កីឡាអន្តរជាតិ
អន្តរជាតិ
Hamilton ឈ្នះ​ការប្រណាំង F1 ៣​លើក​ជាប់​គ្នា និង​ជា​លើក​ទី​៧ នៅ​ទីលាន​អង់គ្លេស
03, Aug 2020 , 11:19 pm        
រូបភាព
Lewis Hamilton ឈ្នះ​ការប្រណាំង​រថយន្ត Formula One នៅ​ទីលាន British Grand Prix ចក្រភព​អង់គ្លេស ដែលជា​ការ​ឈ្នះ​លើក​ទី​៧​ជា​កំណត់ត្រា​នៅ​ទឹកដី​កំណើត​ខ្លួន​។ ក្នុង​រដូវ​កាល​២០២០​នេះ Hamilton ជួយ Mercedes ទទួល​ជ័យជម្នះ​៣​លើក​ជាប់​គ្នា​ហើយ ក្នុងចំណោម​ការប្រណាំង​ទាំង​៤​លើក​។​



​នា​ការប្រណាំង​លើក​ទី​៤ នៅ​ចក្រភព​អង់គ្លេស នៅ​ថ្ងៃទី​២ ខែសីហា កំពូល​អ្នក​ប្រណាំង​សញ្ជាតិ​អង់គ្លេស​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់ទីមួយ​ដោយ​ប្រើ​រយៈពេល ១​ម៉ោង ២៨​នាទី និង​១​វិនាទី​។ Max Verstappen ដែល​បើក​ឲ្យ​ក្រុម Red Bull ទទួលបាន​ចំណាត់ថ្នាក់​ទី​២ និង​ទី​៣​បាន​ទៅ Charles Leclerc អ្នកបើក​ឲ្យ​ក្រុម Ferrari​។​
 
​ជ័យជម្នះ​នេះ​បាន​ជួយ​ឲ្យ​ម្ចាស់​ជើងឯក​កីឡា​ប្រណាំង​រថយន្ត​ពិភពលោក​៦​ជំនាន់ រក្សា​ចំណាត់ថ្នាក់​ទី​១​ក្នុង​តារាង F1 រដូវ​កាល​នេះ ដោយ​នាំមុខ​ដាច់​ដល់​ទៅ​៣០​ពិន្ទុ​។ នេះ​ក៏​ជាការ​ឈ្នះ​បី​លើក​ជាប់​គ្នា​ផងដែរ បន្ទាប់ពី Hamilton បានឈ្នះ​នៅ​ជំនួប​សប្តាហ៍​ទី​២ ក្នុង​ទីលាន Styrian Grand Prix ប្រទេស​អូទ្រីស និង​ទី​៣ នៅ Hungarian Grand Prix ក្នុងប្រទេស​ហុង​គ្រី​។ 
 
Hamilton រកបាន​៨៨​ពិន្ទុ ដោយ​នាំមុខ​មិត្ត​រួម​ក្រុម Mercedes កីឡាករ Valtteri Bottas ដែល​រកបាន​ច​៥៨​ពិន្ទុ តាម​ពីក្រោយ​ដោយ Verstappen ដែល​រកបាន​៥២​ពិន្ទុ​។ មិន​ត្រឹមតែ​ជួយ​ខ្លួនឯង​បង្កើត​កំណត់ត្រា​ឈ្នះ​នៅ British Grand Prix ជា​លើក​ទី​៧ នោះទេ អ្នក​ប្រណាំង​វ័យ​៣៥​ឆ្នាំ​រូបនេះ បាន​ជួយ​ក្រុម Mercedes បង្កើន​ការនាំ​មុខ​ពិន្ទុ​ផ្នែក​គ្រឿង​ម៉ាស៊ីន​លើ​ក្រុម​ដទៃ ដោយ​រកបាន​ពិន្ទុសរុប​១៤៦​ពិន្ទុ​
 
Red Bull Racing Honda តាម​ពីក្រោយ Mercedes ដោយ​ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​២ ក្រោយ​រកបាន​៧៨​ពិន្ទុ ខណៈ​លេខ​៣​បាន​លើ McLaren Renault រកបាន​៥១​ពិន្ទុ​។ Ferrari ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៥ ដែល​កើន​ដល់​៤៣​ពិន្ទុ ឯ Williams Mercedes នៅ​បាត​តារាង​គ្នា​ពិន្ទុ​រាប់​ដដែល​។​
 
​នេះ​ជា​ជ័យជម្នះ​ទី​៨៧​ក្នុង​អាជីព​របស់ Hamilton ក្នុង​ព្រឹត្តិការណ៍ F1 ផងដែរ ស្រប​ពេលដែល​រូបគេ​កំពុង​ឆ្នោះ​ទៅរក​ការ​បំបែក​កំណត់ត្រា​ឈ្នះ​ការប្រណាំង​ច្រើនជាងគេ​លើ​លោក​របស់​អតីត​អ្នក​ប្រណាំង​សញ្ជាតិ​អាល្លឺម៉ង់ Michael Schumacher ដែល​បានឈ្នះ​ចំនួន ៩១​ដង​។​
 
​ជំនួប​បន្ទាប់ សម្រាប់​ទីលាន​ទី​៥ នឹងត្រូវ​ធ្វើឡើង​នៅ​ចក្រ​ព​ភ​អង់គ្លេស​ដដែល ដោយ​ត្រូវធ្វើ​នៅ​ទីលាន Great British Grand Prix និង​ប្រព្រឹត្តទៅ​ចន្លោះ​ថ្ងៃទី​៧ ដល់ទី​៩ ខែសីហា​៕
 

Tag:
 Lewis Hamilton
  Formula One
© រក្សាសិទ្ធិដោយ thmeythmey.com