អន្តរជាតិ
​អ្នកស្លាប់​ក្នុង​ហេតុការណ៍​ផ្ទុះ​ឃ្លាំង​គីមី​នៅ​បេ​រូត​ឡើងដល់​៧៨​នាក់​ហើយ រីឯ​របួស​ជាង​៤០០០​នាក់​
05, Aug 2020 , 10:00 am        
រូបភាព
ក្រុមជួយសង្រ្គោះកំពុងសែងជនរងគ្រោះក្រោយហេតុការណ៍ផ្ទុះនៅបេរូត។ រូបភាព AFP
ក្រុមជួយសង្រ្គោះកំពុងសែងជនរងគ្រោះក្រោយហេតុការណ៍ផ្ទុះនៅបេរូត។ រូបភាព AFP
​មនុស្ស​យ៉ាងហោចណាស់ ៧៨​នាក់​ស្លាប់ និង ៤​ពាន់​រងរបួស​ករណី​ផ្ទុះ​ដ៏​កក្រើក​ចំនួន​២​ដង នៅ​រដ្ឋធានី​បេ​រូត ប្រទេស​លី​បង់ នៅ​ថ្ងៃទី​៤ ខែសីហា​។ អាជ្ញាធរ មិនទាន់​រកឃើញ​មូលហេតុ​ច្បាស់លាស់​នៅឡើយ​ទេ ខណៈ​ប្រតិបត្តិ​ការរុករក​អ្នករងគ្រោះ​កំពុង​ធ្វើឡើង​។​

 
​ឧប្បទ្ទវហេតុ​ផ្ទុះ​ចំនួន​ពីរលើក​បន្តបន្ទាប់​គ្នា​នៅក្នុង​ទីក្រុង​បេ​រូត របស់​លី​បង់ បាន​បង្ក​ឲ្យ​មាន​វិនាស​សកម្ម​យ៉ាងខ្លាំង​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​រដ្ឋធានី​លី​បង់ និង​ប្រជាជន​ក្នុង​ទីក្រុង​។ មនុស្ស​យ៉ាងហោចណាស់ ៧៨​នាក់ បាន​បាត់​បង់ជីវិត និង ៤​ពាន់​នាក់​រងរបួស ចំណែក​មនុស្ស​ជាច្រើន​នាក់​ទៀត បាន​បាត់​ខ្លួន​។ ការបាក់​បែក​សំណង់​អាគារ និង​ការ​ដាច់​ភ្លើងអគ្គិសនី ធ្វើ​ឲ្យ​អាជ្ញាធរ​ជួប​បញ្ហា​ពិបាក​ស្វែងរក​ប្រជាជន ដែល​បាន​បាត់​ខ្លួន​។ 
 
​អាជ្ញាធរ​លី​បង់ មិនទាន់​រកឃើញ​មូលហេតុ​ផ្ទុះ​នៅឡើយ​ទេ​។ ប៉ុន្តែ​គេ​សង្ស័យថា ករណី​ផ្ទុះ​កើតចេញពី​ឃ្លាំង​ផ្ទុក​សារធាតុ​គីមី​អា​ម៉ូ​ញ៉ូ​ម​នីត្រាត (Ammonium nitrate) ដែលមាន​ចំនួន​ប្រមាណ​២៧០០​តោន នៅ​កំពង់ផែ​ក្នុង​ទីក្រុង​បេ​រូត ដែល​ត្រូវបាន​ស្តុក​ទុក​តាំងពី​ឆ្នាំ​២០១៤​មក​។ សារធាតុ​គីមី​នេះ អាច​យក​ប្រើប្រាស់​ជា​ជី និង​ជា​សមាសធាតុ​នៃ​គ្រឿងផ្ទុះ​ផងដែរ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Al Jazeera​។ 
 
​បន្ទាប់ពី​មាន​ករណី​ផ្ទុះ​នេះ ប្រធានាធិបតី​លី​បង់ លោក​Michel Aoun បាន​កោះប្រជុំ​ក្រុមប្រឹក្សា​ការពារជាតិ​ជាន់ខ្ពស់ ដើម្បី​ពិភាក្សា​បញ្ហា​បន្ទាន់​។ ចំណែក​នាយករដ្ឋមន្ត្រី​លី​បង់ លោក Hassan Diab បាន​សន្យា​រក​អ្នកពាក់ព័ន្ធ​នឹង​បញ្ហា​នេះ មក​ទទួលខុសត្រូវ ដោយ​មិនមាន​ការលើកលែង​ឡើយ​។ ដោយឡែក​រដ្ឋមន្ត្រី​សុខាភិបាល​វិញ ក៏បាន​អំពាវនាវ​ស្វែងរក​ជំនួយ​មនុស្សធម៌​ផងដែរ​។ 
 
​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល និង​មន្ត្រីជាន់ខ្ពស់​ប្រទេស​មួយចំនួន បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​មកជា​បន្តបន្ទាប់ ក្នុងនោះ​មានដូចជា លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន ប្រធានាធិបតី​រុស្សី​, នាយករដ្ឋមន្ត្រី​អង់គ្លេស លោក បូរី​ស ច​ន​សុន​, រដ្ឋមន្ត្រីការបរទេស​បារាំង លោក Jean-Yves Le Drian និង​នាយករដ្ឋមន្ត្រី​កាណាដា លោក ចា​ស្ទ្រី​ន ទ្រូ​ដូ ជាដើម​។ បន្ថែម​ពីលើ​ការរំលែក​ទុក្ខ ប្រទេស​ជាច្រើន ក៏​ប្រកាស​ផ្ដល់ជំនួយ​បន្ទាន់​ផងដែរ​៕

Tag:
 លី​បង់
© រក្សាសិទ្ធិដោយ thmeythmey.com