ជាតិ
អាជ្ញាធរ​អប្សរា​ប្រើពេល​៤​ខែ​ដើម្បី​ជួសជុល​ប្រាសាទដំរីក្រាប​ដែល​កំពុង​ទ្រុឌទ្រោម​
04, Aug 2020 , 3:06 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អាជ្ញាធរ​ជាតិ​អប្សរា នឹង​ជួសជុល​ប្រាសាទដំរីក្រាប​នៅលើ​ភ្នំ​គូលែន ដែល​រង​ការ​ខូ​ត​ខាត​ខ្លាំង​ដោយសារ​ទឹកភ្លៀង និង​រុក្ខជាតិ​ដុះ​ពីលើ ដើម្បី​សង្គ្រោះ​ប្រាសាទ​ឱ្យ​ផុតពី​គ្រោះថ្នាក់ និង​ការបែកបាក់​កាន់តែខ្លាំង​។ តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​អាជ្ញាធរ​ជាតិ​អប្សរា កាលពី​ថ្ងៃទី​៣០ ខែកក្កដា គម្រោង​អភិរក្ស និង​ជួសជុល​ប្រាសាទ​នេះ មាន​រយៈពេល​៤​ខែ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​២០ ខែសីហា និង​បញ្ចប់​នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០​។​

 
​តាម​អាជ្ញាធរ​ជាតិ​អប្សរា បុគ្គលិក​ជំនាញ នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ នឹង​ពង្រឹង​ខឿន​ដែល​ពុកផុយ​នៅ​ជុំវិញ​តួ​ប៉ម ជួសជុល​ខ្លោងទ្វារ​ខាងកើត រៀប​ផ្ជិ​ត ពង្រឹង​ស្នាម​ប្រេះ​តូចធំ​នៅលើ​ជញ្ជាំង ដំបូល និង​ជួសជុល​ដំបូល​ដែល​ពុកផុយ​។​
 
​ប្រាសាទដំរីក្រាប មាន​ទីតាំង​ស្ថិតនៅ​ភូមិ​អន្លង់វែង​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប និង​ត្រូវបាន​សាងសង់ឡើង ក្នុង​រជ្ជ​ព្រះបាទ​ជ័យ​វរ្ម័នទី​២ (​គ​.​ស​.៨០២-៨៥០)​។  ប្រាសាទ​នេះ គឺជា​ប្រាសាទ​ឥដ្ឋ ដែលមាន​ប៉ម​៣ សង់​លើ​ខឿន​តែមួយ មាន​កំពែង​ព័ទ្ធជុំវិញ ហើយក៏​ជា​ប្រាសាទ​មួយ ក្នុងចំណោម​ប្រាសាទ​ជាច្រើន ដែល​ស្ថិតក្នុង​រចនាបថ​គូលែន​៕
 
 

Tag:
 ទេសចរណ៍​
  ភ្នំ​គូលែន​
© រក្សាសិទ្ធិដោយ thmeythmey.com