ជាតិ
តុលាការ​ថៃ​៖ ពលរដ្ឋ​ខ្មែរ​៧១១​គ្រួសារ អាចដាក់​បណ្ដឹង​រួម ប្ដឹង​ក្រុមហ៊ុន​ស្ករ​មិត្រ​ផុល (Mitr Phol)
03, Aug 2020 , 7:59 pm        
រូបភាព
រូបឯកសារ៖ ដើមអំពៅដែលត្រូវបោះបង់ចោលក្នុងក្រុមហ៊ុន Rui Feng ក្នុងស្រុកឆែប ខេត្តព្រះវិហារ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA)
រូបឯកសារ៖ ដើមអំពៅដែលត្រូវបោះបង់ចោលក្នុងក្រុមហ៊ុន Rui Feng ក្នុងស្រុកឆែប ខេត្តព្រះវិហារ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA)
ដោយ: VOA
​ភ្នំពេញ ៖ តុលាការ​មួយ​របស់​ប្រទេស​ថៃ បានសម្រេច​ទទួលយក​អ្នកភូមិ​ខ្មែរ​រាប់រយ​គ្រួសារ ចូល​ប្ដឹង​ជា​កញ្ចប់​ប្រឆាំង​ក្រុមហ៊ុន​ស្ករស​ថៃ Mitr Phol ពាក់ព័ន្ធ​នឹង​ជម្លោះដីធ្លី​ដ៏​ហិង្សា​មួយ​ដែល​អូសបន្លាយ​ជាង​១០​ឆ្នាំ​មកហើយ​។​

 
​ក្នុង​សេចក្ដីសម្រេច​មួយ​កាលពី​ព្រឹក​ថ្ងៃ​សុក្រ សាលាឧទ្ធរណ៍​នៃ​ព្រះរាជាណាចក្រ​ថៃ បាន​យល់ព្រម​កំណត់​ទទួលស្គាល់​អ្នកភូមិ​ទាំងអស់​៧១១​គ្រួសារ មកពី​ខេត្តឧត្ដរមានជ័យ ប្រទេស​កម្ពុជា ជាដើម​បណ្ដឹង​សមូហភាព​ក្នុង​សំណុំរឿង​ប្ដឹង​ក្រុមហ៊ុន​ស្ករស​ធំ​បំផុត​ក្នុង​តំបន់​អាស៊ី​មួយ​នេះ ឱ្យទទួល​ខុសត្រូវ​ចំពោះ​ករណី​រំលោភបំពាន​ដី​ភូមិ​និង​ស្រែចម្ការ​របស់ខ្លួន ដើម្បី​យក​ដី​ដាំ​អំពៅ​ផលិត​ជា​ស្ករស​។ នេះ​បើ​យោងតាម​មេធាវី និង​ក្រុម​ការពារ​សិទ្ធិមនុស្ស​។​
 
​អ្នកនាង Sor Rattanamanee Polkla មេធាវី​ថៃ​តំណាង​អ្នកភូមិ​កម្ពុជា​ទាំង​៧១១​គ្រួសារ បាន​លើកឡើងថា ចៅក្រម​នៃ​សាលាឧទ្ធរណ៍​ថៃ បានសម្រេច​យល់ព្រម​តាម​បណ្ដឹងសុំ​ប្ដឹង​ជា​សមូហភាព​របស់​អ្នកនាង ដោយ​ច្របាច់​ចូល​ជាមួយ​បណ្ដឹង​ប្រឆាំងនឹង​ក្រុមហ៊ុន Mitr Phol​។​
 
​មេធាវី​រូបនេះ​លើកឡើងថា ការណ៍​នេះ ជួយ​អ្នកភូមិ​មិនចាំបាច់​ដាក់ពាក្យ​បណ្ដឹង​ផ្សេងៗ​គ្នា​សរុប​៧១១​បណ្ដឹង​នោះទេ តែ​អាច​ផ្ដល់​ត្រឹម​តែមួយ​បណ្ដឹង​រួម ហើយ​ប្ដឹង​ទារ​សំណង​តាម​មួយ​គ្រួសារៗ​ដែល​រង​ផលប៉ះពាល់​។ មេធាវី​រូបនេះ​បន្តថា នៅពេល​ធ្វើដំណើរ​ទៅ​ចូលរួម​សវនាការ​នៅ​ប្រទេស​ថៃ ក៏ត្រូវ​ការ​តែ​ដើមបណ្ដឹង​ពីរ​នាក់​ទៅ​ចូលរួម​អម​មេធាវី មិនបាច់​ទៅគ្រប់​គ្នា​ទេ​។​
 
 
​ក្រុមហ៊ុន​ស្ករស​ចំនួន​បី​គឺ Angkor Sugar Co. Ltd., Tonle Sugar Cane Co. Ltd., និង Cane and Sugar Valley Co. Ltd សុទ្ធ​តែមាន​ជាប់​ពាក់ព័ន្ធ​ក្នុងការ​ឈូសឆាយដី​ផ្ទះ និង​ច្បារ​ដំណាំ​អ្នកភូមិ​ដែល​បានដាក់​បណ្ដឹង​នេះ កាលពី​ឆ្នាំ​២០០៨ និង​ឆ្នាំ​២០០៩​។ តំណាង​អ្នកភូមិ​ខ្លះ​ត្រូវបាន​ចាប់​ដាក់ពន្ធនាគារ​ថែម​ទៀតផង​។​
 
«​បញ្ហាសំខាន់​ដែល​យើង​ផ្ដោត​នោះ គឺ​យើង​មាន​ភស្ដុតាង​គ្រប់គ្រាន់​ក្នុងការ​បញ្ជាក់​ទំនាក់ទំនង​រវាង​ក្រុមហ៊ុន Mitr Phol និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ទាំងបី​នៅ​កម្ពុជា​នេះ​»​។  នេះ​ជាការ​លើកឡើង​របស់​មេ​ធា​វី​ជនជាតិ​ថៃ​អ្នកនាង Sor Rattanamanee Polkla​។​
 
​តំណាង​ក្រុមហ៊ុន Mitr Phol នៅ​កម្ពុជា បដិសេធ​មិន​ផ្ដល់​អត្ថាធិប្បាយ​លើ​សំណុំ​រឿងនេះ​ទេ​។ ស្ត្រី​ជា​បុគ្គលិក​មួយរូប​ដែល​បាន​លើក​ទូរស័ព្ទ​បាន​ប្រាប់ថា ការិយាល័យ​នៅ​កម្ពុជា​បច្ចុប្បន្ន​របស់​ក្រុមហ៊ុន​នេះ គឺ​សម្រាប់តែ​ការចែក​ចាយ​លក់​ស្ករស ហើយ​បញ្ជាក់ថា ក្រុមហ៊ុន​ពុំមាន​ដំណាំ​ដាំ​អំពៅ​នៅ​កម្ពុជា​ទៀតឡើយ​។​
 
​ក្រុមហ៊ុន Mitr Phol បាន​បិទ​ចម្ការ​អំពៅ​ទាំងអស់​នៅ​កម្ពុជា​ត្រឹម​ឆ្នាំ​២០១៥​។ នេះ​បើ​យោងតាម​លោក អៀង វុទ្ធី នាយក​ប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា ដែល​ជួយ​ប្រជាពលរដ្ឋ​ក្នុងករណី​ជម្លោះដីធ្លី​នេះ​។​
 
​លោក​មានប្រសាសន៍ថា​៖ «​អ៊ីចឹង គាត់​បាន​ដកចេញ​ហើយ ។ អ៊ីចឹង​គាត់​ព្យាយាម​ដោះដៃ ដើម្បីឱ្យ​រួចផុត​ពី​កាតព្វកិច្ច ជាក់ស្ដែង​។ គាត់​អត់​រួច ដោយសារ​នៅ​ស្រុកថៃ គឺ​គេ​មានច្បាប់​ដោះស្រាយ​ឆ្លងដែន អ៊ីចឹង​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ក្នុងការ​ដាក់ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ថៃ​»​។​
 
​លោក​បន្ថែមថា​៖ «​យើង​គិតថា ទីមួយ​ករណីនេះ​អាចជា​ករណី​ដំបូង នៅ​ប្រទេស​ថៃ និង​ក៏ដូចជា​នៅ​អាស៊ីអាគ្នេយ៍​យើង​ដែរ ដែល​ប្រជាពលរដ្ឋ​ប្រទេស​ផ្សេងទៀត អាច​ប្រើ​យន្តការ​ច្បាប់នីតិវិធី​ឆ្លងដែន ដែល​ពលរដ្ឋ​ប្រទេស​ផ្សេងទៀត​អាច​ប្រើប្រាស់​យន្ដការ​នេះ​បាន​»​។​
 
​ដើមបណ្ដឹង​ពីរ​នាក់​ដែលជា​តំណាង​ត្រូវ​ទៅ​ចូលរួម​សវនាការ​នៅ​ប្រទេស​ថៃ​នោះ​គឺ​អ្នកស្រី ហូ​យ ម៉ៃ និង​លោក ស្មិ​ន តិ​។ VOA មិនអាច​ទាក់ទង​អ្នក​ទាំងពីរ​សុំ​ការបំភ្លឺ​បានទេ​នៅ​ថ្ងៃ​សុក្រ​នេះ​។  តែ​អ្នកស្រី​ហូ​យ ម៉ៃ​ត្រូវបាន​ស្រង់​សម្ដី​ក្នុង​កំណត់​ផ្សាយ​មួយ​របស់​អង្គការ​សមធម៌​កម្ពុជា​យ៉ាង​ដូច្នេះ​ថា​៖
 
«​សេចក្ដីសម្រេច​នេះ​ផ្ដល់ឱ្យ​យើង​នូវ​ក្ដីសង្ឃឹម​ថ្មី​មួយ​។ ក្រុមហ៊ុន​មី​ត្រ​ផុល (Mitr Phol) មិនអាច​ព្រងើយកន្ដើយ​ចំពោះ​យើង​ទៀត​ទេ​។ វា​មាន​រយៈពេល​ជាង​ដប់ឆ្នាំ​ហើយ ចាប់តាំងពី​ក្រុមហ៊ុន​បាន​បំផ្លិចបំផ្លាញ​ផ្ទះសម្បែង​របស់ខ្ញុំ ហើយ​ទន្ទ្រាន​យក​ដីធ្លី​របស់ខ្ញុំ​។ អ្វី​គ្រប់យ៉ាង​ដែល​ខ្ញុំ​បានធ្វើ​ត្រូវបាន​បំផ្លាញចោល​»​។​
 
​អ្នក​ទាំងពីរ​បាន​ប្ដឹង​ក្រុមហ៊ុន Mitr Phol ទារ​សំណង​ការខូចខាត​សរុប​៧​លាន​បាត​(២២​ម៉ឺន​ដុល្លារ​អាមេរិក​) ដែល​នេះ​មិនទាន់​រាប់បញ្ចូល​ដើមបណ្ដឹង​៧០៩​នាក់​ផ្សេងទៀត ក្នុង​បណ្ដឹង​រួម​នេះ​ផង​។ នេះ​បើ​យោងតាម​កញ្ញា​មេធាវី Sor Rattanamanee Polkla ដែល​បាន​បន្ថែមថា បន្ទាប់​ពីនេះ ដំណាក់កាល​សវនាការ​នឹង​ចាប់ផ្ដើម​។​
 
​លោក ជិន ម៉ា​លីន រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​កម្ពុជា បាន​លើកឡើងថា  រដ្ឋាភិបាល​គោរព​ជម្រើស​ទៅរក​យុត្តិធម៌​របស់​ពលរដ្ឋ​ដែល​ជ្រើស​យក​ប្រព័ន្ធតុលាការ​ថៃ​។ តុលាការ​ថៃ​មាន​យុត្តាធិការ​លើ​ទង្វើ​របស់​ក្រុមហ៊ុន​ថៃ​នៅក្រៅ​ប្រទេស​។ 
 
​នៅពេល​ត្រូវបាន​សួរ​អំពី​លទ្ធភាព​ចំណាត់ការ​នៅ​តុលាការ​កម្ពុជា  លោក​បាន​បង្វែរ​ឱ្យទៅ​សួរ​តុលាការ តែ​លោ​កថា​៖
 
«​ព្រោះ​អីយើ​ង​ផ្អែកលើ​ដំណើរការ​នីតិវិធីតុលាការ​ថៃ ហើយ​សន្និដ្ឋាន​ឱ្យ​អ្នកណា​ខុស អ្នកណា​ត្រូវ​យ៉ាងម៉េច​កើត បើ​តុលាការ​ថៃ​មិនទាន់​សម្រេច​ដល់​អង្គហេតុ​យ៉ាងម៉េច​។ អ៊ីចឹង​មិនទាន់​ចូលដល់​អង្គសេចក្ដី អ្នកណា​ខុស អ្នកណា​ត្រូវ ត្រូវ​ទទួលខុសត្រូវ​យ៉ាងម៉េច​អី​យ៉ាងម៉េច​ផង​។  អ៊ីចឹង​យើង​យកមក​សន្និដ្ឋានថា​អានេះ​ខុស អានេះ​ត្រូវ ហើយ​តុលាការ​ខ្មែរ​គួរ​ចាត់ការ​យ៉ាងម៉េច វា​ម៉េច​ទាន់​អាចធ្វើ​ការសន្និដ្ឋាន​កើត​?»
 
​សេចក្តីប្រកាស​ព័ត៌មាន​ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ​របស់​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា រួមមាន​អង្គការ​សមធម៌​កម្ពុជា អង្គការ​លីកាដូ សមាគម​អាដហុក និង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ជាដើម ដែល​ជួយ​អ្នករងគ្រោះ បាន​ឲ្យ​ដឹងថា កាលពី​ឆ្នាំ​២០១៥ គណៈកម្មការ​សិទ្ធិមនុស្ស​ជាតិ​ថៃ បាន​រកឃើញថា  ក្រុមហ៊ុន​មិត្រ​ផុល «​ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​ការទន្ទ្រាន​ដីធ្លី និង​បាន​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​កែតម្រូវ​និង​ដោះស្រាយ​ផលប៉ះពាល់​»​។​
 
​អង្គការ​ទាំងនោះ​បញ្ជាក់ថា​៖ «​រហូតមកដល់​ពេលនេះ  ក្រុមហ៊ុន​បាន​បដិសេធ​យ៉ាង​ដាច់អហង្ការ​ក្នុងការ​ផ្តល់​សំណង​តាម​រូបភាព​ណាមួយ​ក៏ដោយ​ដល់​ក្រុមគ្រួសារ​កម្ពុជា​ចំពោះ​ការបំផ្លិចបំផ្លាញ​ដែល​ខ្លួន​បាន​បង្ក​ឡើងដល់​ជីវិត​រស់នៅ​របស់​ពួកគាត់​»​។​
 
​បើតាម​អង្គការ​សង្គម​ស៊ីវិល មិត្រ​ផុល គឺជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ស្ករស​ដ៏​ធំ​បំផុត​នៅក្នុង​តំបន់ និង​មាន​អតិថិជន​ដែលជា​ម្ចាស់​ម៉ាក​យីហោ​ល្បី​ធំៗ​មួយចំនួន​នៅលើ​ពិភពលោក ដែល​ក្នុងនោះ​រួមមាន​ក្រុមហ៊ុន Nestle កូកាកូឡា និង​ប៉ិ​ប​ស៊ី​ជាដើម​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com