ជាតិ
អភិបាលខេត្ត​ព្រះសីហនុ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ជៀសវាង​ការធ្វើដំណើរ​តាមផ្លូវ​ទឹក​
03, Aug 2020 , 3:12 pm        
រូបភាព
សកម្មភាពលោក គួច ចំរើន ចុះពិនិត្យស្ថានភាពទឹកក្នុងក្រុងព្រះសីហនុថ្ងៃទី៣ សីហា ២០២០។ (រូបពីទំព័រហ្វេសប៊ុករបស់លោក គួច ចំរើន)
សកម្មភាពលោក គួច ចំរើន ចុះពិនិត្យស្ថានភាពទឹកក្នុងក្រុងព្រះសីហនុថ្ងៃទី៣ សីហា ២០២០។ (រូបពីទំព័រហ្វេសប៊ុករបស់លោក គួច ចំរើន)
​ភ្នំពេញ​៖ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​និង​ជៀសវាង​ការធ្វើដំណើរ​តាមផ្លូវ​ទឹក ខណៈដែល​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​។ ការអំពាវនាវ​នេះ ធ្វើឡើង​ក្រោយពី​មាន​ករណី​ទូក​ទេសចរណ៍​មួយគ្រឿង​បាន​លិច​កាលពី​រសៀល​ថ្ងៃទី​១​សីហា នៅ​ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ​។



​នៅ​ព្រឹក​ថ្ងៃទី​៣ សីហា​ អភិបាលខេត្ត​ព្រះសីហនុ​បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា​៖ «​ព្យុះ ភ្លៀង ខ្យល់ រលក នៅ​បន្ត​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នៅឡើយ ។ សូម​ប្រជាជន​យើង និង​ភ្ញៀវទេសចរ មេត្តា​ចូលរួម​ប្រង​ប្រយ័ត្ន និង​កុំ​ធ្វើដំណើរ តាម​ទូក​កាណូត ឬ​ផ្លូវទឹក ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់​»​។​
 
​ការអំពាវនាវ​ដល់​ព​ល​រដ្ឋ​បែបនេះ គឺធ្វើឡើង​ក្រោយពី​ទូក​ទេសចរណ៍​មួយគ្រឿង​បាន​លិច​នៅ​កោះរ៉ុង ដោយសារ​បញ្ហា​អាកាសធាតុ ធ្វើ​ឲ្យ​មាន​រលក​បោក​ខ្លាំង​ទើប​បណ្ដាល​ឲ្យ​បែក​ក្ដារ​ទូក​។ ប៉ុន្តែ​អាជ្ញាធរខេត្ត​ព្រះសីហនុ​និង​ខេត្តកោះកុង​បាន​សហការគ្នា ជួយសង្គ្រោះ​ទាន់ពេល ពុំមាន​អ្នករងរបួស​និង​បាត់បង់​ជីវិត​ឡើយ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ឃាង ភា​រម្យ​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​។ 
 
​ករណី​លិច​ទូក​នោះ​ស្ថិតនៅ​ចំណុច​ក្បែរ​ច្រាំង​ភូមិ​ដើមថ្កូវ សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២០ ដោយ​ជនរងគ្រោះ​ចំនួន​១៥​នាក់ ក្នុងនោះ​មាន​ស្រី​ចំនួន​៨​នាក់ និង​បុរស​៧​នាក់ ត្រូវបាន​ជួយសង្គ្រោះ​ដោយ​ទូក​នេសាទ​ត្រី ហើយ​បាន​ដឹក​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ ដើម្បី​តាមដាន​សុខភាព​។ 
 
​បើតាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម ព្យុះ​ទី​បី​ឈ្មោះ​ស៊ីន​ឡា​គូ មាន​ប្រភព​មកពី​សមុទ្រ​ចិន​ខាងត្បូង​នឹង​បោកបក់​កាត់​ប្រទេស​កម្ពុជា ដែល​នឹងធ្វើ​ឱ្យមាន​ភ្លៀង​ធ្លាក់​ច្រើន និង​ខ្យល់​បោកបក់​ខ្លាំង​។ 
 
​ជាមួយគ្នានេះដែរ រដ្ឋបាលខេត្ត​ព្រះសីហនុ​ក៏បាន​ចេញ​សេចក្ដីជូនដំណឹង​ដែរ​ថា ស្ថានភាព​អាកាសធាតុ​នៅ​ខេត្ត​ព្រះសីហនុ ចាប់ពី​ថ្ងៃទី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២០​នេះ នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន​ហើយ​អាច​ប្រឈម​ខ្ពស់​នឹង​ជំនន់​ទឹកភ្លៀង រួមជាមួយ​នឹង​ខ្យល់​បក់បោក​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់​។​
 
​អាជ្ញាធរខេត្ត​បាន​អំពាវនាវ​ដល់​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន​ដោយ​ជលយាន ភ្ញៀវទេសចរ ប្រជាពលរដ្ឋ និង​ប្រជា​នេសាទ​ទាំងអស់ សូម​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​ផ្អាក​ធ្វើដំណើរ​តាម​សមុទ្រ​ប្រសិនបើ​គ្មាន​ការចាំបាច់​៕
 
​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៥ ខែសីហា​នេះ កម្ពុជា​កំពុងរង​ឥទ្ធិពល​​ព្យុះ​ស៊ីន​ឡា​គូ ដែលមាន​ប្រភព​មកពី​សមុទ្រ​ចិន​ខាងត្បូង​។ ព្យុះ​នេះ​នឹង​បោកបក់​មកលើ​ប្រទេស​កម្ពុជា ធ្វើឱ្យ​ស្ថានភាព​អាកាសធាតុ​នៅ​ទូទាំងប្រទេស មាន​ភ្លៀង​ធ្លាក់​ខ្លាំង និង​អាចមាន​ជំនន់​ទឹកភ្លៀង​ផងដែរ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចេញផ្សាយ​នៅ​ថ្ងៃទី​១ ខែសីហា ឆ្នាំ ២០២០៕
 
 
 
 
 

Tag:
 អាកាសធាតុ​
  ព្រះសីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com