ជាតិ
ទុរេន​មាន​ចំណែក​ទាក់ទាញ​ទេសចរណ៍​ទៅកាន់​ខេត្តកំពត​
05, Aug 2020 , 11:51 am        
រូបភាព
​ក្នុង​ឆ្នាំ​២០២០ តំបន់​ទេសចរណ៍​ជាច្រើន​ក្នុងប្រទេស​កម្ពុជា មានការ​ធ្លាក់ចុះ​ចំនួន​ភ្ញៀវទេសចរ ដោយសារ​ការរីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ ដោយឡែក ខេត្តកំពត​ដែលជា​ខេត្ត ស្ថិតនៅ​តំបន់ឆ្នេរ មិនមាន​ការធ្លាក់ចុះ​ភ្ញៀវទេសចរ​ទេ បែរជា​កើនឡើង​ទេសចរ​ទៅ​កម្សាន្ត ក្នុងនោះ​ដំណាំ​ទុរេន​ក៏​ជា​សក្តានុពល​ដ៏​ទាក់ទាញ​មួយ​ផងដែរ​។ នេះ​បើតាម​លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​២៥​តាម​ទូរ​សព្ទ​។​

 
«​មូលហេតុ​ដែល​ភ្ញៀវទេសចរ​កើនឡើង​ដោយសារ យើង​មាន​សេវាកម្ម​ទេសចរណ៍​សម​ស្រប មាន​បឹង​កា​ឡូ មាន​រមណីយដ្ឋាន​ច្រើន​តាម​ដងព្រែក សេវាកម្ម​ម្ហូបអាហារ​គ្រឿង​សមុទ្រ និង​រដូវ​ផ្លែឈើ គឺ​ផ្លែ​ទុរេន ហើយ​មួយទៀត​ផ្លូវ​ធ្វើដំណើរ​បានធ្វើ​ហើយ​ច្រើន ហើយ​ខេត្តកំពត​ស្ថិតនៅ​មិន​ឆ្ងាយ​ពី​ភ្នំពេញ​អ៊ីចឹង​បានជា​ភ្ញៀវទេសចរ​ជ្រើស​មកលេង​កំពត​ជាង​ខេត្ត​ដទៃ​»​។ នេះ​បើតាម​លោក សយ ស៊ី​ណុល ដោយ​បន្ថែមថា ខេត្តកំពត មាន​សក្តានុពល​ទេសចរណ៍​ជាច្រើន​ខុសប្លែក​ពីគ្នា បូករួម​ជាមួយ​រដូវ​ផ្លែឈើ​ដូចជា​ផ្លែ​ទុរេន និង​សាវម៉ាវ ព្រមជាមួយ​អាហារ​បែប​គ្រឿង​សមុទ្រ​ដ៏​សម្បូរបែប​។​


 
​ប្រធាន​មន្ទីរ​ទេសចរណ៍​រូបនេះ មាន​សេចក្ដី​រីករាយ​ជាខ្លាំង​ដែល​ខេត្តកំពត​មានការ​កើនឡើង​ចំនួន​ភ្ញៀវទេសចរ​គួ​ឱ្យ​កត់សម្គាល់​។ ជាមួយគ្នានេះ លោក ស៊ី​ណុល ក៏មាន​ការព្រួយបារម្ភ ដោយសារ​ចំនួន​ភ្ញៀវទេសចរ​កើន​ច្រើនពេក​អាច​នឹងមាន​ការពិបាក​ក្នុងការ​គ្រប់គ្រង​។ 
 
​គួ​បញ្ជាក់​ផងដែរ​ថា​ក្នុង​រយៈពេល​៣​ខែ​ចុង​ក្រោយនេះ​គឺ​ខែឧសភា ដល់​ខែកក្កដា ឆ្នាំ​២០២០​ខេត្តកំពត​ទទួលបាន​ភ្ញៀវទេសចរ​ចំនួន​ជាង​៤៣​ម៉ឺន​នាក់ ក្នុងនោះ​ភ្ញៀវ​ក្នុងស្រុក​ជាង​៤២​ម៉ឺន​នាក់ និង​ភ្ញៀវ​អន្តរជាតិ​ប្រមាណ​៤​ពាន់​នាក់​៕



© រក្សាសិទ្ធិដោយ thmeythmey.com