កីឡាអន្តរជាតិ
អន្តរជាតិ
ជាង​២០​ឆ្នាំ​លើ​ទីលាន​ស្មៅ​បៃតង អ្នកចាំទី Casillas ចូលនិវត្តន៍​ហើយ​
05, Aug 2020 , 12:28 pm        
រូបភាព
​វីរបុរស Real Madrid និង​ជម្រើសជាតិ​អេ​ស្ប៉ា​ញ Iker Casillas បញ្ចប់​អាជីព​ពី​កីឡាបាល់ទាត់​ក្នុងនាម​ជា​អ្នកចាំទី នៅ​អាយុ ៣៩​ឆ្នាំ​។ Casillas ធ្លាប់​ជួប​បញ្ហា​គាំង​បេះ​ដូច​ម្តង​រួចមកហើយ​អំឡុងពេល​ហ្វឹកហាត់​ជាមួយ FC Porto នៅ​ឆ្នាំ​២០១៩ និង​អាក់ខាន​បង្ហាញខ្លួន​តាំងពី​ពេលនោះ​មក រហូត​ប្រកាស​ព្យួរ​ស្រោមដៃ​នៅ​ថ្ងៃទី​៤ ខែសីហា​នេះ​។​


Casillas បាន​ក្លាយជា​អ្នកចាំទី​ឲ្យ​ក្រុម​ឈុត​ធំ Real Madrid ក្នុង​ឆ្នាំ​១៩៩៩ ដោយ​បង្ហាញខ្លួន​សរុប​ចំនួន​៧២៥​លើក​។ នៅ​ទឹកដី Bernabeu អស់​រយៈពេល​១៦​ឆ្នាំ​រូបគេ​ជួយ​ក្រុម​រហស្សនាម​អធិរាជ​ស​ឈ្នះ​ពាន​ធំៗ​ដូច​ចា La Liga ចំនួន​៥​លើក និង Champions League ៣​សម័យ​។​
 
​នៅ​ឆ្នាំ​២០១៥ អ្នកចាំទី​ដៃ​ស្អិត​រូបនេះ​បាន​ចាក​ចេញពី​ក្រុម​យក្ស​អេ​ស្ប៉ា​ញ ដើម្បី​ទៅ​ចូលរួម​ជាមួយ FC Porto ដោយ​បង្ហាញ​សរុប​បាន​១៥៦​ប្រកួត​។ រយៈពេល ៤ រដូវ​កាល Casillas ក៏បាន​ជួយ​ក្រុម​យក្ស​ព័រ​ទុ​ហ្គា​ល់​មួយ​នេះ​លើក​ពាន Primeira Liga ពីរលើក និង Portuguese Cup មួយ​លើក​ផងដែរ​។​
 
​នៅ​ទឹកដី​ព័រ​ទុយ​ហ្គា​ល់ Casillas បាន​ជួប​ហេតុការណ៍​អាក្រក់​គាំងបេះដូង​អំឡុងពេល​ហ្វឹកហាត់ ប៉ុន្តែ​រូបគេ​បានគេច​ផុតពី​គ្រោះថ្នាក់​និង​សះស្បើយ​ពី​ជំងឺ​វិញ​។ បើ​ទោះ​សះស្បើយ​ក្តី ប៉ុន្តែ​រូបគេ​មិនបាន​ត្រឡប់​ចូល​ទីលាន​តាំងពី​ខែមេសា ឆ្នាំ​២០១៩ រហូត​ប្រកាស​បញ្ចប់​អាជីព​នៅ​ខែសីហា ឆ្នាំ​២០២០​។​
 
​សមិទ្ធផល​ដ៏​អស្ចារ្យ​ផ្សេងៗ​ទៀត គឺ Casillas បាន​ជួយ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​លើក​ពានរង្វាន់​កីឡាបាល់ទាត់​ពិភពលោក World Cup ឆ្នាំ​២០១០ រួមទាំង​ពាន​អឺរ៉ុប Euro ចំនួន​២​លើក​ជាប់​គ្នា​ក្នុង​ឆ្នាំ ២០០៨ និង​២០១២​។ 
 
​សម្រាប់​ជម្រើសជាតិ​អេ​ស្ប៉ា​ញ Casillas លេង​បាន​១៦៧​ប្រកួត​ចន្លោះ​ពី​ឆ្នាំ​២០០០ និង​២០១៦៕
 

Tag:
 Iker Casillas
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com