អត្ថបទពាណិជ្ជកម្ម
ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន និង លី ហួរ ផេ​ប្រ៉ូ ចុះ​អនុស្សរណៈ​យោគយល់​នៃ​ការសហការ​គ្នា​ជា​ផ្លូវការ លើ​សេវា​ហិរញ្ញវត្ថុ​ទូទាត់​កម្ចី​សម្រាប់​អតិថិជន
04, Aug 2020 , 10:27 am        
រូបភាព
​រាជធានី​ភ្នំពេញ ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២០៖ ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន ដែលជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ទទួល​ប្រាក់​បញ្ញើ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា និង​ក្រុមហ៊ុន លី ហួរ ផេ​ប្រ៉ូ (​លី​ហួរ វេរ​លុយ​) ដែលជា​ក្រុមហ៊ុន​ផ្តល់​សេវា​ទូទាត់​ប្រាក់ ដ៏​ធំ​មួយ​នៅ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់ នៃ​ការ​សហការគ្នា​ជា​ផ្លូវការ ដែល​នឹង​អនុញ្ញាតឱ្យ​អតិថិជន​ទាំងអស់​របស់ ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន ទូទាត់​ប្រាក់កម្ចី​ប្រកបដោយ​ភាពងាយស្រួល តាមរយៈ​ភ្នាក់ងារ លី​ហួរ វេរ​លុយ ទូទាំងប្រទេស​ដោយ​មិន​គិត​កម្រៃ​សេវា​។​
 
​លោក គីម ស៊ុន​ឃ្យូ អគ្គនាយក​ប្រតិបត្តិ ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន បាន​មានប្រសាសន៍ថា​៖ “​ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន ប្តេជ្ញា​អភិវឌ្ឍន៍​សេវា​ហិរញ្ញវត្ថុ ឱ្យ​កាន់​តែមាន​ភាពងាយស្រួល​បន្ថែមទៀត សម្រាប់​អតិថិជន តាមរយៈ​ការ​ផ្តល់នូវ​ជម្រើស​សម្បូ​រ​បែប ក្នុង​ការធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង​ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន បាន​កាន់តែ​ប្រសើរ​។ ភាពជា​ដៃគូ​នេះ បាន​ពង្រឹង និង​ពង្រីក​បណ្តាញ​ទូទាត់​ប្រាក់កម្ចី ឱ្យ​កាន់​តែមាន​ភាពងាយស្រួល និង​មាន​សុវត្ថិភាព​សម្រាប់​អតិថិជន​របស់ ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន​។ ក្រៅពី​ការទូទាត់​ប្រាក់កម្ចី តាមរយៈ​បណ្តា​យ​សាខា​ទាំង ១៣៦ ទូទាំងប្រទេស សេវា​ធនាគារ​ចល័ត និង​ភាគី​ដៃគូ​ដទៃទៀត​។ យើង​កំពុង​រង់ចាំ​ការចាប់​ផ្តើមធ្វើ​ប្រតិបត្តិការ​សេវា​ហិរញ្ញវត្ថុ ជាមួយ លី ហួរ វេរ​លុយ ដែល​នេះ​ជាការ​ផ្តល់នូវ​សេវា​ហិរញ្ញវត្ថុ​ដ៏​ប្រសើរ​មួយ ដល់​អតិថិជន​របស់​យើង​។ យើង​នឹង​បន្ត​ចាប់​ដៃគូ លើ​កិច្ចសហប្រតិបត្តិការ​សេវា​ហិរញ្ញវត្ថុ​ថ្មីៗ​បន្ថែមទៀត នាពេលខាងមុខ​»​។ 


 
​ដោយឡែក  លោក លី សុភាព ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន លី ហួរ វេរ​លុយ  និង​ជា​អនុប្រធាន​ក្រុមហ៊ុន លី​ហួរ គ្រុប  មានប្រសាសន៍ថា​៖« លី ហួរ វេរ​លុយ គឺជា​ក្រុមហ៊ុន​ផ្ទេរប្រាក់ ដ៏​ធំ​មួយ​នៅ​កម្ពុជា ដែល​ត្រូវបាន​បង្កើតឡើង នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦ ដោយ​ឈរលើ​ចក្ខុវិស័យ ច្បាស់លាស់ និង​រឹងមាំ ដើម្បី​ជួយ​លើកកម្ពស់​ជីវភាព​ប្រជាជន​កម្ពុជា តាមរយៈ​ការផ្តល់សេវា​ហិរញ្ញវត្ថុ​ក្រៅ​ប្រព័ន្ធ​ធនាគារ  មានដូចជា សេវា​ផ្ទេរប្រាក់ ដាក់​ប្រាក់ ដក​ប្រាក់ បង់​ទឹក បង់​ភ្លើង សំរាម ប ស ស បញ្ចូល​ទឹកប្រាក់​ក្នុង​ទូរ​សព្ទ ទូទាត់​វិក្ក​យ​ប័ត្រ  សេវា​បើកប្រាក់​បៀវត្ស និង​សេវា​ទូទាត់​ជាច្រើន​ទៀត ជាមួយ​កម្រៃ​សេវា​សមរម្យ​»​។​


 
​បើតាម​លោក  លី សុភាព លី​ហួរ វេរ​លុយ មានបំណង​ពង្រីក​ភ្នាក់ងារ​ឱ្យបាន​ចំនួន ១០.០០០ ទីតាំង នៅ​ទូទាំងប្រទេស ក្នុង​ឆ្នាំ​២០២១​។ លើសពីនេះ ក្រុមហ៊ុន លី ហួរ វេរ​លុយ  ក៏មាន​គម្រោង​ដាក់ឱ្យ​ដំណើរការ កម្មវិធី លី ហួរ ផេ (APP) ដើម្បីឱ្យ​អតិថិជន និង​អ្នកប្រើប្រាស់​ដទៃទៀត មាន​ជម្រើស​សម្បូរបែប និង​មាន​ភាពងាយស្រួល ក្នុងកា​ប្រើប្រាស់​សេវា​របស់ខ្លួន តាមរយៈ​ទូរ​សព្ទ​ដៃ​ផ្ទាល់ខ្លួន​។ 
 
​យោងតាម​ចក្ខុវិស័យ និង​បេសកម្ម​នេះ ថ្នាក់ដឹកនាំ​ជឿជាក់ថា លី ហួរ ផេ​ប្រ៉ូ និង ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន  នឹង​សហការគ្នា​លើ​ផ្នែក​ដទៃទៀត នៃ​សេវា​ហិរញ្ញវត្ថុ​ដែល​ខ្លួន​មាន ក្នុងន័យ​ជួយ​សន្សំសំចៃ នឹង​ផ្តល់​ភាពងាយស្រួល​ជូន​អតិថិជន​។​
 
​ដើម្បី​អបអរសាទរ ការចាប់ផ្តើម​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​នេះ អតិថិជន​របស់ ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន ដែល​ទូទាត់​ប្រាក់កម្ចី តាមរយៈ​ភ្នាក់ងារ​លី ហួរ វេរ​លុយ នឹងមាន​ឱកាស​ឈ្នះ​រង្វាន់​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន ជាច្រើន​គ្រឿង រយៈពេល​បី​ខែ ចាប់ពី​ខែសីហា រហូតដល់ ខែតុលា ឆ្នាំ ២០២០៕
 



(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com