ជាតិ
សហជីព និង​ភាគី​សណ្ឋាគារ LE MERIDIEN ជជែក​គ្នា​មិនត្រូវ លើ​បញ្ហា​វិវាទ​រួម​និង​វិវាទ​បុគ្គល​
05, Aug 2020 , 10:27 am        
រូបភាព
បុគ្គលិក LE MERIDEN ធ្វើការទាមទារនៅមន្ទីរការងារខេត្តសៀមរាបកាលពីថ្ងៃទី៣ សីហា ២០២០។ (រូបពីលោក ទូច កុសល)
បុគ្គលិក LE MERIDEN ធ្វើការទាមទារនៅមន្ទីរការងារខេត្តសៀមរាបកាលពីថ្ងៃទី៣ សីហា ២០២០។ (រូបពីលោក ទូច កុសល)
​ភ្នំពេញ​៖ សហជីព​នៃ​សណ្ឋាគារ LE MERIDIEN ANGKOR បាន​ដើរ​ចេញពី​តុ​ចរចា ក្រោយពី​មន្ទីរ​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តសៀមរាប សម្រេច​ដាក់​វិវាទ​បុគ្គលិក​៣​រូប ដែល​ត្រូវ​ភាគី​សណ្ឋាគារ​បញ្ឈប់​ការងារ ឲ្យ​ទៅជា​វិវាទ​បុគ្គល ដែល​ផ្ទុយ​ពី​ការតវ៉ា​របស់​កម្មករ​។


​បុគ្គលិក LE MERIDIEN ANGKOR ប្រមាណ​៤០​នាក់ បានទាមទារ​ឲ្យ​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តសៀមរាប និង​អ្នកគ្រប់គ្រង​សណ្ឋាគារ ដាក់​វិវាទ​តំណាង​កម្មករ​ស្រី្ត​៣​រូប ដែល​ត្រូវបាន​បញ្ឈប់​ពី​ការងារ​ចូល​ជា​វិវាទ​រួម​។ លើសពីនេះ គឺ​ទាមទារ​ឲ្យ​កាត់បន្ថយ​ប្រាក់​ឈ្នួល​ត្រឹម​២០​ភាគរយ​វិញ ក្រោយ​ភាគី​សណ្ឋាគារ ប្រកា​សកាត់​៣៥​ភាគរយ​នៃ​ប្រាក់ខែ​គោល កាលពី​ខែកក្កដា​កន្លងមក​។ 
 
​លោក ទូច កុសល ប្រធាន​សហព័ន្ធ​សហជីព​កម្មករនិយោជិត​វិស័យ​ទេសចរណ៍​កម្ពុជា បាន​បញ្ជាក់ថា កម្មករ LE MERIDIEN ANGKOR បានទាមទារ​៣​ចំណុច ទៅ​ភាគី​សណ្ឋាគារ ប៉ុន្តែ​ការចរចារ​ដែលមាន​មន្ទីរ​ការងារ​ជា​អ្នកសម្របសម្រួល កាលពី​ថ្ងៃទី​៣ សីហា​នោះ ត្រូវបាន​បរាជ័យ​នៅត្រឹម​ការចរចារ​ចំណុច​ទី​១ ដែល​ស្នើ​ដាក់​វិវាទ​តំណាង​កម្មករ​៣​រូប ចូល​ជា​វិវាទ​រួម​។  
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ លោក ទូច កុសល បាន​បញ្ជាក់ថា​៖ «​តំណាង​សហជីព​បាន​ងើប​ដើរចេញ នៅពេល​មន្ទីរ​ការងារ​សម្រេច​ដាក់​វិវាទ​នេះ​ជា​វិវាទ​បុគ្គល ពួកយើង​មិន​ទទួលស្គាល់​ឡើយ​»​។ 
 
​កាលពី​ថ្ងៃទី​៣ សីហា មន្ទីរ​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តសៀមរាប បានសម្រេច​ដាក់​វិវាទ​បុគ្គលិក​៣​រូប ដែល​ត្រូវ​ភាគី​សណ្ឋាគារ​បញ្ឈប់​ការងារ ឲ្យ​ទៅជា​វិវាទ​បុគ្គល ដែល​ផ្ទុយ​ពី​ការតវ៉ា​របស់​កម្មករ​។​
 
​ត្រង់ចំណុច​នេះ លោក ទូច កុសល អះអាងថា ការសម្រេច​របស់​មន្ទី​រ​នេះ គឺ​មិន​ត្រឹមត្រូវ​ឡើយ ដោយសារ​តំណាង​កម្មករ​ទាមទារ​កន្លងមក គឺ​ដើម្បី​ប្រយោជន៍​បុគ្គលិក​រួម ។​«​ដូច្នេះ​វិវាទ​នេះ​ត្រូវ​ចាត់ទុកជា​វិវាទ​រួម ដើម្បី​ឲ្យ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ជា​អ្នកដោះស្រាយ​។ ចំណែក​ពីរ​ចំណុច​ទៀត មន្ទីរ​បាន​ចាត់​ចូល​ជា​វិវាទ​រួម ប៉ុន្តែ​មិនបាន​ចរចារ​ឡើយ ព្រោះ​ក្រុម​សហជីព​និយោជិត​និង​ជិ​យោជក ជជែក​គ្នា​មិនត្រូវ​តាំងពី​ចំណុច​ដំបូង​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ទូច កុសល​។ 
 
​ប្រធានការិយាល័យ​ដោះស្រាយ​វិវាទ​នៅ​មន្ទីរ​ការងារ​ខេត្តសៀមរាប លោក ផេង ឆេង​លី បាន​បញ្ជាក់ថា ការសម្រេច​ដាក់​វិវាទ​តំណាង​បុគ្គលិក​ស្រី្ត​៣​រូប​ជា​វិវាទ​បុគ្គល ដោយសារ​អ្នក​ទាំង​នោះបាន​ចែកចាយ​ព័ត៌មាន​លើ​បណ្ដាញ​សង្គម ធ្វើ​ឲ្យ​ប៉ះពាល់​ឈ្មោះ​សណ្ឋាគារ ដែល​មិនអាច​ចាត់​ចូល​ជា​វិវាទ​រួម​ឡើយ​។ 
 
​លោក ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​ការសម្រេច​នេះ គឺធ្វើឡើង​តាមច្បាប់ ដោយសារ​តំណាង​បុគ្គលិក​ទាំង​៣​ដែល​បញ្ឈប់​ពី​ការងារ​បាន​ចែកចាយ​ព័ត៌មាន​ពី​សណ្ឋាគារ ធ្វើ​ខូច​ឈ្មោះ​សណ្ឋាគារ ទើប​គេ​បញ្ឈប់​ពួកគាត់ ហើយ​ការបញ្ឈប់​និង​ការធ្វើ​ឲ្យ​ខូច​ឈ្មោះ​នេះ គឺ​មិនមែន​ដើម្បី​ប្រយោជន៍​រួម​នោះទេ អ៊ីចឹង​បាន​យើង​ចាត់ទុកជា​វិវាទ​បុគ្គល​»​។ 
 
​ជាមួយគ្នា​ដែរ លោក ឆេង​លី បាន​អះអាង​វិញ​ថា ភាគី​សហជីព​ធ្វើ​មិន​ត្រឹមត្រូវ​ឡើយ ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​៣ សីហា ព្រោះ​វិវាទ​នេះ ជា​វិវាទ​របស់​សហជីព​មូលដ្ឋាន ប៉ុន្តែ​បែរជា​ឲ្យ​អ្នក​នៅ​សហព័ន្ធ​សហជីព​ចូលរួម​ដោះស្រាយ​ទៅវិញ​។ 
 
​លោក ទូច កុសល បាន​ឆ្លើយតប​ថា ការដែល​សហព័ន្ធ​សហជីព​លោក​ចូល​ដោះស្រាយ​វិវាទ​នេះ គឺ​ភាគី​សហជីព​និង​បុគ្គលិក បាន​ព្រម​ព្រៀ​គ្នា​ផ្ទេរសិទ្ធិ​ដោះស្រាយ​ឲ្យ​សហព័ន្ធ​សហជីព​លោក​។ រីឯ​ការ ធ្វើ​ឲ្យ​ខូច​ឈ្មោះ​សណ្ឋាគារ ដែល​ប្រធានការិយាល័យ​ដោះស្រាយ​វិវាទ​លើកឡើង លោក ទូច កុសល ស្នើ​ឲ្យ​មន្ទីរ​ពិនិត្យមើល​បញ្ហា​រឿងរ៉ាវ​ជាក់ស្ដែង ដើម្បី​យកមក​ដោះស្រាយ​។ 
 
​យ៉ាងណាក៏ដោយ មេ​សហជីព​រូប អះអាងថា ក្រុម​បុគ្គលិក​នឹងធ្វើ​ការទាមទារ​បន្តទៀត លើ​៣​ចំណុច​ដែល​បានទាមទារ​កន្លងមក ដោយ​មិន​ទទួលយក​ការសម្រេច​របស់​មន្ទីរ​ការងារ កាលពី​ថ្ងៃទី​៣ ខែសីហា​ឡើយ​។​
 
​ចាប់តាំងពី​ថ្ងៃ​ជូនដំណឹង​នៃ​ការ​កាត់​ប្រាក់ខែ​គោល​៣៥​ភាគរយ ក្រោម​ហេតុផល​មិនសូវ​សម្បូរ​ភ្ញៀវ​នៅ​អំឡុងពេល​កូ​វីដ​-១៩ កាលពី​ខែកក្កដា ដល់​ថ្ងៃទី​៣ សីហា​នេះ គឺ​បុគ្គលិក​សណ្ឋាគារ LE MERIDIEN ANGKOR បាន​ប្រមូល​ផ្ដុំគ្នា​៣​លើក​ហើយ ដើម្បី​តវ៉ា​ឲ្យ​ភាគី​សណ្ឋាគារ​កាត់​ត្រឹម​២០​ភាគរយ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ទូច កុសល​៕ 

Tag:
 កម្មករ​
  LE MERIDIEN
  វិវាទ​កម្មករ​
  សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com