អន្តរជាតិ
អតីត​សម្តេច​ប៉ាប បេ​ណេ​ឌី​ក​ទី​១៦ ប្រឈួន​ធ្ងន់ធ្ងរ
03, Aug 2020 , 9:19 pm        
រូបភាព
អតីតសម្តេចប៉ាប បេណេឌីកទី១៦(Benedict XVI)។ រូបភាព៖ AFP
អតីតសម្តេចប៉ាប បេណេឌីកទី១៦(Benedict XVI)។ រូបភាព៖ AFP
ដោយ:
​អតីត​សម្តេច​ប៉ាប បេ​ណេ​ឌី​ក​ទី​១៦(Benedict XVI) បាន​ធ្លាក់ខ្លួន​ឈឺ បន្ទាប់ពី​ព្រះអង្គ​បាន​យាង​ទៅសួរសុខទុក្ខ​បងប្រុស​របស់​ទ្រង់ នៅ​ប្រទេស​អាល្លឺម៉ង់ ដែលមាន​ជំងឺ​កាលពី​ខែមិថុនា​កន្លងទៅ​។ បើតាម​សារព័ត៌មាន​អាល្លឺម៉ង់​ដែល​ស្រង់​សម្ដី​អតីត​អ្នកសរសេរ​ជីវប្រវត្តិ​របស់​ទ្រង់ នៅពេលនេះ​អតីត​សម្តេច​ប៉ាប បេ​ណេ​ឌី​ក​ទី​១៦ មាន​អា​ការៈទន់ខ្សោយ​ខ្លាំង​។

 
​អតីត​សម្តេច​ប៉ាប បេ​ណេ​ឌី​ក​ទី​១៦ ដែលមាន​ព្រះ​ជន្មាយុ ៩៣​ព្រះវស្សា កំពុង​តែមាន​ជំងឺ​សើ​ស្បែក នៅលើ​មុខ​ដែល​បណ្តាល​ឲ្យ​មាន​កន្ទួល និង​ឈឺចាប់​ធ្ងន់ធ្ងរ​។ នេះ​ជាការ​លើកឡើង​របស់លោក Peter Seewald ដែលជា​អតីត​អ្នក​ស​សេរ​ជីវប្រវត្តិ​របស់​ទ្រង់ ហើយ​ត្រូវបាន​ផ្សាយ​ដោយ​កាសែត​អាល្លឺម៉ង់ Passauer Neue Presse នៅ​ថ្ងៃទី​៣ ខែសីហា​។ 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​ស្រង់​ព័ត៌មាន​ពី​កាសែត​ខាងលើ អាការ​របស់​អតីត​សម្តេច​ប៉ាប​នៅពេលនេះ មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង​។ លោក Seewald ដែល​បាន​ទៅសួរសុខទុក្ខ​អតីត​សម្តេច​ប៉ាប​កាលពី​ថ្ងៃទី​១ សីហា និយាយថា ការគិត និង​ការចងចាំ​របស់​ទ្រង់​នៅតែ​រហ័ស ប៉ុន្តែ​ការនិយាយ​របស់​ទ្រង់​នៅពេលនេះ​ពិបាក​ស្តាប់​ជាង​មុន​។ 
 
​សារព័ត៌មាន​អាល្លឺម៉ង់​បន្ថែមថា ក្នុងជំនួប​នោះ អតីត​សម្តេច​ប៉ាប និង​បើទោះបីជា​ទ្រង់​កំពុងមាន​ជំងឺ​ក៏ដោយ ក៏​ទ្រង់​បាន​លើកឡើងថា​នៅពេល​ទ្រង់មាន​កម្លាំង​វិញ ទ្រង់​ចាប់ផ្តើម​កាន់​ស​សេរ​ឡើងវិញ​។​
 
​សម្តេច​ប៉ាប បេ​ណេ​ឌី​ក​ទី​១៦​ឡើងកាន់តំណែង​ជា​ប្រមុខ​គ្រិស្តសាសនា និកាយ​កាតូលិក នៅ​បុរី​វ៉ា​ទី​កង់ នៅ​ឆ្នាំ​២០០៥ និង​លាឈប់​នៅ​ឆ្នាំ​២០១៣ គួរ​ឲ្យ​ភ្ញាក់ផ្អើល​។ ការលាឈប់​ដោយសារ​បញ្ហា​សុខភាព​របស់​ទ្រង់​នៅ​ឆ្នាំ​២០១៣ គឺជា​រឿង​ដែល​ធ្វើ​ឲ្យ​រញ្ជួយ​សហគមន៍​គ្រិស្តសាសនា​កាតូលិក ដ្បិតអី​នេះ​ជាការ​លាឈប់​របស់​សម្តេច​ប៉ាប​លើកដំបូង​ក្នុង​រយៈពេល​៦០០​ឆ្នាំ​ចុងក្រោយ​។​
 
​បច្ចុប្បន្ន​អតីត​សម្តេច​ប៉ាប បេ​ណេ​ឌី​ក​ទី​១៦ កំពុង​រស់នៅក្នុង​អតីត​វិហារ​សាសនា​មួយ ក្នុង​បុរី​វ៉ា​ទី​កង់​។ ក្រោយ​ការលាឈប់​របស់​ទ្រង់ បព្វជិត​គ្រិស្តសាសនា​កាតូលិក បាន​ជ្រើស​យក​សម្តេច​ប៉ាប​ហ្វ្រ​ង់​ស៊ី​ស​ដែលមាន​និន្នាការ​កំណែទម្រង់​មក​ដឹកនាំ​បុរី​វ៉ា​ទី​កង់​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com