អត្ថបទពាណិជ្ជកម្ម
បណ្តាញទូរស័ព្ទ​ចល័ត 4GLTE របស់​ក្រុមហ៊ុន​សែ​ល​កាត ត្រូវបាន​ទទួលស្គាល់​ដោយ​ស្ថាប័ន Opensignal ជា​ជ័យលាភី​ពានរង្វាន់ បទពិសោធន៍​នៃ​ការលេង​ហ្គេម​
04, Aug 2020 , 11:46 am        
រូបភាព
​ក្នុងថ្ងៃនេះ ក្រុមហ៊ុន​សែ​ល​កាត ត្រូវបាន​ប្រកាស​ទទួល​ស្គាល់ ដោយ​ស្ថាប័ន OpenSignal ជា​ជ័យលាភី​ពានរង្វាន់ បទពិសោធន៍​នៃ​ការលេង​ហ្គេម (Games Experience) ដំបូង​គេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា​។​
 
​សេចក្តីប្រកាស​នេះ បានបញ្ជាក់​ឱ្យ​កាន់តែច្បាស់ នូវ​ភាព​នាំមុខគេ​របស់​ក្រុមហ៊ុន​សែ​ល​កាត  លើ​វិស័យ​កីឡា​អេឡិចត្រូនិក​នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​បង្ហាញឱ្យឃើញ​ថា យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន ក្នុងការ​ផ្តល់ជូន​បទ​ពិសោធន៍​ប្រើប្រាស់​បណ្តាញទូរស័ព្ទ​ចល័ត ប្រកបដោយ​គុណភាព​ខ្ពស់​ដល់​អ្នក​ស្នេហា​វិស័យ​ហ្គេម ដែល​ត្រូវបាន​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​នៅក្នុង​តំបន់ និង​ពិភពលោក​ផង​។​
 
Opensignal គឺជា​ស្ថាប័ន​ឯករាជ្យ​មួយ ដែល​បាន​បង្កើត​ស្តង់ដារ​ពិភពលោក សម្រាប់​ការវិភាគ ទៅលើ​បទពិសោធន៍​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត របស់​អតិថិជន​។​
 
​តាមរយៈ​របាយការណ៍​ចុងក្រោយ​របស់​ស្ថាប័ន​នេះ ស្តីអំពី​ប្រទេស​កម្ពុជា ក្រុមហ៊ុន​សែ​ល​កាត គឺជា​ប្រតិបត្តិ​ករ​ថ្នាក់ជាតិ​តែមួយគត់ ដែល​អ្នកប្រើប្រាស់ ទទួលបាន​បទពិសោធ​ន៍​នៃ​ការលេង​ហ្គេម​កម្រិត​ខ្ពស់​ជាងគេ​បំផុត ក្នុង​បណ្តាញ​4G​។​
 
​បទពិសោធន៍​នៃ​ការលេង​ហ្គេម​របស់​សែ​ល​កាត នៅលើ​បណ្តាញ 4GLTE ទទួលបាន​ពិន្ទុ 47.2 ក្នុងចំណោម​ពិន្ទុ​ផ្តល់ជូន 100 ខណៈ​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរ​សព្ទ​មួយចំនួនទៀត​នៅ​កម្ពុជា ទទួលបាន​ពិន្ទុ​ទាប​ជាង​នេះ​។ 
 
​លោក អៀន វ៉ាត​សុន (Ian Watson) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត បាន​មានប្រសាសន៍ថា ប្រទេស​កម្ពុជា ត្រូវតែ​ខិតខំ​បង្កើន​កម្រិត​គុណភាព​បន្តទៀត ទើប​អាចឈាន​ទៅដល់​កម្រិត​ប្រដំប្រសង​គ្នា ជាមួយនឹង​ទីផ្សារ​កីឡា​អេឡិចត្រូនិក​ឈានមុខ​គេ​ផ្សេងទៀត ដូចជា​ប្រទេស​ថៃ និង​ប្រទេស​ម៉ាឡេស៊ី​ជាដើម ដែល​ទីផ្សារ​ទាំងពីរ​នេះ ទទួលបាន​ពិន្ទុ សម្រាប់​បទពិសោធន៍​នៃ​ការលេង​ហ្គេម ច្រើនជាង 70 (​ពោលគឺ​ឋិត​នៅក្នុង​កម្រិត “​បង្គួរ​”) ។​
 
​លោក វ៉ាត​សុន បាន​មានប្រសាសន៍​បន្តទៀតថា សែ​ល​កាត បានចាប់ផ្តើម​ផ្តោតទៅលើ​វិស័យ​កីឡា​អេឡិចត្រូនិក ចាប់តាំងពី​ឆ្នាំ ២០១៨​មកម្ល៉េះ​។ ទន្ទឹមនឹងនោះ ក្រុមហ៊ុន ក៏បាន​រៀបចំ​កម្មវិធី​ប្រកួត ក៏ដូចជា​ចាប់​ដៃគូ​សហការ ដើម្បី​ជួយ​បំពេញ​សេចក្តីត្រូវការ​របស់​ស​ហគ​មន៍​កីឡា​អេឡិចត្រូនិក នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ ដែល​តាម​ការប៉ាន់ស្មាន​ក្នុងពេល​បច្ចុប្បន្ន គឺមាន​ជាង ២​លាន​នាក់​។​


 
​លោក វ៉ាត​សុន បន្ថែម​ដូច្នេះ​៖«​ខណៈដែល​សែ​ល​កាត​អាច​ទទួលបាន​ពិន្ទុ 47.2 សម្រាប់​បទពិសោធន៍​នៃ​ការលេង​ហ្គេម 4G នេះ គឺ​យើង​អាច​សន្ម​ត់បា​ន​ថា វា​ជា​សមិទ្ធផល​ដ៏​អស្ចារ្យ​បំផុត​មួយ ព្រោះ​ថាបើ​ពិនិត្យមើល​ទៅកាន់​ប្រទេស​ថៃ និង​ម៉ាឡេស៊ី​ឯណោះ​វិញ ទីផ្សារ​ឈានមុខ​គេ​ទាំងពីរ​នេះ មាន​អ្នកលេង​ហ្គេម​ប្រហែល​ជាង ២០ លាន​នាក់ ហើយ​ប្រតិបត្តិ​ករ​បណ្តាញទូរស័ព្ទ​ចល័ត​របស់​ពួកគេ ដែលមាន​ដូចជា AIS និង Maxis វិញទៀត​សោត ក៏​សុទ្ធ​តែមាន​សមត្ថភាព​ខ្ពស់ ទៅលើ​ការរៀបចំ​កម្មវិធី​សម្រាប់​វិស័យ​កីឡា​អេឡិចត្រូនិក​របស់​ពួកគេ​ផងដែរ​»​។​
 
​ក្រុមហ៊ុន​សែ​ល​កាត នឹង​នៅតែ​បន្ត​គាំទ្រ ក៏ដូចជា​ជួយ​អភិវឌ្ឍ​សហគមន៍​វិស័យ​កីឡា​អេឡិចត្រូនិក​នៅក្នុង​ប្រទេស​កម្ពុជា រួមទាំង​ជួយ​ផ្សាភ្ជាប់​កីឡាករ​ក្នុងស្រុក ជាមួយនឹង​វិស័យ​កីឡា​អេឡិចត្រូនិក​អន្តរជាតិ ដែល​កំពុង​រីកលូតលាស់​ជាខ្លាំង ដើម្បី​ចូលរួម​ជំរុញ​ទឹកចិត្ត​ដល់​អ្នក​សេ្ន​ហា​វិស័យ​ហ្គេម​ទាំងអស់ ដែល​ចង់​ក្លាយខ្លួនជា​កីឡាករ​អាជីព នៅក្នុង​វិស័យ​កីឡា​មួយ​នេះ​។​
 
​លោក វ៉ាត​សុន បាន​កោតសរសើរ​ជាខ្លាំង ចំពោះ​ស្ថាប័ន​ឯករាជ្យ​អន្តរជាតិ ដែល​ក្នុងនោះ​រួមមាន​ស្ថាប័ន Opensignal ជាដើម ដែល​បាន​ខិតខំ​ប្រឹងប្រែង ក្នុងការ​ស្វែងយល់​ពី​តម្រូវការ និង​អាកប្បកិរិយា​របស់​អ្នកប្រើប្រាស់ ក្នុងសម័យ​ដ៏​ជឿនលឿន​បំផុត​បែបនេះ ដើម្បី​ណែនាំ​នូវ​កម្រិត​វាស់​ស្ទង់​ថ្មី តួយ៉ាង​ដូចជា បទពិសោធន៍​នៃ​ការលេង​ហ្គេម​នេះ​ជាដើម​។​


 
 
​កម្រិត​វាស់​ស្ទង់​ថ្មី​នេះ ដែល​ត្រូវបាន​បង្កើត​ផ្អែកលើ​ស្តង់ដារ​របស់ ITU (​សហភាព​ទូរគមនាគមន៍​អន្តរជាតិ​) នឹងចូលរួម​វិភាគ ទៅលើ​បទពិសោធន៍​នៃ​ការលេង​ហ្គេម ជា​លក្ខណៈ​បណ្តាញ​លើ​ទូរស័ព្ទ​ចល័ត ថា​តើ​វា​នឹងមាន​ឥទ្ធិពល​បែបណាខ្លះ ទៅលើ​លក្ខខណ្ឌ​បណ្តាញទូរស័ព្ទ​ចល័ត ដែល​ក្នុងនោះ រួមមាន​ទាំង​ល្បឿន​នៃ​ការបញ្ជូន​ទិន្នន័យ  និង​បញ្ហា​រួមទាំង​ភាពយឺតយ៉ាវ នៃ​កា​រប​ញ្ចូ​ន​រលកសញ្ញា​ផងដែរ​។​
 
​លោក វ៉ាត​សុន បានឱ្យដឹង​ទៀតថា​៖«​ក្នុងចំណោម​កីឡាករ​ហ្គេម​ទាំងអស់ ពិតជា​មិនមាន​នរណា​ដែល​ចង់​ចាញ់​ការប្រកួត ដោយសារតែ​បណ្តាញ​អ៊ីនធឺណិត​ដំណើរការ​យឺត​នោះឡើយ​។ ជាពិសេស​សម្រាប់​កីឡា​អេឡិចត្រូនិក ដែលជា​ប្រភេទ​ហ្គេម ទាមទារ​ឱ្យប្រើ​ប្រាស់​ជំនាញ​ខ្លាំង​នេះ​តែម្តង គឺ​បណ្តាញ​អ៊ីនធឺណិត មាន​តួនាទី​សំខាន់​ខ្លាំងណាស់ ពោលគឺ​វា​អាចមាន​ឥទ្ធិពល​កំណត់​ជោគវាសនា អ្នក​នាំមុខគេ នៅក្នុង​តារាង​ចំណាត់ថ្នាក់​តែម្តង​»​។​
 
​ដើម្បី​អបអរសាទរ នូវ​សមិទ្ធផល​ដែល​ទទួលបាន​នេះ ក្រុមហ៊ុន​សែ​ល​កាត នឹង​រៀបចំ​កម្មវិធី​ផ្សាយ​រយៈពេល​ពេញ​មួយថ្ងៃ នា​ថ្ងៃទី ១៤ ខែសីហា​ខាងមុខ ដើម្បីឱ្យ​អ្នកលេង​ហ្គេម អាច​ស្វែងយល់​បន្ថែម​អំពី​កីឡា​អេឡិចត្រូនិក ក៏ដូចជា​ដើម្បីឱ្យ​ពួកគាត់​បាន​ទស្សនា នូវ​ការប្រកួតប្រជែង​គ្នា​ដោយផ្ទាល់ របស់​កីឡាករ​ហ្គេម​អាជីព នៅលើ​បណ្តាញទូរស័ព្ទ​ចល័ត​សែ​ល​កាត​ផងដែរ​។​
 
​ព្រឹត្តិការណ៍​ប្រកួតប្រជែង​នេះ នឹងមាន​ផ្សាយ​ផ្ទាល់​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ថ្មី របស់​សែ​ល​កាត ដែលមាន​ឈ្មោះថា PlayGame ដោយ​ក្នុងនោះ នឹងមាន​ការចូលរួម​ពី​សំណាក់​កីឡាករ និង​អ្នក​អត្ថាធិប្បាយ​ល្បីៗ រួមមាន​ដូចជា ក្រុម Orange Esports, Henaa, Ice Frogz, Ream Angkor, Private Plork និង​ក្រុម​កីឡាករ​ផ្សេងៗ​ជាច្រើន​ទៀតផង​ដែរ​។​


 
 
​ព័ត៌មាន​បន្ថែម​ស្តីអំពី​ការវាស់ស្ទង់ និង​ការផ្តល់​ពិន្ទុ​ទៅលើ បទពិសោធន៍​នៃ​ការលេង​ហ្គេម របស់​ស្ថាប័ន OpenSignal (2020)៖
 
​សម្រាប់​ការវាស់ស្ទង់​ទៅលើ បទពិសោធន៍​នៃ​ការលេង​ហ្គេម​លើ​ទូរស័ព្ទ​ចល័ត ជា​លក្ខណៈ​បណ្តាញ គឺ​ប្រទេស​សិង្ហ​បុរី ជា​ជ័យលាភី​មេដាយមាស ដែល​ទទួលបាន​ពិន្ទុ 84.5​។​
 
​កីឡាករ​នៅតាម​បណ្តា​ប្រទេស​ក្នុង​ទ្វីបអាស៊ី​មាន​កម្រិត បទពិសោធន៍​នៃ​ការលេង​ហ្គេម ច្រើន​សណ្ឋាន​ជាង​តំបន់​ផ្សេងៗ​ដទៃទៀត ដោយ​ក្នុងនោះ​៖
31 ភាគរយ​នៃ​បណ្តា​ប្រទេស​ក្នុង​ទ្វីបអាស៊ី បាន​ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​ខ្សោយ 27 ភាគរយ បាន​ឋិត​នៅក្នុង​កម្រិត​បង្គួរ 15 ភាគរយ ទទួលបាន​ចំណាត់ថ្នាក់​ល្អ និង 8 ភាគរយ​ទៀត ទទួលបាន​ចំណាត់ថ្នាក់​ល្អ​បំផុត​។​
 
​ទីផ្សារ​ហ្គេម​សំខាន់ៗ​នៅក្នុង​អាស៊ី ដែល​ទើបតែ​ឈានដល់​កម្រិត​ពាក់កណ្តាល នៃ​តារាង​សម្រាប់​បទពិសោធន៍​នៃ​ការលេង​ហ្គេម មានដូចជា​៖ ទីក្រុង​ហុងកុង ប្រទេស​ម៉ាឡេស៊ី ថៃ និង​វៀតណាម ដែល​បទពិសោធន៍​នៃ​ការលេង​ហ្គេម​មាន​កម្រិត​បង្គួរ ខណៈ​ប្រទេស​ឥណ្ឌូណេស៊ី បាន​ធ្លាក់​ចូលទៅក្នុង​ចំណាត់ថ្នាក់​ខ្សោយ ដោយ​ទទួលបាន​ពិន្ទុ​ត្រឹមតែ 63.6 ប៉ុណ្ណោះ​៕
 









(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com