COVID-19
អន្តរជាតិ
ហ្វីលីពីន បិទ​ទីក្រុង​ម៉ានីល​និង​តំបន់​​ជុំវិញជាថ្មី​ចំនួន​២​សប្តាហ៍ ក្រោយ​ករណី COVID-19 កើនឡើង​
03, Aug 2020 , 12:10 pm        
រូបភាព
ពលរដ្ឋហ្វីលីពីនឈរតម្រង់ជួរចូលផ្សារទំនើបក្នុងរដ្ឋធានីម៉ានីល។ រូបភាព AFP
ពលរដ្ឋហ្វីលីពីនឈរតម្រង់ជួរចូលផ្សារទំនើបក្នុងរដ្ឋធានីម៉ានីល។ រូបភាព AFP
ដោយ:
ហ្វីលីពីន នៅ​ថ្ងៃទី​២ ខែសីហា បានប្រកាស​ចាត់វិធានកា​រ​បិទ​ទីក្រុង​ម៉ានីល និង​តំបន់​ជុំវិញ​រយៈពេល​២​សប្តាហ៍ គឺ​ចាប់ពី​ថ្ងៃទី​៤ សីហា ដល់​ថ្ងៃ​១៨​សីហា ឆ្នាំ​២០២០​។ ការចាត់វិធានការ​តឹងរ៉ឹង​សារជាថ្មី​នេះ ធ្វើឡើង​ក្រោយ​ករណី​ឆ្លង​ជំងឺ COVID-19 បាន​កើនឡើង​លើស​១​សែន​ករណី​។



​យោងតាម​លោក Harry Roque អ្នកនាំពាក្យ​ប្រធានាធិបតី ការប្រកាស​បិទ​រដ្ឋធានី​ម៉ានីល និង​ខេត្ត​ជុំវិញ​រួមមាន​Laguna Cavite Rizal និង Bulacan ទទួលបាន​ការយល់ព្រម​ពី​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ រួចហើយ​។​បន្ថែម​ពីនេះ លោក​ប្រធានាធិបតី ឌូ​ទើ​តេ ក៏បាន​យល់ព្រម​បន្ថែម​គ្រូពេទ្យ​ចំនួន​១​ម៉ឺន​នាក់ ដើម្បី​បំពេញតម្រូវការ ក៏ដូចជា​តម្លើង​ប្រាក់ឧបត្ថម្ភ​ដល់​បុគ្គលិក​គ្រូពេទ្យ​ដែល​កំពុង​ព្យាបាល​អ្នកជំងឺ​។​

​ក្នុងពេល​បិទ​ទីក្រុង​ជាថ្មី​នេះ ជំនួញ និង​ការធ្វើដំណើរ​សាធារណៈ​ត្រូវបាន​គេ​រំពឹងថា នឹង​បិទ ខណៈ​លិខិត​ចេញទៅ​ធ្វើការ និង​ចេញ​ក្រៅ​នឹង​តម្រូវ​ឲ្យ​មាន​សម្រាប់​អ្នកដំណើរ​ទាំងអស់ ព្រោះ​អាជ្ញាធរ​មានបំណង​រឹតត្បិត​បម្លាស់​ទី​របស់​ពលរដ្ឋ​ដើម្បី​កាត់បន្ថយ​ករណី​ឆ្លង COVID-19 ។ នេះ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​

​ការសម្រេច​ដាក់​វិធាន​ការបិទ​ទីក្រុង​នេះ ធ្វើឡើង​បន្ទាប់ពី​សមាគម​ក្នុងស្រុក​ចំនួន​៨០ ដែល​តំណាង​ឲ្យ​វេជ្ជបណ្ឌិត និង​អ្នក​ថែទាំ​អ្នកជំងឺ​ជាង​១​លាន​នាក់ បាន​អំពាវនាវ​ឲ្យ​មានការ​គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​។ ពួកគេ​អះអាងថា ហ្វីលីពីន កំពុងតែ​ចាញ់​ក្នុងការ​ប្រយុទ្ធ​ជំងឺ COVID-19​។​

​កាលពី​ថ្ងៃទី​២ សីហា ហ្វីលីពីន​មាន​ចំនួន​អ្នក​ឆ្លង​ថ្មី​ដល់​ទៅ​ជាង ៥​ពាន់​នាក់ ក្នុង​រយៈពេល​មួយថ្ងៃ ដែលជា​ចំនួន​ច្រើន​បំផុត​។ ដោយ​គិត​ត្រឹម​ថ្ងៃទី​៣ សីហា ហ្វីលីពីន​មាន​ករណី​ឆ្លង​ចំនួន ១០៣,១៨៥​នាក់ ចំណែកឯ​ចំនួន​អ្នកស្លាប់​មាន​ចំនួន​២,០៥៩ នាក់​។​

​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ហ្វីលីពីន​ជា​ប្រទេស​ដែលមាន​ករណី​ឆ្លង និង​ស្លាប់ លំដាប់​ទី​២ បន្ទាប់ពី​ឥណ្ឌូណេស៊ី​។ ហ្វីលីពីន ក៏​ធ្លាប់​បានដាក់​បម្រាម​យ៉ាង​តឹងរ៉ឹង​ដូចជា​បិទ​ទីក្រុង​ម៉ានីល ម្តង​ដែរ​នៅ​ពាក់កណ្តាល​ខែមីនា ប៉ុន្តែ​ចាប់ផ្តើម​បន្ធូរ​វិធានការ​រឹតត្បិត​បន្តិច​ម្តងៗ នៅ​ខែមិថុនា ក្រោយ​មាន​ផលប៉ះពាល់​សេដ្ឋកិច្ច​យ៉ាងខ្លាំងបំផុត​ក្នុង​រយៈពេល​៣០​ឆ្នាំ​ចុងក្រោយ​៕






© រក្សាសិទ្ធិដោយ thmeythmey.com