កីឡាអន្តរជាតិ
អន្តរជាតិ
FIFA៖ គ្មាន​ហេតុផល​ណា​ដែល​អាជ្ញាធរ​ស្វ៊ី​សត្រូវ​ស៊ើបអង្កេត​លើ​លោក Infantino ទេ​
03, Aug 2020 , 3:35 pm        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) បាន​ចេញមុខ​អះអាងថា គ្មាន​ហេតុផល​ណាមួយ​ដែល​អាជ្ញាធរ​ស្វ៊ី​សត្រូវ​បើក​ដំណើរការ​នីតិវិធី​ព្រហ្មទណ្ឌ​ប្រឆាំង​លោក Gianni Infantino ឡើយ​។ លោក Infantino ដែល​ជាប់ឆ្នោត​ធ្វើ​ប្រធាន FIFA អាណត្តិ​ទី​២​ដោយ​គ្មាន​ការជំទាស់ ជាប់​ពាក់ព័ន្ធ​ការស៊ើបអង្កេត​លើ​អំពើពុករលួយ​ក្នុង​វិស័យ​កីឡាបាល់ទាត់​។​


​រដ្ឋអាជ្ញា​សហព័ន្ធ​នៅ​ប្រទេស​ស្វី​ស នៅ​ថ្ងៃទី​៣០ ខែកក្កដា បាន​បើក​ការស៊ើបអង្កេត​ព្រហ្មទណ្ឌ​លើ​លោក Infantino បន្ទាប់ពី​មានការ​សន្និដ្ឋានថា បុរស​សញ្ជាតិ​ស្វ៊ី​សរូប​នេះ​មាន​ជាប់​ពាក់ព័ន្ធ​អំពី​ការប្រព្រឹត្ត​បទឧក្រិដ្ឋ នៅក្នុង​ការប្រជុំ​រវាង​លោក និង​មន្ត្រី​ត្រួតពិនិត្យ​ការស៊ើបអង្កេត​លើ​អំពើពុករលួយ​ក្នុង​កីឡាបាល់ទាត់​កាលពី​ឆ្នាំ​២០១៥​។​
 
​នីតិវិធី​ខាងលើ​ត្រូវបាន​ធ្វើឡើង​ប្រឆាំងនឹង​ប្រធាន FIFA ដោយ​ក្នុងនោះ​រដ្ឋអាជ្ញា​ពិសេស​កំពុង​ស្វែងរក​ការជួបគ្នា​មួយ​ជាមួយ​អតីត​អគ្គមេធាវី​ស្វ៊ី​សលោក Michael Lauber ផងដែរ​។ លោក Lauber បាន​លាលែង​ពី​តំណែង​អគ្គមេធាវី​កាលពី​សប្តាហ៍​មុន មុន​មានការ​ស៊ើបអង្កេត​នេះ​កើត​ឡើយ ពោលគឺ​ក្រោយពេល​តុលាការ​សហព័ន្ធ​បាន​តម្កល់​ការចោទប្រកាន់​ដែលថា លោក​បាន​កុហក​អំពី​ការជួប​ជាមួយ​លោក Infantino​។ 
 
​យ៉ាងណាក៏ដោយ ទាំង​លោក Lauber និង Infantino សុទ្ធតែ​បាន​បដិសេធ​រួចមកហើយ​ថា ពួកគេ​មិនបាន​ធ្វើ​អ្វី​ខុស​នឹង​ច្បាប់​នោះទេ​។​
 
​ក្រោយ​មាន​ករណីនេះ​កើតឡើង ស្ថាប័ន FIFA បានប្រកាស​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​នៅ​ថ្ងៃទី​២ ខែសីហា​ថា​៖« វា​ពិតជា​គ្មាន​ហេតុផល​ណាមួយ​ដែល​ត្រូវ​បើក​ការស៊ើបអង្កេត​ទេ ពីព្រោះ​គ្មាន​អ្វីដែល​កើតឡើង​ទាក់ទង​បទឧក្រិដ្ឋ​ណាមួយ​ឡើយ ហើយក៏​គ្មាន​អ្វីដែល​ត្រូវ​ផ្តល់យោបល់​អំពី​ទម្រង់​ណាមួយ​នៃ​ការប្រព្រឹត្ត​ខុស​នឹង​បទឧក្រិដ្ឋ​នោះដែរ​»​។​
 
FIFA បន្ថែមថា​ការជួបគ្នា​រវាង​លោក Lauber និង Infantino មិនមាន​ការសម្ងាត់​ទេ ហើយ​ធ្វើឡើង​នៅតាម​ទីសាធារណៈ​ដូចជា​សណ្ឋាគារ​ដែល​បានជ្រើសរើស​ពី​សំណាក់​ការិយាល័យ​អគ្គមេធាវី​នៃ​ប្រទេស​ស្វី​ស​ប៉ុណ្ណោះ​។​
 
«FIFA និង​ប្រធាន FIFA បដិសេធ​រាល់​ការចោទប្រកាន់ ឬ​ការលើកឡើង​ណាមួយ​ដែលថា​ប្រធាន​FIFA ធ្លាប់បាន​ព្យាយាម​ប្រើប្រាស់​ឥទ្ធិពល​មិន​ត្រឹមត្រូវ​លើ​រដ្ឋអាជ្ញា​សហព័ន្ធ​ស្វ៊ី​ស​នោះ​។ ប្រធាន FIFA នឹង​បន្ត​បំពេញ​តួនាទី​របស់ខ្លួន​នៅក្នុង​ស្ថាប័ន​គ្រប់គ្រង​កីឡាបាល់ទាត់​ពិភពលោក និង​បំពេញភារកិច្ច​របស់ខ្លួន​ដោយ​បន្ត​សហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​នៅក្នុង​ប្រទេស​ស្វ៊ី​ស និង​ជុំវិញ​ពិភពលោក​»​។ FIFA អះអាង​ដូច្នេះ​៕

Tag:
 FIFA
  Gianni Infantino
© រក្សាសិទ្ធិដោយ thmeythmey.com