កីឡាជាតិ
ជាតិ
​ម៉ាត់ នូ​រុណ កាន់តែ​លេចធ្លោ​នៅ​បឹងកេត រីឯ​ស្វាយរៀង​បន្ត​កំណត់ត្រា​មិន​ស្គាល់​ចាញ់​
03, Aug 2020 , 11:32 am        
រូបភាព
កីឡាករ ម៉ាត់ នូរុណ ពេលប្រកួតជាមួយក្រុមអគ្គិសនីកម្ពុជា, រូបភាពផ្តល់ដោយ​ CNCC
កីឡាករ ម៉ាត់ នូរុណ ពេលប្រកួតជាមួយក្រុមអគ្គិសនីកម្ពុជា, រូបភាពផ្តល់ដោយ​ CNCC
ដោយ:
​ប្រយុទ្ធ​វ័យក្មេង​របស់​បឹងកេត ម៉ាត់ នូ​រុណ បង្ហាញ​ភាពលេច​ធ្លោ​គួរ​ឲ្យ​ចាប់អារម្មណ៍ តាមរយៈ​ការរក​គ្រាប់​បាល់​បានជា​បន្តបន្ទាប់​សម្រាប់​ការបង្ហាញ​ខ្លួន​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​នេះ​។ ជាក់ស្តែង​នា​ជំនួប​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គជា​មួយក្រុម​អគ្គិសនី​កម្ពុជា រូបគេ សម្រេចបាន​៣​គ្រាប់​ម្នាក់ឯង​(Hat-Trick)​ក្នុង​ជ័យជម្នះ ៤-២ របស់​បឹងកេត​។ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​បន្ត​គ្រង​កំពូល​តារាង​ប្រចាំ​សប្តាហ៍​ទី​១០ ជាមួយ​កំណត់ត្រា​មិនទាន់​ស្គាល់​ចាញ់​។

 
​ខ្សែប្រយុទ្ធ ម៉ាត់ នូ​រុណ រកបាន​៣​គ្រាប់​ម្នាក់ឯង ជួយ​ឲ្យ​បឹងកេត​យកឈ្នះ​អគ្គិសនី​កម្ពុជា ៤-២ នា​ជំនួប​សប្តាហ៍​ទី​១០​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​។ ជ័យជម្នះ​នេះ ជួយ​ឲ្យ​បឹងកេត​បន្ត​ឈរ​លេខ​រៀង​ទី​២​មាន​២៣​ពិន្ទុ ពោលគឺ​ចាញ់​ក្រុម​កំពូល​តារាង​ព្រះខ័ន​រាជ​ស្វាយរៀង​តែ​ពីរ​ពិន្ទុ​ប៉ុណ្ណោះ​។ 
 
​នា​ការប្រកួត​នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា​កាលពី​ថ្ងៃអាទិត្យ ទី​២ សីហា ឆ្នាំ​២០២០ ខ្សែប្រយុទ្ធ ម៉ាត់ នូ​រុណ បា​នរក​គ្រាប់​បាល់​នាំមុខ ១-០ ឲ្យ​ភ្ញៀវ​បឹងកេត​នៅ​១៥​នាទី​ដំបូង​ក្នុង​តង់​ទី​១​។ ការប្រកួត​ដំណើរការបាន​ជាង​១០​នាទី​កីឡាករ ចន្ថា ច​ន្ធា​កា បានសម្រេច​គ្រាប់​បាល់​តាម​ស្មើ ១-១ ឲ្យ​ម្ចាស់ផ្ទះ​អគ្គិសនី​កម្ពុជា ដែល​ធ្វើ​ឲ្យ​ការប្រកួត​កាន់តែ​មាន​ភាព​ទាក់ទាញ​។ 
 
​ឈានដល់​នាទី​៣៥​កីឡាករ សៀន សុភ​ក្ត្រា បន្ថែម​១​គ្រាប់​ទៀត ដើម្បី​បង្កើន​ការនាំ​មុខ ២-១ សម្រាប់​ក្រុម​ម្ចាស់ផ្ទះ​។ លទ្ធផល​នេះ​បាន​រក្សា​រហូត​ចប់​ការប្រកួត​តង់​ទី​១​។ ការប្រកួត​តង់​ទី​ពីរ​ដំណើរការ​មិនបាន​១​នាទី​ស្រួលបួល​ផង​ខ្សែប្រយុទ្ធ​វ័យក្មេង សៀង ច​ន្ធា សម្រេចបាន​គ្រាប់​បាល់​តាម​ស្មើ ២-២ ឲ្យ​ភ្ញៀវ​បឹងកេត​។ បន្ទាប់មក​ខ្សែប្រយុទ្ធ ម៉ាត់ នូ​រុណ បន្ថែម​ពីរ​គ្រាប់​ជា​បន្តបន្ទាប់​នៅ​នាទី​៥៦ និង​៦៦ ដើម្បី​បង្កើន​ការនាំ​មុខ ៤-២ សម្រាប់​បឹងកេត​។ ក្រុម​ទាំងពីរ​បាន​រក្សា​លទ្ធផល​នេះ​រហូត​ចប់​ការប្រកួត​។​
 
​ដោយឡែក ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​បន្ត​បង្ហាញ​ភាពខ្លាំង​របស់ខ្លួន តាមរយៈ​ការបន្ត​គ្រង​កំពូល​តារាង​ប្រចាំ​សប្តាហ៍​ទី​១០​ជាមួយ​កំណត់ត្រា​មិនទាន់​ស្គាល់​ចាញ់​៩​ប្រកួត​ជាប់​គ្នា​។ ការបន្ត​ឈរ​កំពូល​តារាង​របស់​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង ធ្វើឡើង​ក្រោយ​ពួកគេ​យកឈ្នះ​ក្រុម​វិសាខា ៣-២ នៅលើ​ទឹកដី​ខ្លួន​កាលពី​ថ្ងៃអាទិត្យ ទី​២ សីហា ឆ្នាំ​២០២០​។​
 
​នា​ការប្រកួត​ដែល​ធ្វើឡើង​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង កីឡាករ Mihaljevic Filip បាន​ទាត់​ប៉េ​ណា​ល់​ទី​បានសម្រេច​ដើម្បី​នាំមុខ ១-០ សម្រាប់​ភ្ញៀវ​វិសាខា​នៅ​នាទី​៣៨​។ ក្រុម​ទាំងពីរ​បាន​រក្សា​លទ្ធផល​នេះ រហូត​ចប់​តង់​ទី​១​។ ឈានដល់​តង់​ទី​ពីរ​កីឡាករ Jean Marie Privat បា​នរក​គ្រាប់​បាល់​តាម​ស្មើ ១-១ ឲ្យ​ក្រុម​ម្ចាស់ផ្ទះ​នៅ​នាទី​៧៤​។ ៤​នាទី​ក្រោយមក​កីឡាករ Kobayashi Daisuke បន្ថែម​១​គ្រាប់​ទៀត​សម្រាប់​ម្ចាស់ផ្ទះ​។ 
 
​នៅ​នាទី​ទី​៨៣​កីឡាករ Mihaljevic Filip សម្រេចបាន​គ្រាប់​ទី​ពីរ​របស់ខ្លួន ដើម្បី​តាម​ស្មើ ២-២ ឲ្យ​ក្រុម​ភ្ញៀវ​វិសាខា​។ ប៉ុន្តែ​៥​នាទី​ក្រោយមក​ខ្សែប្រយុទ្ធ Jean Marie Privat រកបាន​មួយទៀត ដើម្បី​មុខ ៣-២ សា​ជា​ស្មី​សម្រាប់​ម្ចាស់ផ្ទះ​។ ក្រុម​ទាំងពីរ​បាន​រក្សា​លទ្ធផល​នេះ​រហូត​ចប់​ការប្រកួត​។ បរាជ័យ​នេះ ធ្វើ​ឲ្យ​វិសាខា​ធ្លាក់​ពី​លេខ​រៀង​ទី​៣​មកឈរ​លេខ​រៀង​ទី​៤​បណ្តោះអាសន្ន​ដោយ​រក្សា​១៩​ពិន្ទុ​។​


 ខ្សែប្រយុទ្ធ ម៉ាត់ នូរុណ (អាវស) ព្យាយាមគ្រប់គ្រងបាល់ពីការដណ្តើមរបស់កីឡាករអគ្គិសនីកម្ពុជា

​សម្រាប់​ការប្រកួត​នៅ​ថ្ងៃអាទិត្យ​នោះដែរ ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ចែកគ្នា​ម្នាក់​១​ពិន្ទុ​ជាមួយ​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី ក្រោយ​ពួកគេ​រក្សា​លទ្ធផល​ស្មើ ១-១ រហូត​ចប់​ការប្រកួត​។ 
 
​ដោយឡែក​ការប្រកួត​កាលពី​ថ្ងៃ​សៅរ៍ ទី​១ ខែសីហា ឆ្នាំ​២០២០ ក្រុម​ណាហ្គា​វើ​ល​បាន​យកឈ្នះ​អាស៊ី​អឺរ៉ុប​ក្នុង​លទ្ធផល ៤-២​។ ជ័យជម្នះ​នេះ​ជួយ​ឲ្យ​ណាហ្គា​វើ​ល​រំកិល​ចំណាត់ថ្នាក់​ពី​លេខ​រៀង​ទី​៥​ឡើង​មកឈរ​លេខ​រៀង​ទី​៣​បណ្តោះអាសន្ន ដោយមាន​២១​ពិន្ទុ​។ ចំណែក​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន​បាន​ចែកគ្នា​ម្នាក់​១​ពិន្ទុ​ជាមួយ​សូល​ទី​ឡូ​អង្គរ ក្រោយ​ពួកគេ​ទាំងពីរ​រក្សា​លទ្ធផល​ស្មើ ២-២ នៅ​កីឡដ្ឋាន Smart R.S.N​។ ចំណែក​ការប្រកួត​នៅ​កីឡដ្ឋាន​គីរីវង់​សុខ​សែន​ជ័យ ក្រុម​កងយោធពល​ខេមរភូមិន្ទ បាន​យកឈ្នះ​ម្ចាស់ផ្ទះ​គីរីវង់​សុខ​សែន​ជ័យ ១-០​។ ក្នុងការ​ប្រកួត​នោះដែរ​អ្នកចាំទី គង់ រ៉ា​ហ្វា​ត់ ត្រូវបាន​រថយន្ត​ពេទ្យ​ដឹក​យកទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទីរពេទ្យ ក្រោយ​ត្រូវ​មួយ​កែង​របស់​កីឡាករ​កងយោធពល​ខេមរភូមិន្ទ​៕ 
 
 

Tag:
 បាល់ទាត់​
  Cambodian League 2020
© រក្សាសិទ្ធិដោយ thmeythmey.com