ជាតិ
​ពលរដ្ឋ​ម្នាក់​ភូមិភាគ​ឦសាន​ចិញ្ចឹម​ឃ្មុំ រហូតដល់​រកបាន​ទី​ផ្សារ​នៅ​ជប៉ុន​
03, Aug 2020 , 9:29 am        
រូបភាព
ដោយ:
​លោក ធូ តាំង​ហេង ជា​កសិដ្ឋាន​ទឹកឃ្មុំ​ភូមិភាគ​ឦសាន ដែលមាន​ទីតាំង​ស្ថិតនៅ​ស្រុក​បរ​កែវ ខេត្តរតនគិរី​។ រយៈពេល​៦​ឆ្នាំ​ហើយ ដែល​លោក តាំង​ហេង ចាប់ផ្តើម​ចិញ្ចឹម​ឃ្មុំ​។ ម្ចាស់​កសិដ្ឋាន​រូបនេះ បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey25 តាម​ទូរ​សព្ទ​ថា នៅក្នុង​រយៈពេល​៣​ឆ្នាំ​ដំបូង លោក​មិនបាន​ជោគជ័យ​លើ​របរ​នេះឡើយ ដោយសារតែ​លោក​មិនទាន់​យល់​អស់ពី​បច្ចេកទេស​ចិញ្ចឹម​។ ទោះជា​បរាជ័យ​ច្រើនដង ប៉ុន្តែ​លោក តាំង​ហេង មិនបាន​បោះបង់​របរ​ដែល​ខ្លួន​ស្រឡាញ់​នេះឡើយ​។-- 
 
​ធ្វើ​បណ្តើរ រៀន​បណ្តើរ ទោះ​បរាជ័យ ក៏​លោក​ចាត់ទុក​វា​ជា​ពិ​សោ​ន៍​។ នេះ​បើតាម​លោក តាំង​ហេង ដែល​បាន​បន្ត​ប្រាប់ Thmeythmey 25 ថា​លោក​បាន​បន្ថែម​ពី​បច្ចេកទេស​ចិញ្ចឹម​ឃ្មុំ​នេះ តាមរយៈ​សារព័ត៌មាន និង​បង្រៀន​ពី​បច្ចេកទេស​ក្នុងការ​ចិញ្ចឹម​ឃ្មុំ​ពី​ក្រសួងកសិកម្ម រហូត​ធ្វើ​ឲ្យ​លោក​យល់ដឹង​ពី​បច្ចេកទេស​ចិញ្ចឹម​ច្បាស់ និង​ទទួលបាន​លទ្ធផល​ល្អ​ក្នុងការ​ចិញ្ចឹម​ដូច​បច្ចុប្បន្ន​។​


លោក ធូ តាំងហេង ម្ចាស់កសិដ្ឋានទឹកឃ្មុំភូមិភាគឦសាន

​ជាទូទៅ លោក​ប្រមូល​ផល​ឃ្មុំ​នៅ​រដូវប្រាំង នៅ​ខែមេសា និង​ខែឧសភា ដែលជា​ពេល​ទឹកឃ្មុំ​គុណភាព​ល្អ ហើយក៏​មានតម្លៃ​ខ្ពស់​ផងដែរ​។ នេះ​បើតាម លោក ធូ តាំង​ហេង​ដែល​បាន​បន្តថា ក្នុង​មួយឆ្នាំ កសិដ្ឋាន​ចិញ្ចឹម​ឃ្មុំ​របស់លោក អាច​ផលិត​ទឹកឃ្មុំ​បាន​ពី ៥០ ទៅ ១០០​តោន ហើយ​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ស្រុក និង​ភាគច្រើន​នាំ​ចេញទៅ​ប្រទេស​ជប៉ុន ដែល​លោក​មាន​កុងត្រា​ជាមួយ​ក្រុមហ៊ុន​ឯកជន​នៅ​ទីនោះ​។  
 

ទឹកឃ្មុំរបស់កសិដ្ឋានទឹកឃ្មុំភូមិភាគឦសាន 
​ប៉ុន្តែ​នៅក្នុង​ឆ្នាំ​២០២០​នេះ វិបត្តិ​កូ​វីដ​-១៩ ធ្វើ​ឲ្យ​ក្រុមហ៊ុន​នៅ​ជប៉ុន បាន​ផ្អាក​ទិញ​ទឹកឃ្មុំ ពី​កសិដ្ឋាន​លោក​បណ្តោះអាសន្ន ដូច្នេះ​លោក​ផលិត​សម្រាប់តែ​ការផ្គត់ផ្គង់​នៅក្នុង​ស្រុក​តែប៉ុណ្ណោះ​។  លោក ធូ តាំង​ហេង បញ្ជាក់​ដូច្នេះ​៖«​ក្នុងអំឡុងពេល​វិបត្តិ​កូ​វីដ​-១៩ នេះ​បានធ្វើ​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​បាន​ឲ្យ​កសិដ្ឋាន​លោក ផ្អាក​បណ្ដោះអាសន្ន​ក្នុង​ការផលិត​ទឹកឃ្មុំ​ដើម្បី​នាំចេញ​ទៅ​ជប៉ុន​ក៏ពិតមែន ប៉ុន្តែ​ប្រជាជន​កម្ពុជា ក៏​ងា​កមក​ប្រើ​ផលិតផល​ក្នុងស្រុក​ច្រើន​ដែរ​»​។ 


 រូបភាពពីកសិដ្ឋានទឹកឃ្មុំភូមិភាគឦសាន

​ដ្បិត​មិន​បញ្ជាក់​ពី​ចំណូល​ជាក់លាក់​ដែល​ទទួលបាន​ពី​ការចិញ្ចឹម​ឃ្មុំ​នេះ ប៉ុន្តែ​លោក ធូ តាំង​ហេង ថា​ទឹកឃ្មុំ​មាន​ទីផ្សារ​ល្អ ទោះ​ចង្អៀត​បន្តិច ខណៈដែល​ពលរដ្ឋ​ខ្មែរ កាន់តែច្រើន​ងាក​មកប្រើប្រាស់ ទឹកឃ្មុំ​ដែល​ផលិត​ក្នុងស្រុក​។ លោក ធូ តាំង​ហេង រំពឹងថា ទឹកឃ្មុំ​នៅ​កសិដ្ឋាន​របស់លោក នឹង​ទទួលបាន​ការបញ្ជាទិញ​កាន់តែច្រើន ហើយ​ពេលនោះ​មកដល់ លោក​នឹង​ពង្រីក​ការចិញ្ចឹម​ដែរ ដើម្បី​ផ្គត់ផ្គង់​ឲ្យ​គ្រប់​តម្រូវការ​៕




 
 
 

Tag:
 រតនគិរី ឃ្មុំ​
© រក្សាសិទ្ធិដោយ thmeythmey.com