ក្រសួងយុត្តិធម៌ ព្រមានថា អ្នកទៅទាមទារឲ្យដោះលែងលោក រ៉ុង ឈុន «ក៏អាចប្រឈមនឹងការចោទប្រកាន់ដែរ»
ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ក្រសួងយុត្តិធម៌ ព្រមានថា អ្នកទៅទាមទារឲ្យដោះលែងលោក រ៉ុង ឈុន «ក៏អាចប្រឈមនឹងការចោទប្រកាន់ដែរ»
03, Aug 2020 , 4:14 pm        
រូបភាព
ប្រជាពលរដ្ឋមួយចំនួន ទៅប្រមូលផ្តុំនៅមុខតុលាការរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យដោះលែងលោក រ៉ុង ឈុន (រូបពី AFP)
ប្រជាពលរដ្ឋមួយចំនួន ទៅប្រមូលផ្តុំនៅមុខតុលាការរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យដោះលែងលោក រ៉ុង ឈុន (រូបពី AFP)
ដោយ: ថ្មីៗ
ក្រសួងយុត្តិធម៌ តាមរយៈអ្នកនាំពាក្យរបស់ខ្លួន បានហៅការប្រមូលផ្តុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យដោះលែងលោក រ៉ុង ឈុន ថាមិនមែនជាទង្វើត្រឹមត្រូមតាមច្បាប់ឡើយ ប៉ុន្តែ ផ្ទុយមកវិញ វា ជាការដាក់សម្ពាធលើស្ថាប័នតុលាការ «ដែលអាចប្រឈមមុខនឹងការចោទកាន់» ពីបទល្មើសព្រហ្មទណ្ឌ តាមមាត្រា៥២២នៃក្រមព្រហ្មទណ្ឌកម្ពុជា។



ការព្រមានរបស់ក្រសួងយុត្តិធម៌ ធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០នេះ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បកស្រាយថា ក្នុងសង្គមនីតិរដ្ឋ ការការពារខ្លួន ពីការចោទប្រកាន់ក្នុងបទល្មើសណាមួយរបស់អង្គការអយ្យការ ត្រូវធ្វើឡើងតាមផ្លូវច្បាប់។ 

អ្នកនាំពាក្យ បន្តថា ក្នុងន័យនេះ លោក រ៉ុង ឈុន មានសិទ្ធិពេញលេញ ស្របតាមរដ្ឋធម្មនុញ្ញ និងតាមក្រមនីតិវិធីព្រហ្មទណ្ឌ ក្នុងការស្វែងរកនិងការពឹងពាក់មេធាវីពូកែៗ ដើម្បីការពារសុចរិតភាពនិងភាពត្រឹមត្រូវរបស់ខ្លួន តាមផ្លូវច្បាប់។  

អ្នកនាំពាក្យ ចាត់ទុក សកម្មភាពរបស់ក្រុមអ្នកទៅតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ថា «ខុសច្បាប់» ហើយអំពាវនាវឲ្យពួកគេ បញ្ឈប់ជាបន្ទាន់ «មុននឹងអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការ»។ 

លោក រ៉ុង ឈុន ដែលជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ជាមេសហជីព និង ជាទីប្រឹក្សាសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា ត្រូវកម្លាំងសមត្ថកិច្ច ទៅចាប់ដល់គេហដ្ឋានរបស់លោក ក្នុងរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ដោយតុលាការ ចោទថា លោក បំភ្លៃខុសការពិតពីបញ្ហាព្រំដែន។

បច្ចុប្បន្ន លោក កំពុងជាប់ឃុំនៅពន្ធនាគារព្រៃស ក្រោមបទចោទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ តុលាការ ចាត់ទុក បទល្មើសនេះ ថាជាបទល្មើសជាក់ស្តែង ដូច្នេះ ទើបបានជាសមត្ថកិច្ច ទៅចាប់លោកភ្លាមៗ ទាំងយប់ ដល់គេហដ្ឋាន៕

អត្ថបទទាក់ទង

Tag:
 រ៉ុង ឈុន
© រក្សាសិទ្ធិដោយ thmeythmey.com