COVID-19
អន្តរជាតិ
បងប្អូន៤នាក់នៅប៉េរូឡើងចុះភ្នំរៀងរាល់ថ្ងៃដើម្បីរកកន្លែងមានសេវារៀនអនឡាញ ពីឆ្វេងទៅស្តាំ Alvaro, Roxana និង Juan Carlos Cabrera រាវរកសេវាទូរសព្ទដើម្បីអាចសិក្សាអនឡាញ។ រូបថត AFP
× ដើម្បីអាចសិក្សាតាមអនឡាញ នាអំឡុងវិបត្តិ COVID-19 កុមារ៤នាក់ដែលជាបងប្អូនគ្នានៅទីជនបទក្នុងប្រទេសប៉េរូ នាំគ្នាឡើងចុះភ្នំជារៀងរាល់ថ្ងៃដើម្បីរកទីតាំងដែលមានសេវាទូរសព្ទ។ នេះបើតាមការផ្សាយរបស់ AFP។
Roxana អាយុ១៦ឆ្នាំ, Alberto អាយុ១៥ឆ្នាំ, Juan Carlos អាយុ១៣ឆ្នាំ និង Alvara អាយុ១០ឆ្នាំ រស់នៅស្រុក Manazo ខេត្ត Puno នាតំបន់ជួរភ្នំ Andes ត្រូវបន្តការសិក្សាអនឡាញតាមកម្មវិធីក្រសួងអប់រំរបស់ប៉េរូ ប៉ុន្តែផ្ទះរបស់ពួកគេស្ថិតនៅតំបន់ដាច់ស្រយាល និងមិនមានសេវាទូរសព្ទនោះឡើយ ដូច្នេះពួកគេត្រូវឡើងចុះភ្នំជារៀងរាល់ថ្ងៃដើម្បីស្វែងរកទីតាំងដែលមានសេវា។
អ្នកស្រី Raymunda Charca ជួយកូនៗរបស់ខ្លួនសិក្សាអនឡាញពីកំពូលភ្នំ។ រូបថត AFP
កុមារទាំង៤ សិក្សាអនឡាញ តាមរយៈកម្មវិធី WhatsApp ជាមួយអ្នកគ្រូឈ្មោះ Mery Quispe Achata ដែលបង្រៀននៅសាលាមួយក្នុងឃុំ Canaviri។ ជាទម្លាប់ អ្នកគ្រូ Mery បានបញ្ជូនមេរៀន និងលំហាត់ដល់សិស្សខ្លួននៅពេលព្រឹក ហើយនៅទីតាំងដែលមានសេវា សិស្សទាំងនោះ អាចឆ្លើយឆ្លងជាមួយគ្រូរបស់ខ្លួនបាន។
AFP មិនបានបញ្ជាក់ថា សិស្សទាំង៤នោះ រៀននៅកម្រិតណានោះឡើយ ប៉ុន្តែការសិក្សារបស់ពួកគេ មានជំនួយពីសំណាក់អ្នកស្រី Raymunda Charca ដែលជាម្តាយ។ ស្ត្រីវ័យ៤៣ឆ្នាំរូបនេះ តែងតែទៅតាមកូនៗដើម្បីរកតំបន់មានសេវានៅលើកំពូលភ្នំ ខណៈលោក Juan Cabrera ដែលជាស្វាមី មានអាជីពជាអ្នកគង្វាលសត្វនៅតំបន់ជនជាតិភាគតិច Quechuas។
© រក្សាសិទ្ធិដោយ thmeythmey.com