អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បាតុករ​ថៃ ស្នើ​កែទម្រង់​របបរាជានិយម​ឲ្យ​ស្របតាម​រដ្ឋធម្មនុញ្ញ​ប្រជាធិបតេយ្យ​
04, Aug 2020 , 9:29 pm        
រូបភាព
បាតុករថៃតវ៉ាក្នុងរាជធានីបាងកកនៅថ្ងៃទី៣ ខែសីហា។ រូបភាព AFP
បាតុករថៃតវ៉ាក្នុងរាជធានីបាងកកនៅថ្ងៃទី៣ ខែសីហា។ រូបភាព AFP
​ជា​រឿង​កម្រ​មួយ បាតុករ​ថៃ បាន​រិះគន់​ជា​សាធារណៈ​លើ​ស្ថាប័ន​មហាក្សត្រ​ដែលមាន​ឥទ្ធិពល​ខ្លាំង និង​ការពារ​ដោយ​ច្បាប់​ដ៏​តឹងរ៉ឹង​។ ក្នុង​ការតវ៉ា​ថ្ងៃទី​៣ ខែសីហា បាតុករ​បាន​និយាយ​ចំៗ​ថា រាជវាំង​ប្រមូល​អំណាច​ដែល​មិន​ស្របតាម​ប្រជាធិបតេយ្យ និង​មិន​អើពើ​លើ​សកម្មភាព​របស់​រដ្ឋា​ភិ​បាល​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា ដែល​ធ្វើទុក្ខបុកម្នេញ​អ្នកប្រឆាំង​។ ពួកគេ​ចង់​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ស្ថាប័ន​មហាក្សត្រ​ឲ្យ​ស្របតាម​រដ្ឋធម្មនុញ្ញ​ប្រទេស​។​

 
​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ថៃ នៅតែ​បន្ត​រៀបចំ​មិន​ដាច់​ក្នុង​ទ្រង់ទ្រាយ​តូច សំដៅ​ទាមទារ​ឲ្យ​បញ្ចប់​ការ​ធ្វើបាប​អ្នកប្រឆាំង កែ​រដ្ឋធម្មនុញ្ញ​ដែល​តាក់តែង​ដោយ​យោធា និង​រំលាយ​សភា​ដើម្បី​រៀបចំ​ការបោះឆ្នោត​ថ្មី​។ ប៉ុន្តែ​អំឡុង​បាតុកម្ម​ថ្ងៃទី​៣ ខែសីហា ក្រុមអ្នកតវ៉ា​បាន​តម្រង់​គោលដៅ​ដាក់​ស្ថាប័ន​មហាក្សត្រ ជាមួយនឹង​ការស្នើ​ឲ្យ​មានការ​គ្រប់គ្រង​អំណាច​រាជវាំង​។​
 
​បាតុករ​ប្រមាណ​២០០​នាក់ បាន​ជួបជុំគ្នា​ជាថ្មី​នៅក្បែរ​វិមាន​ប្រជាធិបតេយ្យ​ក្នុង​រាជធានី​បាងកក ជាមួយនឹង​ការ​ស្លៀកពាក់​តាម​រឿង Harry Porter ក្នុងន័យ​បង្ហាញថា ពួកគេ​មក​កម្ចាត់​ក្រុម​មិនល្អ បង្ក​អយុត្តិធម៌​សង្គម​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters មេធាវី​ម្នាក់​ឈ្មោះ Anon Nampa បាន​ចោទ​រាជវាំង​ថៃ ថា បាន​ប្រមូល​អំណាច​កាន់តែច្រើន​ដែល​ប៉ះពាល់​ប្រជាធិបតេយ្យ និង​មិនមាន​សកម្មភាព​អ្វី​នៅពេលដែល​រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា ធ្វើបាប​អ្នកប្រឆាំង​នោះ​។ 
 
«​និយាយ​ពី​រឿងនេះ មិនមាន​ជា​ទង្វើ​ផ្ដួលរំលំ​រាជានិយម​ឡើយ តែ​ដើម្បី​អនុញ្ញាត​ឲ្យ​រាជានិយម​មាន​វត្តមាន​ក្នុងសង្គម​ថៃ​តាមផ្លូវ​ត្រឹមត្រូវ និង​សមស្រប​តាម​គោលការណ៍​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ និង​ប្រជាធិបតេយ្យ​។​» លោក Anon និយាយ​បែបនេះ​ទៅកាន់​ក្រុមបាតុករ​។ 
 
​អំឡុងពេល​តវ៉ា​នោះ បាតុករ​ជា​និស្សិត​ក៏បាន​អាន​ការទាមទារ​របស់​ពួកគេ​ដោយ​ផ្ដើម​ដោយ​ឃ្លា​ថា លុបចោល និង​កែទម្រង់​ច្បាប់​ដែល​ពង្រីក​អំណាច​ស្ដេច និង​ច្បាប់​ដែល​ប៉ះពាល់​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ដែលមាន​ស្ដេច​ជា​ប្រមុខរដ្ឋ​។ 
 
​នេះ​ជា​រឿង​កម្រ​មួយ​ដែល​មហាក្សត្រ​ថៃ​ត្រូវបាន​រិះគន់​ដោយ​ចំហ​បែបនេះ​។ មហាក្សត្រ​ថៃ និង​សមាជិក​រាជវង្ស​ឯទៀត ត្រូវបាន​ការពារ​ដោយ​ច្បាប់ព្រហ្មទណ្ឌ ហើយ​ករណី​បំពាន​ណាមួយ​អាច​ជាប់គុក​ដល់​ទៅ​១៥​ឆ្នាំ​ឯណោះ​។ ទាក់ទង​បាតុកម្ម​ពេលនេះ អ្នក​នាំ​ា​ពាក្យ​រង​រដ្ឋាភិបាល​ថៃ Ratchada Thanadirek លើកឡើងថា នេះ​ជា​ភារកិច្ច​របស់​ប៉ូលិស​ក្នុង​ការកំណត់​បទល្មើស​ដែល​អាច​កើត​ឡើយ​។ លោកស្រី​បន្តថា រដ្ឋាភិបាល​ចង់​ឲ្យ​បាតុករ​គោរព​ច្បាប់​ពេល​បញ្ចេញមតិ​របស់​ពួកគេ​។ 
 
​មហាក្សត្រ​ថៃ​បច្ចុប្បន្ន មហា​វ​ជិ​រាល​ង្ក​រណ៍ មិនសូវមាន​ប្រជាប្រិយភាព​ឡើយ​ក្នុងចំណោម​ពលរដ្ឋ​ថៃ​វ័យក្មេង បើ​ទោះ​ទ្រង់​ទទួលបាន​ការគោរព​ពី​ប្រជាជន​ឯទៀត​ក្ដី​។ ឡើង​សោយរាជ្យ​ផ្លូវការ​នៅ​ឆ្នាំ​២០១៩ ស្ដេច​អង្គ​នេះ បាន​ប្រមូល​អំណាច​ច្រើន​ក្នុង​ព្រហស្ថ​ដូចជា​ការគ្រប់គ្រង​អង្គភាព​យោធា​សំខាន់ៗ ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​អង្គឯង និង​ការកែ​រដ្ឋធម្មនុញ្ញ​បង្កើន​អំណាច​វាំង​ជាដើម​៕

Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា
© រក្សាសិទ្ធិដោយ thmeythmey.com