនៃបម្រោមគោចរ មធ្យោបាយធ្វើដំណើរទាំងអស់ ត្រូវកាត់បន្ថយ។
ជាមួយគ្នានេះ ការហាត់ប្រាណអនុញ្ញាតតែ ១ម៉ោងប៉ុណ្នោះ ក្នុងមួយថ្ងៃ ក្នុងចម្ងាយ៥ គីឡូម៉ែត្រពីផ្ទះ និងមនុស្សពីរនាក់ អាចហាត់ប្រាណជាមួយគ្នា។ លើសពីនេះ ប្រជាជនមិនអនុញ្ញាតឲ្យទៅឆ្ងាយពីផ្ទះលើសពី៥ គីឡូម៉ែត្រនោះទេ លើកលែងតែមានករណីចាំបាច់។ ក្នុងមួយគ្រួសារ អាជ្ញាធរអនុញ្ញាតឲ្យមនុស្សតែម្នាក់ប៉ុណ្ណោះទៅទិញម្ហូបអាហារ។
សម្រាប់សិស្សសាលានៅក្នុងទីក្រុងវិញ ត្រូវរៀនតាមអនឡាញ ចាប់ពីថ្ងៃទី៥ ខែសីហាតទៅ។ ដោយឡែកភោជនីយដ្ឋានវិញ អាជ្ញាធរ មិនអនុញ្ញាតឲ្យមានការបរិភោគនៅក្នុងហាងឡើយ លើកលែងតែខ្ចប់យកមកផ្ទះ ឬតាមការដឹកជញ្ជូន។
សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី២ ខែសីហា អូស្ត្រាលីមាន COVID-19 សរុបចំនួន ១៧៨៩៥ករណី អ្នកស្លាប់មានចំនួន ២០៨នាក់ និងអ្នកជាសះស្បើយមានចំនួន ១០២០៤នាក់៕
Tag:
អូស្ត្រាលី
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com