មកទល់ពេលនេះ មានសហព័ន្ធកីឡាជាតិប្រមាណ៥ប៉ុណ្ណោះក្នុងចំណោមជាង៤០សហព័ន្ធ ដែលបានរៀបចំផែនការយុទ្ធសាស្ត្រជាក់លាក់ឆ្ពោះទៅប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣។ នេះបើតាមការអះអាងរបស់លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា ដែលព្រមានថា សហព័ន្ធកីឡាជាតិអាចប្រឈមការដកបេក្ខភាពពីស៊ីហ្គេម បើពុំមានធនធានមន្ត្រីបច្ចេកទេសគ្រប់គ្រាន់។
សហព័ន្ធកីឡាជាតិនីមួយៗ អាចប្រឈមនឹងការដកបេក្ខភាពចេញពីការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បើពុំមានលក្ខណៈសម្បត្តិ និងគ្មានមន្ត្រីបច្ចេកទេសអាជ្ញាកណ្តាលចៅក្រមគ្រប់គ្រាន់ ដើម្បីរៀបចំនិងចូលរួមកាត់ក្តី។ នេះជាអះអាងរបស់លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា ដែលជំរុញឲ្យសហព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់និងគិតគូលើការបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសអាជ្ញាកណ្តាលចៅក្រមនេះ។
ការជំរុញនេះធ្វើឡើងក្រោយ លោក សង្កេតឃើញថា នៅមានសហព័ន្ធកីឡាជាតិខ្លះមានមន្ត្រីបច្ចេកទេសអាជ្ញាកណ្តាលចៅក្រមតែពីរបីរូបប៉ុណ្ណោះ ហើយមានវ័យចំណាស់ទៀតផង។ ប៉ុន្តែលោកមិនបានបញ្ជាក់ឈ្មោះសហព័ន្ធទាំងនោះឡើយ។
«ខ្ញុំសូមទទូចដល់សហព័ន្ធទាំងអស់ មេត្តាពិនិត្យពិចារណាក្នុងការគ្រប់គ្រង និងស្វែងយល់បន្ថែមលើក្រុមបច្ចេកទេស មានអាជ្ញាកណ្តាល ចៅក្រម ព្រោះស៊ីហ្គេមឆ្នាំ២០២៣ សហព័ន្ធនីមួយៗមានតួនាទីផ្តល់អាជ្ញាកណ្តាលឲ្យសហព័ន្ធអន្តរជាតិ ដូច្នេះសហព័ន្ធត្រូវទទួលខុសត្រូវខ្លួនឯងក្នុងការបណ្តុះបណ្តាលអាជ្ញាកណ្តាលចៅក្រម។ ស៊ីហ្គេមឆ្នាំ២០២៣ ការងារបច្ចេកទេសមានសារសំខាន់ ព្រោះបើយើងពុំមានមន្ត្រីអាជ្ញាកណ្តាលគ្រប់គ្រាន់ឲ្យគេទេ គេអាចនឹងដកវិញ្ញាសាចេញពីយើងមិនឲ្យប្រកួត»។ នេះជាការលើកឡើងរបស់លោក ស សុខា។
ទន្ទឹមនឹងជំរុញឲ្យសហព័ន្ធកីឡាជាតិខិតខំបណ្តុះបណ្តាលធនធានអាជ្ញាកណ្តាលចៅក្រម ក៏ដូចជាកីឡាករកីឡាការិនី លោក ស សុខា ទទូចឲ្យសហព័ន្ធទាំងអស់រៀបចំផែនការយុទ្ធសាស្ត្រឲ្យបានជាក់លាក់ក្នុងដំណើរឆ្ពោះទៅរកមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣។ លោក អះអាងថា មកទល់ពេលនេះមានសហព័ន្ធតិចតួចប៉ុណ្ណោះ ដែលបានធ្វើផែនការជាក់លាក់ ដាក់ឲ្យក្រសួងអប់រំយុវជននិងកីឡា។
រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡារូបនេះ ជឿជាក់ថា បើសហព័ន្ធនីមួយៗមិនរៀបចំផែនការមេរបស់ខ្លួនឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ទេ ពួកគេនឹងប្រឈមនឹងការបរាជ័យខ្ពស់ជាងជោគជ័យ។ ដ្បិតការធ្វើការផែនការជាក់លាក់ ជាផែនទីបង្ហាញផ្លូវ និងជាម៉ែត្រវាស់ ដែលអាចធ្វើឲ្យសហព័ន្ធនីមួយៗដឹងពីសមត្ថភាពខ្លួនស្ថិតក្នុងកម្រិតណា។
«សហព័ន្ធនីមួយៗមកដល់ម៉ោងនេះខ្ញុំគិតថា មាន៤, ៥ទេ ដែលបានធ្វើផែនការយុទ្ធសាស្ត្រជាក់លាក់ដែលមានសក្តានុពលក្នុងការឆ្ពោះទៅរកមេដាយស៊ីហ្គេមឆ្នាំ២០២៣ បានច្បាស់លាស់។ ខ្ញុំគិតថា នេះជាការៀបចំម៉ែត្រវាស់ខ្លួនឯងមួយ បើយើងមិនចេះសរសេរម៉ែត្រវាស់ខ្លួនឯងទេ ខ្ញុំគិតថា នេះជាបញ្ហាប្រឈមធំក្នុងការនាំទៅរកបរាជ័យ និងការកសាងផ្លូវទៅឆ្នាំ២០២៣»។ នេះជាការបញ្ជាក់របស់លោក ស សុខា ដែលទាមទារឲ្យសហព័ន្ធនីមួយៗរៀបចំរបាយការណ៍សកម្មភាព និងហិរញ្ញវត្ថុឲ្យបានច្បាស់លាស់ ដ្បិតកន្លងមកសហព័ន្ធ ពុំទាន់ធ្វើបានល្អនោះទេពាក់ព័ន្ធបញ្ហានេះ។
ពាក់ព័ន្ធបញ្ហានេះ លោក ស សុខា ព្រមានកាត់ផ្តាច់ជំនួយឧបត្ថម្ភផ្សេងៗពីសហព័ន្ធ បើពុំមានរបាយការណ៍ច្បាស់លាស់ពាក់ព័ន្ធនឹងផែនការសកម្មភាព និងរបាយការណ៍ចំណាយចំណូល។ លោក ក៏ព្រមានមិនបើកប្រាក់ឧបត្ថម្ភប្រចាំឆ្នាំដល់សហព័ន្ធ ដែលប្រើប្រាស់គណនេយ្យធនាគារលក្ខណៈបុគ្គលឯកជនផងដែរ៕