កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
Ronaldo ទិញ Bugatti តម្លៃ​១១​លាន​ដុល្លារ ក្រោយ​ជួយ Juventus លើក​ពាន Serie A
03, Aug 2020 , 7:19 pm        
រូបភាព
Cristiano Ronaldo ចំណាយលុយ ១១ លាន​ដុល្លារ​អាមេរិក​ទិញ​ឡាន​ថ្មី​ម៉ាក Bugatti Centodieci ដើម្បី​ជា​កាដូ​ឲ្យ​ខ្លួនឯង បន្ទាប់ពី​រូបគេ​បាន​ជួយ Juventus ឈ្នះ​ពានរង្វាន់ Serie A ជា​លើក​ទី​២​។ Bugatti Centodieci ជា​រថយន្ត​ទី​៤ ដែល​ផលិត​ដោយ​ក្រុមហ៊ុន Bugatti របស់ Ronaldo ក្នុងចំណោម​រថយន្ត​ទំនើបៗ​ជាង​១០​គ្រឿង​របស់គេ​ផ្សេងទៀត​។​


​ខ្សែប្រយុទ្ធ​ឆ្នើម និង​ជា​ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ ដែល​អាច​រកបាន ៣១​គ្រាប់ ក្នុងការ​ប្រកួត​លី​គ​ចំនួន​៣៣​ប្រកួត បាន​ជួយ​ក្រុម​រហស្សនាម​សេះបង្កង់​លើក​ពាន​កំពូល​អ៊ីតាលី​ក្នុង​រដូវ​កាល ២០១៩-២០ និង​ជាការ​ឈ្នះ​ពាន​លើក​ទី​២ ចាប់តាំងពី​រូបគេ​ផ្លាស់​ទៅកាន់​ក្រុម​នេះ​រយៈពេល​ពីរ​រដូវ​កាល​។​


 
​បន្ទាប់ពី​នាំ Juventus លើក​ពាន Serie A ៩​រដូវ​កាល​ជាប់​គ្នា និង​លើក​ទី​៣៦​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប Ronaldo បានសម្រេច​ជះ​លុយ ១១ លាន​ដុល្លារ​អាមេរិក​ទិញ​រថយន្ត​សេរី​ទំនើប​ចុងក្រោយ​ម៉ាក Bugatti Centodieci ដើម្បី​អបអរ​សមិទ្ធផល​ខ្លួន​។ នេះ​បើ​យោងតាម​ផ្សាយ​របស់​កាសែត Corriere della Sera​។​
 
​រថយន្ត​សេរី​ថ្មី Bugatti Centodieci នេះ ត្រូវបាន​ផលិតឡើង​តែ​ចំនួន ១០​គ្រឿង​ប៉ុណ្ណោះ​ដើម្បី​ជាការ​អបអរ​ខួប​ទី ១១០​ឆ្នាំ​របស់​ក្រុមហ៊ុន​យក្ស​បារាំង​មួយ​នេះ​។ Centodieci ភ្ជាប់​មកជា​មួយ​ម៉ាស៊ីន W16 ដែលមាន​កម្លាំង​ដល់​ទៅ ១៦០០​សេះ ជាមួយនឹង​ល្បឿន ៣៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​
  
Bugatti Centodieci បាន​ក្លាយជា​រថយន្ត Bugatti ទី​៤​របស់ Ronaldo បន្ទាប់ពី​កំពូល​កីឡាករ​បាល់ទាត់​មានទ្រព្យ​ច្រើនជាងគេ​រូបនេះ​មាន Bugatti Veyron ឆ្នាំ​២០១៦ តម្លៃ​ជាង​២​លាន​ដុល្លារ​, Bugatti Chiron ឆ្នាំ​២០១៧ តម្លៃ ២,៥​លាន​ដុល្លារ និង Bugatti La Voiture Noire តម្លៃ​ខ្ទង់​១០​លាន​ដុល្លារ​រួចមកហើយ​។​
 
​ក្រៅពី​រថយន្ត​ខាងលើ អតីត​សមាជិក​ក្រុម​បិសាច​ក្រហម Manchester United និង​ក្រុម​អធិរាជ​ស Real Madrid វ័យ​៣៥​ឆ្នាំ​រូបនេះ ក៏​ជា​ម្ចាស់​កំពូល​រថយន្ត ថ្លៃៗ​ដទៃទៀត​ដូចជា Phantom Rolls-Royce, Lamborghini Aventador, McLaren Senna, Ferrari F430, Maserati GranCabrio និង Bentley Continental GTC ជាដើម​៕


 

Tag:
 Bugatti Centodieci
  Cristiano Ronaldo
  Serie A
© រក្សាសិទ្ធិដោយ thmeythmey.com