តើ​ពាក្យ​ណាខ្លះ​ដែល​ប្រើ​ជាមួយនឹង​ពាក្យ​«​រលឹម​»?
ពីនេះ ពីនោះ / មិនយល់...!
តើ​ពាក្យ​ណាខ្លះ​ដែល​ប្រើ​ជាមួយនឹង​ពាក្យ​«​រលឹម​»?
04, Aug 2020 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពាក្យ​មួយចំនួន​ដែល​ប្រើ​ភ្ជាប់​គ្នា​ជាមួយនឹង​ពាក្យ​ភ្លៀងរលឹម ដោយ​ពាក្យ​ទាំងនោះ​គឺ​សុទ្ធតែ​បង្ហាញ​ពី​លក្ខណៈ និង​បរិ​មាណនៃ​ទឹកភ្លៀង​ដែល​ធ្លា​ក់មក​។

 
​ពាក្យ​ដែល​ប្រើ​ជាមួយ​ភ្លៀងរលឹម​មានដូចជា​៖  «​សស្រិប​» ដែល​មានន័យថា ឮសូរ​ស្រិ​បៗ ឬ​ស្រឹបៗ​រឿយៗ​មិន​ដាច់​។  អាច​ប្រើពាក្យ​«​ស្រិ​បៗ​»​ក៏បាន ដែល​មានន័យថា សូរ​ឮ​ដោយ​ធ្លាក់​តំណក់ទឹកភ្លៀង​តូចៗ​ស្រាលៗ​លើដំបូល​ផ្ទះ​ជាដើម ឬឮ​ដោយ​ដើរ​ជាន់​ស្រាលៗ​តិចៗ​លើ​អ្វីៗ​ដែល​ស្រួយៗ​។ រលឹម​ស្រិ​បៗ​។ 
 
«​ស្រិចៗ​» ដែល​មានន័យថា ស្រក់​តិចៗ​មិន​ស្រាក ដែល​ស្រក់​សស្រិច​។ ទឹកភ្លៀង​ស្រិចៗ​,​ទឹក​ស្រក់​ស្រិចៗ​។ «​សស្រិច​» មានន័យថា ស្រក់​ស្រិចៗ​មិន​ស្រាក​។ រលឹម​សស្រិច​។ គេ​អាច​ប្រើពាក្យ​ម្យ៉ាង​ទៀតថា «​ពព្រិច​» មានន័យថា ព្រិចៗ​មិន​ដាច់​។ រលឹម​ពព្រិច​,​ថ្ងៃបណ្តើរកូន​ពព្រិច​។ គេ​ក៏​អាច​និយាយ​ឲ្យ​ខ្លី​ថា​«​ប្រិចៗ​»​ក៏បាន ដែល​មានន័យថា តិចៗ​,​រ៉ុយៗ​។ រលឹម​ប្រិចៗ​។ ឬ​«​ព្រិចៗ​» ដែល​មានន័យថា ទឹក​ស្រក់ ឬ​ធ្លាក់ចុះ​តិចៗ​តែ​រឿយៗ​។ ទឹកភ្លៀង​ព្រិចៗ​,​រលឹម​ព្រិចៗ​។ 
 
«​ប៉ប្រុយៗ​» មានន័យថា ប្រុយៗ​មិន​ដាច់​។ រលឹម​ប៉ប្រុយ​។ ក្នុងន័យ​មួយទៀត​គេ​ហៅថា​«​រ៉ុយៗ​» ដែល​មានន័យថា ល្អិតៗ​ស្តើងៗ​ប្រុយៗ​។ រលឹម​រ៉ុយៗ​។ គេ​ក៏​អាច​ប្រើពាក្យ​«​ប្រឹះៗ​»​ដែល​មានន័យថា សូរ​ឮ​ដោយ​ភ្លៀង​តិចៗ ឬ​រលឹម​ធ្លាក់​មកលើ​ដំបូល​ប្រក់​ស្លឹក ឬ​ស្បូវ​ជាដើម​។ ភ្លៀង​ប្រឹះៗ​។ 
 
​លើសពីនេះ​គេ​ក៏​អាច​ប្រើពាក្យ​«​រោយស្បៃ​» ដែល​មានន័យថា រលឹម​គ្រាប់​ល្អិតៗ​ដែល​មើលទៅ​ដូចជា​ផ្សែង​។ រលឹមរោយស្បៃ​។ 
 
​ភ្លៀងរលឹម​សស្រិប​, រលឹម​ស្រិ​បៗ​,​រលឹម​ស្រិចៗ​, រលឹម​សស្រិច​, រលឹម​ប្រិចៗ​, រលឹម​ព្រិចៗ​,​រលឹម​ប៉ប្រុយៗ​,​រលឹម​រ៉ុយៗ​,​រលឹម​ប្រឹះៗ​,​រលឹមរោយស្បៃ​។ ពាក្យ​ទាំងនេះ​គឺ​សុទ្ធតែ​បញ្ជាក់​ពី​បរិមាណ​ទឹកភ្លៀង​៕  
 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com