អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ្នកស្រី អ៊ុង​សាន ស៊ូ​ជី ប្រកាស​ឈរឈ្មោះ​ប្រជែង​ក្នុងការ​បោះឆ្នោត​ខែវិច្ឆិកា​
04, Aug 2020 , 11:29 pm        
រូបភាព
អ្នកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំមីយ៉ាន់ម៉ា បក់ដៃទៅកាន់អ្នកគាំទ្រ ពេលទៅដល់អគារគណៈកម្មការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា នៅថ្ងៃទី ៤ ខែសីហា ដើម្បីដាក់ពាក្យឈរឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោត នាខែវិច្ឆិកា (Reuters)
អ្នកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំមីយ៉ាន់ម៉ា បក់ដៃទៅកាន់អ្នកគាំទ្រ ពេលទៅដល់អគារគណៈកម្មការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា នៅថ្ងៃទី ៤ ខែសីហា ដើម្បីដាក់ពាក្យឈរឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោត នាខែវិច្ឆិកា (Reuters)
ដោយ:
​មេដឹកនាំ​មី​យ៉ាន់​ម៉ា អ្នកស្រី អ៊ុង​សាន ស៊ូ​ជី នៅ​ថ្ងៃទី ៤ ខែសីហា បានប្រកាស​ជា​ផ្លូវការ​ក្នុងការ​ឈរឈ្មោះ​ប្រជែង​អាណត្តិ​ទី​២​ក្នុងការ​បោះឆ្នោត ដែល​នឹង​រៀបចំឡើង​នា​ខែវិច្ឆិកា​ខាងមុខ​។ ការបោះឆ្នោត​នេះដែរ ត្រូវបាន​គេ​មើលឃើញថា​ជាការ​ពិសោធ​កំណែទម្រង់​ប្រជាធិបតេយ្យ​មិន​ប្រាកដប្រជា​របស់​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​មួយ​នេះ​។

 
​ច្រើន​ទសវត្សរ៍​ក្រោយ​ការដឹកនាំ​របស់​របប​សឹក អ្នកស្រី អ៊ុង​សាន ស៊ូ​ជី ដែល​បានឈ្នះ​ពានរង្វាន់​ណូបែល​សន្តិភាព​សម្រាប់​យុទ្ធនា​ការទាមទារ​ប្រជាធិបតេយ្យ បាន​ចូលកាន់​អំណាច​ក្នុង​ឆ្នាំ​២០១៦ ក្រោយ​យកឈ្នះ​ភ្លូកទឹកភ្លូកដី​ក្នុងការ​បោះឆ្នោត​ថ្នាក់ជាតិ​។ ក៏ប៉ុន្តែ​រដ្ឋាភិបាល​អ្នក​ស្រី ត្រូវបាន​បង្ខំ​ឲ្យ​ចែក​អំណាច​ជាមួយ​ពួកយោធា​។​
 
​នៅ​ថ្ងៃទី ៤ ខែសីហា អ្នកស្រី ស៊ូ​ជី អាយុ ៧៥​ឆ្នាំ បាន​បក់ដៃ​ទៅកាន់​អ្នកគាំទ្រ​ប្រមាណ​៥០​នាក់ នៅ​ជាយក្រុង​យ៉ាំង​ហ្គោ​ន មុនពេល​ដាក់ពាក្យ​ស្នើសុំ​ដើម្បី​ឈរឈ្មោះ​ជា​បេក្ខជន​ក្នុងការ​បោះឆ្នោត​នៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters អ្នកគាំទ្រ​ខ្លះ​របស់​អ្នកស្រី ស៊ូ​ជី បាន​ពាក់​ម៉ាស់​ពណ៌​ក្រហម ដើម្បី​បង្ហាញ​ភាព​ស្មោះស្ម័គ្រ​ចំពោះ​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) ហើយ​ស្រែកថា​៖«​អ្នក​ម្ដាយ ស៊ូ សូម​ឲ្យ​មាន​សុខ​ភាពល្អ​»​។​
 
​កេរ្តិ៍ឈ្មោះ​អ្នកស្រី​លើ​ឆាក​អន្តរជាតិ ត្រូវបាន​ធ្លាក់ចុះ​ជា​ទម្ងន់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ធ្វើទុក្ខបុកម្នេញ​លើ​ជនជាតិភាគតិច​កាន់សាសនា​ឥស្លាម រ៉ូ​ហ៊ីង​យ៉ា ។ យ៉ាងណា អ្នកស្រី​នៅតែ​ទទួល​ការគោរព​ស្រលាញ់​ច្រើន​ពី​ពលរដ្ឋ​អ្នកស្រី​ផ្ទាល់ ដែល​ភាគច្រើន​ជា​អ្នក​កាន់សាសនា​ព្រះពុទ្ធ​។  
 
​ក្នុង​ឆ្នាំ ២០១៧ យុទ្ធនាការ​វាយ​បង្ក្រាប​ដឹកនាំ​ដោយ​ក្រុម​យោធា​មី​យ៉ាន់​ម៉ា បាន​បង្ខំ​ឲ្យ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ជាង ៧៣​ម៉ឺន​នាក់​រត់​ភៀសខ្លួន​ទៅតាម​ព្រំដែន​បង់​ក្លា​ដែ​ស​។ នៅ​ទីនោះ ពួកគេ​ស្នាក់អាស្រ័យ​នៅ​ជំរំ​ជនភៀសខ្លួន​។ 
 
​ក្រុម​អ្នកស៊ើប​អង្កេត​របស់​អង្គការសហប្រជាជាតិ បានចេញ​សេចក្តី​សន្និដ្ឋានថា យុទ្ធនាការ​យោធា​នេះ ត្រូវបាន​អនុវត្ត​ឡើង​ដោយមាន​ចេតនា​ប្រល័យពូជសាសន៍​។ ក្នុង​ខែមករា អ្នកស្រី អ៊ុង​សាន ស៊ូ​ជី បាន​សារភាពថា ឧក្រិដ្ឋកម្ម​សង្គ្រាម ប្រហែល​ត្រូវបាន​ប្រព្រឹត្តទៅ​ប្រឆាំង​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា ក៏ប៉ុន្តែ​ច្រានចោល ការធ្វើ​ប្រល័យពូជសាសន៍ ។ ត្រង់នេះ អ្នកស្រី​បកស្រាយ​ថា ជនភៀសខ្លួន​ទាំងនោះ បាន​និយាយ​ពន្លើស​ពាក់ព័ន្ធ​នឹង​ការ​ធ្វើទុក្ខបុកម្នេញ​ពួកគេ​។ 
 
​យ៉ាងណា កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៩ ប្រទេស​អាហ្វ្រិក ហ្កំ​ប៊ី បានដាក់​ពាក្យបណ្ដឹង​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដោយ​ចោទប្រកាន់​មី​យ៉ាន់​ម៉ា​ថា​កំពុង​ធ្វើ​ប្រល័យពូជសាសន៍​ប្រឆាំង​ជនភាគតិច​រ៉ូ​ហ៊ីង​យ៉ា ៕ 

Tag:
 មី​យ៉ាន់​ម៉ា
  អ៊ុង​សាន ស៊ូ​ជី​
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com