ជាតិ
សង្គមជាតិ
ស្រ្តីខ្មែរម្នាក់ បាត់បង់ជីវិត ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅកន្លែងលេងល្បែងប្រទេសថៃ
04, Aug 2020 , 6:00 pm        
រូបភាព
ទិដ្ឋភាពនៅកន្លែងលែងល្បែងស៊ីសងមួយ ក្នុងទីក្រុងបាងកក ក្រោយផ្ទុះអាវុធ (រូបពី បាងកកប៉ុស្តិ៍)
ទិដ្ឋភាពនៅកន្លែងលែងល្បែងស៊ីសងមួយ ក្នុងទីក្រុងបាងកក ក្រោយផ្ទុះអាវុធ (រូបពី បាងកកប៉ុស្តិ៍)
ស្រ្តីខ្មែរម្នាក់ ឈ្មោះ ម៉ៅ ស្រីពៅ អាយុ២៩ឆ្នាំ បានបាត់ជីវិត ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅកន្លែងល្បែងស៊ីសងមួយ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០។ នេះបើតាមការអះអាងរបស់លោក កុយ គួង អ្នកនាំពាក្យការបរទេស។



លោក កុយ គួង ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅល្ងាចថ្ងៃទី៤ ខែសីហា ថា ភាគីកម្ពុជា កំពុងទាក់ទងជាមួយអាជ្ញាធរថៃ ដើម្បីសុំយកសពស្រ្តីខ្មែរូបនោះ មកធ្វើបុណ្យនៅស្រុកកំណើត។ លោក និយាយថា៖«ទាល់តែថៃ អនុញ្ញាត ទើបយើងអាចយកមកបាន។ ឥឡូវ គេ កំពុងធ្វើកោសលវិច្ច័យសាកសព»។

យ៉ាងណា លោក មិនទាន់ទទួលបានព័ត៌មានលម្អិតឡើយថា ស្រ្តីខ្មែររូបនោះ ជាអ្នកបម្រើការងារនៅកន្លែងល្បែងស៊ីសងនោះឬយ៉ាងណា។

កាសែតបាងកកប៉ុស្តិ៍របស់ថៃ ផ្សាយថា ការផ្ទុះអាវុធនេះ បណ្តាលឲ្យមនុស្សស្លាប់៤នាក់ (ស្រី២នាក់) ដោយក្នុងនោះ មានមន្រ្តីប៉ូលិសស៊ើបអង្កេតម្នាក់ដែរ។ តែបាងកកប៉ុស្តិ៍ មិនបានបង្ហាញអត្តសញ្ញាណមនុស្ស៣នាក់ទៀត ដែលស្លាប់នោះទេ៕

Tag:
 ស្រ្តីខ្មែរស្លាប់នៅថៃ
  ផ្ទុះអាវុធ
© រក្សាសិទ្ធិដោយ thmeythmey.com