កីឡាអន្តរជាតិ
អន្តរជាតិ
Brentford អាច​រកបាន​២០០​លាន​ដុល្លារ បើ​ឈ្នះ Fulham ទៅលេង Premier League
04, Aug 2020 , 5:32 pm        
រូបភាព
Brentford ត្រូវ​តតាំង​ជាមួយ Fulham ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ Championship play-off ដើម្បី​ដណ្តើម​កៅអី​ទៅលេង​ក្របខណ្ឌ Premier League រដូវ​កាល ២០២០-២១ នៅ​រាត្រី​ថ្ងៃទី​៤ ខែសីហា វេលា​ម៉ោង​១​និង​៤៥​នាទី​រំលង​អា​ធ្រា​ត្រ [​ម៉ោង​នៅ​កម្ពុជា​]​។ នេះ​ជា​ឱកាស​របស់ Brentford វិលត្រឡប់​ទៅកាន់​លី​គ​កំពូល​ជា​លើកដំបូង​ក្នុង​រយៈពេល​៧៣​ឆ្នាំ និង​ជា​ផ្លូវ​ដើម្បី​ជួយ​ក្លិប​នេះ​អាច​រកបាន​ប្រាក់ចំណូល​ដល់​ទៅ ១៦០​លាន​ផោន (២០៩​លាន​ដុល្លារ​អាមេរិក​) ផង​។



​បើ​យោងតាម​របាយការណ៍រ​បស់​ក្រុមហ៊ុន​គណនេយ្យ Deloitte ក្លិប Brentford អាច​មានឱកាស​រកប្រាក់​ចំណូល​បាន​ដល់​ទៅ​២០៩​លាន​ដុល្លារ​ប្រសិន​ពួកគេ​អាច​ឈានទៅ​បង្ហាញខ្លួន​ក្នុង​ក្របខណ្ឌ​លី​គ​កីឡាបាល់ទាត់​កំពូល​អង់គ្លេស​រយៈពេល​៣​រដូវ​កាល ខណៈ Fulham ក៏​នឹង​អាច​រកបាន ១៧៦​លាន​ដុល្លារ​ផងដែរ ក្រោយពី​ជ័យជម្នះ​នៅ​កីឡដ្ឋាន Wembley នៅ​រាត្រី​នេះ​។​


 
​តាម​ការប៉ាន់ស្មាន​រប​ស់ Deloitte ប្រាក់ ១១១​លាន​ដុល្លារ នឹង​បានមកពី​ប្រព័ន្ធ​ផ្សព្វផ្សាយ និង ៩៨​លាន​ដុល្លារ​ទៀត បាន​ពី​ការបង់ប្រាក់​ក្នុង​រយៈពេល​៣​រដូវ​កាល​បន្ទាប់ ប្រសិនបើ Brentford ត្រូវ​កាត់​ចេញទៅ​លី​គ​ទី​ពីរ​វិញ​។ ប៉ុន្តែ​បើ Brentford អាច​បន្ត​ខ្លួន​នៅ Premier League សម្រាប់​រដូវ​កាល​ទី​៤​ទៀត​នោះ ពួកគេ​អាច​កើន​ប្រាក់ចំណូល​ឡើងដល់ ៣៤៦ លាន​ដុល្លារ​។​
​ដោយឡែក Fulham អាច​រកចំណូលបាន​ត្រឹម ១៧៦​លាន​ដុល្លារ​ក្នុង​រយៈពេល​៣​ឆ្នាំ នៅ Premier League ដែល​តិចជាង Brentford ដ្បិត​ពួកគេ​ត្រូវ​កាត់បន្ថយ​ប្រាក់​មួយចំនួន​ដោយសារ​ធ្លាប់​ទទួលបាន​ប្រាក់​មួយចំនួន​មកហើយ​ពី​កាត់ចោល​ទៅ Championship កាលពី​ឆ្នាំ ២០១៩ កន្លងទៅ​។ 
 
​ក្រុម Fulham និង Brentford បាន​ទម្លាក់​ក្រុម​គូប្រជែង​រៀងខ្លួន ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ Championship play-off ទាំងពីរ​ជើង​។ លទ្ធផល​ការប្រកួត​ក្នុង​វគ្គ​ជម្រុះ​នោះ Fulham បាន​យកឈ្នះ Cardiff City ៣-២ (​ជើង​ទីមួយ​ឈ្នះ​២-០, ១-២) ខណៈដែល Brentford បាន​វាយបក​យកឈ្នះ Swansea City ដោយ​លទ្ធផល ៣-២ (​ជើង​ទី​១​ចាញ់ ១-០, ឈ្នះ ៣-១ វិញ​)​។​


 
Brentford បានបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ ៣ ក្នុង​តារាង Championship ឈរ​ពីលើ​ក្រុម Fulham ដោយ​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​ទី​៤​។ ក្រុម​ពី​លេខ​៣​ដល់​លេខ​៦ ត្រូវ​ប្រកួត play-off ខណៈ​ក្រុម​ជើងឯក និង​រងជើង​ឯក​បាន​កៅអី​ស្វ័យប្រវត្តិ​ទៅ​ក្របខណ្ឌ​កំពូល​៕  
 

Tag:
 Brentford
  Fulham
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com