ជាតិ
គ្រួសារអ្នកស្រី សាវី នៅមណ្ឌលគិរី កាក់កបជាមួយដំណាំក្រូចវល្លិ ទុរេន និងប៊័រ
× ដោយ៖ ហៀត វណ្ណា
ភ្នំពេញ៖ អ្នកស្រី ប្រាក់ សាវី ជាកសិកររស់នៅក្នុងខេត្តមណ្ឌលគិរី ដែលប្រកបរបរដាំដំណាំក្រូចវល្លិ ទុរេន និងផ្លែប៊័រ។ ដំណាំហូបផ្លែរបស់អ្នកស្រី សាវី ទទួលបានទិន្នផលល្អ កំពុងមានការគាំទ្រច្រើនលើទីផ្សារ និងអាចឲ្យអ្នកស្រីរកចំណូលបានច្រើន។ អ្នកស្រីបានប្រាប់សារព័ត៌មាន ThmeyThmey25 ថា ជាមធ្យម គាត់អាចរកចំណូលបានចន្លោះពី ១ម៉ឺន ទៅ ១.៥ ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ។
កសិករដែលមានដើមកំណើតមកពីខេត្តព្រៃវែងរូបនេះ បានទៅរស់នៅក្នុងខេត្តមណ្ឌលគិរី តាំងពីឆ្នាំ១៩៩០។ អ្នកស្រី ប្រាក់ សាវី ប្រាប់សារព័ត៌មាន ThmeyThmey25 ថា ដំបូងឡើយ អ្នកស្រី ដាំដំណាំជាលក្ខណៈគ្រួសារប៉ុណ្ណោះ ហើយពេលនោះក៏មិនទាន់មានទីផ្សារច្រើនដូចបច្ចុប្បន្នដែរ។
ក្រោយមក នៅដើមឆ្នាំ២០១៨ កសិករវ័យ៥៨ឆ្នាំរូបនេះ ក៏ចាប់ពង្រីកផ្ទៃដីដាំដុះដល់៧ហិកតា ដោយមានក្រូចវល្លិ ២ពាន់គុម្ព ប៊ឺប្រហែល ៣០០ដើម និងទុរេនបាន ៣០០ដើម ក្រោយបានចេះបច្ចេកទេសដាំ ពីមន្ត្រីក្រសួងកសិកម្ម និងមើលឃើញពីតម្រូវការទីផ្សារកាន់តែច្រើននោះ។ បច្ចុប្បន្ន ដំណាំទាំងបីប្រភេទរបស់អ្នកស្រី ជាពិសេសគឺផ្លែប៊័រ ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីពលរដ្ឋក្នុងខេត្តមណ្ឌលគិរី និងទីផ្សារធំ នៅរាជធានីភ្នំពេញ។
អ្នកស្រី ប្រាក់ សាវី បញ្ជាក់ថា៖ «ជួនកាល មានគេមកទិញដល់កន្លែង ជួនកាលមានការបញ្ជាទិញពីភ្នំពេញជាដើម។ ចំណែកឯតម្លៃ គឺឡើងចុះទៅតាមទីផ្សារជាក់ស្តែង។ សព្វថ្ងៃ ខ្ញុំលក់ផាសិនតម្លៃ ៨០០០រៀល ក្នុងមួយគីឡូក្រាម។ ប៊ឺតម្លៃ ៧០០០-៨០០០ រៀល ក្នុងមួយគីឡូក្រាម ទៅតាមផ្លែតូចធំ និងទុរេនតម្លៃ ១៨០០០រៀល ក្នុងមួយគីឡូក្រាម»។
រូបភាពពីហ្វេសប៊ុកលោក វេង សាខុន
អ្នកស្រី សាវី ប្រាប់Themythmey25 ទៀតថា ជាមធ្យមគាត់អាចទទួលបានចំណូល ពី១ម៉ឺនដុល្លារ ទៅ១.៥ម៉ឺនដុល្លារ ក្នុងមួយឆ្នាំៗ ពីការលក់ផ្លែឈើទាំង៣ប្រភេទនេះ។
នៅក្នុងឱកាសចុះទស្សនកិច្ចនៅចម្ការរបស់អ្នកស្រី សាវី កាលពីថ្ងៃទី២៩ កក្កដា លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានកោតសរសើរចំពោះការខិតខំថែទាំដំណាំ និងទទួលបានផលយ៉ាងល្អនេះ។ សម្រាប់លោករដ្ឋមន្ត្រី នេះជាអ្វីដែលរាជរដ្ឋាភិបាលចង់ឃើញកសិករកម្ពុជា មានជោគជ័យ និងជីវភាពធូរធារ នៅក្នុងការប្រកបរបររបស់ខ្លួន ខណៈវិបត្តិកូវីដ-១៩ បានបង្អាក់សកម្មភាពនៅក្នុងវិស័យមួយចំនួននោះ។ ទន្ទឹងនឹងនោះ លោកវេង សាខុន ក៏បន្តលើកទឹកចិត្ត ឲ្យអ្នកស្រី ប្រាក់ សាវី ឲ្យប្រឹងប្រែងបន្ថែមទៀតដើម្បីធ្វើធានាបានទាំងបរិមាណ និងគុណភាពផលិតផលផ្លែឈើ ដែលកំពុងមានសក្តានុពលនេះ៕
រូបភាពពីហ្វេសប៊ុកលោក វេង សាខុន
រូបភាពពីហ្វេសប៊ុកលោក វេង សាខុន
រូបភាពពីហ្វេសប៊ុកលោក វេង សាខុន
រូបភាពពីហ្វេសប៊ុកលោក វេង សាខុន
រូបភាពពីហ្វេសប៊ុកលោក វេង សាខុន
© រក្សាសិទ្ធិដោយ thmeythmey.com