ជាតិ
​ព្យុះ​ស៊ីន​ឡា​គូ អាច​បង្ក​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​នៅ​ខេត្ត​ជាប់​សមុទ្រ និង​តំបន់ភ្នំ​
02, Aug 2020 , 5:59 pm        
រូបភាព
ព្យុះ SINLAKU ស៊ីនឡាគូ មានប្រភពមកពីសមុទ្រចិនខាងត្បូង នឹងបោកបក់មកលើប្រទេសកម្ពុជា
ព្យុះ SINLAKU ស៊ីនឡាគូ មានប្រភពមកពីសមុទ្រចិនខាងត្បូង នឹងបោកបក់មកលើប្រទេសកម្ពុជា
ដោយ:
​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២០​នេះ ព្យុះ​ស៊ីន​ឡា​គូ មាន​ប្រភព​មកពី​សមុទ្រ​ចិន​ខាងត្បូង នឹង​បោកបក់​មកលើ​ប្រទេស​កម្ពុជា ដែល​ធ្វើឱ្យ​ស្ថានភាព​អាកាសធាតុ​នៅ​ទូទាំងប្រទេស​មាន​ភ្លៀង​ធ្លាក់​ខ្លាំង និង​អាចមាន​ជំនន់​ទឹកភ្លៀង​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចេញផ្សាយ​នៅ​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២០​។​

 
​បើតាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម បណ្ដា​ខេត្ត​ដែល​នៅជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន នឹងមាន​ភ្លៀង​ធ្លាក់​ខ្លាំង និង​កើន​ឡើងជា​បន្តបន្ទាប់ ហើយ​អាច​ប្រឈម​ខ្ពស់​ទៅនឹង​ជំនន់​ទឹកភ្លៀង​។ ចំណែកឯ​បណ្ដា​ខេត្ត​ដែល​នៅជាប់​មាត់សមុទ្រ​វិញ ក៏​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ខ្លាំង ព្រមទាំង​មាន​ខ្យល់​បោកបក់ និង​រលក​សមុទ្រ​ខ្ពស់ៗ​។​
 
​ជាមួយគ្នានេះ រដ្ឋបាលខេត្ត​ព្រះសីហនុ​ក៏​ចេញ​សេចក្ដីជូនដំណឹង​ផងដែរ​ថា ឥទ្ធិពល​ព្យុះ​ទី​៣ ស៊ីន​ឡា​គូ​(SINLAKU) នេះ នឹងធ្វើ​ឲ្យ​ខេត្ត​ព្រះសីហនុ​មាន​ភ្លៀង​ធ្លាក់​ច្រើន​អាច​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង (Flash Flood) ជាមួយនឹង​ខ្យល់​បក់បោក​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ​។ ដូច្នេះ រយៈពេល​៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៥ ខែសីហា ប្រជាពលរដ្ឋ ពិសេស​ភ្ញៀវទេសចរ និង​អ្នក​ប្រកប​របរ​នេសាទ​ទាំងអស់ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​ផ្អាក​ការធ្វើដំណើរ​តាមផ្លូវ​ទឹក ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ដែល​កើតឡើង​ជាយថាហេតុ​។ 
 
​សេចក្ដីជូនដំណឹង​រប​ស់​រដ្ឋបាលខេត្ត​ព្រះសីហនុ​ដដែល​ក៏បាន​បញ្ជាក់ថា អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ បន្ត​យកចិត្តទុកដាក់​តាមដាន​ស្ថានភាព​ទូទៅ ជួយ​ផ្សព្វផ្សាយ អប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ និង​ត្រៀមខ្លួន​អន្តរាគមន៍ លើ​បញ្ហា​នានា​កើតឡើង​ចំពោះមុខ​។​
​ដោយឡែក​ខេត្ត​ដទៃទៀត អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម​។ ក្រសួង​ធនធានទឹក និង​ឧតុ​និ​ម​យម អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ជាពិសេស​ប្រជា​នេសាទ និង​អ្នក​ដែល​ធ្វើដំណើរ​តាម​សមុទ្រ​៕
 

Tag:
 អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com