កីឡាអន្តរជាតិ
អន្តរជាតិ
FIFA ទ​ទូច​ឲ្យ​លោក Infantino បន្ត​ដឹកនាំ ទោះ​ស្ថិត​ក្រោយ​ការស៊ើបអង្កេត
04, Aug 2020 , 10:29 pm        
រូបភាព
​លោក Gianni Infantino ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) នឹង​បន្ត​កាន់តំណែង​នេះ​ដដែល បើ​ទោះ​កំពុង​ជាប់​ពាក់ព័ន្ធ​រឿងក្តី​ស៊ើបអង្កេត​របស់​អាជ្ញាធរ​ស្វ៊ី​ស​ពាក់ព័ន្ធ​ការស៊ើបអង្កេត​លើ​អំពើពុករលួយ​ក្នុង​វិស័យ​កីឡាបាល់ទាត់​កាលពី​៥​ឆ្នាំមុន​។ FIFA អះអាង​បែបនេះ​នៅ​ថ្ងៃទី​៣ ខែសីហា​។


​រដ្ឋអាជ្ញា​សហព័ន្ធ​ប្រទេស​ស្វ៊ី​ស​បានចាប់ផ្តើម​ដំណើរការ​នីតិវិធី​ស៊ើបអង្កេត​ព្រហ្មទណ្ឌ​លើ​លោក Infantino ដែល​សង្ស័យថា បាន​ឃុបឃិត​ជាមួយ​អតីត​អគ្គមេធាវី​ស្វ៊ី​សលោក Michael Lauber ពាក់ព័ន្ធ​ការប្រព្រឹត្ត​បទឧក្រិដ្ឋ​នៅក្នុង​ការជួបគ្នា​រវាង​លោក និង​មន្ត្រី​ត្រួតពិនិត្យ​ការស៊ើបអង្កេត​លើ​អំពើពុករលួយ​ក្នុង​កីឡាបាល់ទាត់​កាលពី​ឆ្នាំ​២០១៥​។ 
 
​លោក Lauber បាន​លាលែង​ពី​តំណែង​អគ្គមេធាវី​នេះ​កាលពី​សប្តាហ៍​មុន មុន​មានការ​ស៊ើបអង្កេត​នេះ​កើត​ឡើយ ពោលគឺ​ក្រោយពេល​តុលាការ​សហព័ន្ធ​បាន​តម្កល់​ការចោទប្រកាន់​ដែលថា លោក​បាន​កុហក​អំពី​ការជួប​ជាមួយ​លោក Infantino​។ យ៉ាងណាក៏ដោយ ទាំង​លោក Lauber និង Infantino សុទ្ធតែ​បាន​បដិសេធ​រួចមកហើយ​ថា ពួកគេ​មិនបាន​ធ្វើ​អ្វី​ខុស​នោះឡើយ​។​


 
​ជុំវិញ​ករណី​ស៊ើបអង្កេត​លើ​ប្រធាន​ស្ថាប័ន​គ្រប់គ្រង​បាល់ទាត់​ពិភពលោក​នេះ លោក Alasdair Bell អគ្គលេខាធិការរង FIFA បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​តាមរយៈ​វីដេអូ​ថា​៖«​ខ្ញុំ​គ្មាន​ការសង្ស័យ​ទេ​ថា​លោក Gianni Infantino នឹង​គោរព​រាល់​ការសម្រេចចិត្ត​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​ក្រមសីលធម៌​។ យើង​មិន​បានឃើញ​ភស្តុតាង​ណាមួយ​ជុំវិញ​បទឧក្រិដ្ឋ ឬ​ឥរិយាបទ​គ្មាន​សីលធម៌​របស់លោក Infantino នោះទេ​»​។​
 
​មិន​ត្រឹមតែ​ប៉ុណ្ណោះ FIFA ក៏បាន​ទទូច​ឲ្យ​បុរស​សញ្ជាតិ​ស្វ៊ី​ស វ័យ​៥០​ឆ្នាំ​រូបនេះ នៅ​បន្ត​បំពេញភារកិច្ច​របស់ខ្លួន​ក្នុងនាម​ជា​ប្រធាន FIFA ដដែល បើ​ទោះ​កំពុង​ជាប់​ពាក់ព័ន្ធ​រឿងក្តី​ខាងលើ និង​ថែមទាំង​រិះគន់​ការស៊ើបអង្កេត​របស់​អា​ជ្ញា​ធរ​ស្វ៊ី​ស​ទៀតផង​។​
 
​លោក Bell បាន​បន្ថែមទៀតថា ទាំង FIFA និង​ប្រធាន​របស់ខ្លួន​លោក Infantino ផ្ទាល់ ពិតជា​មិនមាន​អ្វី​ត្រូវ​លាក់បាំង​ទេ ហើយ​លោក​ត្រូវការ​តែ​តម្លាភាព​ប៉ុណ្ណោះ​។ ចំណែក​នីតិវិធី​ព្រហ្មទណ្ឌ​នេះ គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ឡើយ​៕

Tag:
 Gianni Infantino
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com