COVID-19
អន្តរជាតិ
នៅ​អ៊ីរ៉ង់ មនុស្ស​ម្នាក់​ស្លាប់​រៀងរាល់​៧​នាទី​ដោយសារ COVID-19
04, Aug 2020 , 7:29 pm        
រូបភាព
ប្រជាជនអ៊ីរ៉ង់ពាក់ម៉ាស់នៅទីសាធារណៈ។_រូបភាព៖_AFP
ប្រជាជនអ៊ីរ៉ង់ពាក់ម៉ាស់នៅទីសាធារណៈ។_រូបភាព៖_AFP
ដោយ:
​នៅ​អ៊ីរ៉ង់ មនុស្ស​ម្នាក់​ស្លាប់​រៀងរាល់​៧​នាទី ដោយសារ​ជំងឺ COVID-19 ។ នេះ​បើតាម​ការផ្សាយ​របស់​ទូ​រទស្ស​ន៍​រដ្ឋ​ដែល​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។ បើតាម​ទិន្ន័យ​របស់​ក្រសួងសុខាភិបាល មាន​មនុស្ស​ស្លាប់​ចំនួន​២១៥​នាក់ ក្នុង​រយៈពេល​២៤​ម៉ោង​នៅ​ថ្ងៃទី​៣ សីហា​ប៉ុណ្ណោះ​។

 
​ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់ បាន​ស្រង់​សម្តី​លោក Sima Sadat អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​អ៊ីរ៉ង់ ដោយ​បង្ហាញថា នៅ​ថ្ងៃទី​៣ ខែសីហា មាន​មនុស្ស​ស្លាប់​ដោយសារ COVID-19 ចំនួន​២១៥​នាក់ ដែល​ធ្វើ​ឲ្យ​អ្នកស្លាប់​ដោយសារ COVID-19 នៅ​អ៊ីរ៉ង់​កើនឡើង​ដល់​១៧,៤០៥​នាក់ និង​ចំនួន​ឆ្លង​កើន​ឡើងដល់ ៣១២,០៣៥​ករណី​។ ទំនង​ចង់បង្ហាញ​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​ការឆ្លង​ជំងឺ​នេះ មន្ត្រី​អ៊ីរ៉ង់​ដដែល​បញ្ជាក់ថា ករណី​ស្លាប់​កើតមាន​ច្រើន​រៀងរាល់ថ្ងៃ​។  
 
​ក្រសួងសុខាភិបាល តាមរយៈ​ទូរទស្សន៍​ជាតិ​អ៊ីរ៉ង់​បាន​លើកឡើងថា ករណី​ឆ្លង និង​ស្លាប់​គឺ​បណ្តាល​ការមិន​បានធ្វើ​គម្លាត​សុវត្ថិភាព​ម៉ត់ចត់ និង​ពាក់​ម៉ាស់​ឲ្យ​បាន​ត្រឹមត្រូវ​។​
 
​យ៉ាងណាមិញ អ្នកជំនាញ​មួយចំនួន សង្ស័យ​ទៅលើ​សុ​ក្រិត​ភាព​នៃ​ទិន្ន័យ​នៃ​ចំនួន​អ្នក​ឆ្លង​និង​ស្លាប់​ដែល​ចេញ​ដោយ​រដ្ឋាភិបាល​អ៊ីរ៉ង់​។ ជាក់ស្តែង​របាយការណ៍​ចេញ​ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​របស់​រដ្ឋសភា​អ៊ីរ៉ង់ បាន​អះអាង​ពី​ករណី​ឆ្លង​ដែល​អាចមាន​ចំនួន​ច្រើនជាង​អ្វីដែល​ក្រសួងសុខាភិបាល​អ៊ីរ៉ង​ចុះផ្សាយ​ដល់​ទៅ​២​ដង​។ នេះ​យោងតាម​ការដកស្រង់​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
 
​នាពេល​បច្ចុប្បន្ននេះ ស្ថានការណ៍​នៃ​ការឆ្លង​ជំងឺ COVID-19 នៅ​អ៊ីរ៉ង់ មាន​សភាព​ធូរស្រាល​ធៀប​ជាង​មុន ខណៈ​អាជ្ញាធរ​អ៊ីរ៉ង់ ក៏បាន​បន្ធូរបន្ថយ​ការ​រឹតត្បិត​តាំងពី​ពាក់កណ្តាល​ខែមេសា​មក​ដែរ​។​ទោះជា​យ៉ាងណាក្តី​អាជ្ញាធរ​អ៊ីរ៉ង់​បាន​ព្រមាន​ថា​គេ​នឹង​ចេញ​វិធានការ​តឹងរឹង​សារជាថ្មី បើសិនជា​ប្រជាជន​មិន​គោរព​តាម​បញ្ញត្តិ​សុខាភិបាល​។ តាំងតែ​ពី​ខែ​មុន​មក រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​តម្រូវ​ឲ្យ​ប្រជាជន​ពាក់​ម៉ាស់​នៅ​ទីសាធារណៈ​។​
 
​នៅ​ថ្ងៃទី​១០ សីហា​ខាងមុខនេះ ក្រុមការងារ​ប្រយុទ្ធ​នឹង​ជំងឺ COVID-19 របស់​អ៊ីរ៉ង់ នឹងត្រូវ​ប្រកាសថា​តើ​គួរ​អនុញ្ញាត​ឲ្យ​មានការ​ប្រឡង​ចូល​សកល​វិទ្យាល័យ​នៅ​ទូទាំងប្រទេស​ឫ អត់​។ ការប្រឡង​ដែលមាន​សិស្ស​ជាង​១​លាន​នាក់​ចូលរួម​នេះ តម្រូវ​ឲ្យ​ធ្វើ​នៅក្នុង​ខែសីហា​។ ប៉ុន្តែ​នៅតាម​បណ្តាញ​សង្គម ប្រជាជន​អ៊ីរ៉ង់​មួយចំនួន​បាន​អំពាវនាវ​ឲ្យ​ពន្យារពេល​ប្រឡង​៕
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com