ជាតិ
កម្ពុជារកឃើញវិជ្ជមានកូវីដ-១៩ ​ចំនួន២ករណីទៀត លើបុរសខ្មែរម្នាក់ និងស្ត្រីកាហ្សាក់ស្តង់ម្នាក់​
05, Aug 2020 , 9:02 am        
រូបភាព
ដោយ: ថ្មីៗ
ក្រសួងសុខាភិបាលនៅថ្ងៃទី៥ ខែសីហានេះ បានប្រកាសពីការរកឃើញករណីថ្មីនៃជំងឺកូវីដ-១៩ ចំនួន២ករណីបន្ថែមទៀត លើបុរសខ្មែរម្នាក់ និងស្ត្រីជនជាតិកាហ្សាក់ស្តង់ម្នាក់។



ក្រសួងសុខាភិបាលបញ្ជាក់​ថា បុរសខ្មែរដែលទើបឆ្លងថ្មី មានអាយុ ៣៤ឆ្នាំ រស់នៅស្រុកកោះធំ ខេត្តកណ្តាល ដែលបច្ចុប្បន្ន ត្រូវបានដាក់​ឲ្យសម្រាក​នៅមណ្ឌលសុខភាពចាក់អង្រែក្រោម​។ បុរសរូបនេះ ជាអ្នក​ដំណើរ​ពីប្រទេសប៉ាគីស្ថាន បន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី ហើយធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កបូរី១០០ខ្នង រាជធានីភ្នំពេញ។

ចំណែក​ស្ត្រីកាហ្សាស្តង់ មានអាយុ៤២ឆ្នាំ បានធ្វើដំណើរពីប្រទេសកាហ្សាក់ស្តង់ បន្តជើងហោះហើរពីកូរ៉េខាងត្បូង មកដល់ប្រទេសកម្ពុជានៅថ្ងៃទី៣សីហា។ បច្ចុប្បន្នស្ត្រីរូបនេះ ត្រូវបានដាក់​ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ដោយឡែកអ្នករួម​ដំណើរសរុប២៨នាក់ទៀតដែលមានលទ្ធផលតេស្តអវិជ្ជមាន ត្រូវបានដាក់​ឲ្យ​ធ្វើ​ចត្តាឡីស័ក នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។ 

ជាមួយគ្នានេះ ក៏មានអ្នកជំងឺ២នាក់វិញដែរ ដែលបានសះស្បើយកូវីដ-១៩ ក្នុងនោះមានស្ត្រីខ្មែរអាយុ៦០ឆ្នាំម្នាក់ រស់នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងកុមារីអាមេរិកាំង(កែតម្រូវពីស្ត្រីមកកុមារី​ ) ដែលស្នាក់នៅក្នុងស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជា។ ​

គិតត្រឹមថ្ងៃទី៥ ខែសីហានេះ កម្ពុជាបានរកឃើញវិជ្ជមានកូវីដ-១៩ សរុប ២៤៣នាក់ ក្នុងនោះអ្នក​ដែល​កំពុងសម្រាកព្យាបាលមានចំនួន៤១នាក់ ក្នុងនោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៣នាក់,មណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញ ៣១នាក់,មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ៦នាក់​ និងនៅបន្ទប់ដោយឡែក​ ក្នុងស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជា ១នាក់៕

© រក្សាសិទ្ធិដោយ thmeythmey.com