ជួយ​ចែករំលែក​! ចង់​ទប់ស្កាត់​ជំងឺ​ធាត់​ជ្រុល កុំ​រំលង​អត្ថបទ​នេះ​
ពីនេះ ពីនោះ / មិនយល់...!
សុខភាព
ជួយ​ចែករំលែក​! ចង់​ទប់ស្កាត់​ជំងឺ​ធាត់​ជ្រុល កុំ​រំលង​អត្ថបទ​នេះ​
05, Aug 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភាពធាត់​ជ្រុល​ផ្សារភ្ជាប់​នឹង​ការកើនឡើង​នូវ​ហានិភ័យ​នៃ​ជំងឺ​ជាច្រើន ប៉ុន្តែ​ចង់​ទប់ស្កាត់​ភាពធាត់​ជ្រុល​មិន​ពិបាក​ឡើយ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ផ្លាស់ប្ដូរ​ទម្លាប់​ខ្លះ​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​។ ទម្លាប់​ទាំងនោះ​មាន​អ្វីខ្លះ​? កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ទម្លាប់​ដែល​អ្នក​គួរប្រកាន់​ខ្ជាប់​ដើម្បី​ចៀស​ផុតពី​ហានិភ័យ​នៃ​ជំងឺ​ធាត់​ជ្រុល ៖

 
១. ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​
 
​ការធ្វើ​លំ​ហាត់ប្រាណ គឺ​ចាំបាច់​ណាស់​សម្រាប់​រក្សាសុខ​ភាព​រាងកាយ​ទាំងមូល ក៏ដូចជា​ប្រយុទ្ធ​ប្រឆាំងនឹង​ភាពធាត់​ជ្រុល​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​អ្នក​ចាំបាច់​គួរ​ព្យាយាម​ធ្វើ​លំ​ហាត់ប្រាណ​ឱ្យបាន​ទៀងទាត់​យ៉ាងហោចណាស់ ១៥០ នាទី​ក្នុង​មួយ​សប្តាហ៍ ឬ​រយៈពេល ៣០ នាទី​យ៉ាងហោចណាស់ ៥ ដង​ក្នុង​មួយ​សប្តាហ៍​។​
 
២. ចៀសវាង​ភេសជ្ជៈ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់ និង​ភេសជ្ជៈ​សូ​ដា​
 
​ជាតិ​ស្ករ​ខ្ពស់​នឹង​បង្កើន​ហានិភ័យ​នៃ​បញ្ហា​ធាត់​ជ្រុល ឬ​លើស​ទម្ងន់​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​អ្នក​ចាំបាច់​គួរ​កម្រិត ឬ​ចៀសវាង​ទទួលទាន​ភេសជ្ជៈ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​។ នេះ​មិនមែន​មានន័យថា​អ្នក​គួរ​ជ្រើសរើស​ទទួលទាន​ភេសជ្ជៈ​កំប៉ុង​គ្មាន​ជាតិ​ស្ករ​ជាប្រចាំ​ជំនួស​វិញ​នោះទេ​! ក៏​ព្រោះ​ជាតិ​ផ្អែម​សិប្បនិម្មិត​អាច​បណ្ដាលឱ្យ​អ្នក​ធាត់​បាន​ដូច​ស្ករ​ធម្មតា​ដែរ​។​
 
៣. ទទួលទាន​បន្លែ​ឱ្យបាន​ច្រើន​
 
​ការបង្កើន​កម្រិត​នៃ​ការទទួល​ទាន​បន្លែ ក៏ដូចជា​ផ្លែឈើ គឺ​ល្អ​ណាស់​ដើម្បី​ទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​ធាត់​ជ្រុល​។ ការទទួល​ទាន​បន្លែ​ផ្លែឈើ​ក៏​ជួយ​ជម្រុញ​ការ​ស្រក​ទម្ងន់​ដែល​ល្អ​សម្រាប់​អ្នក​ដែល​កំពុង​ព្យាយាម​សម្រក​ទម្ងន់​ផងដែរ​។ បន្លែ​ផ្លែឈើ​ថែមទាំង​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ស​សៃ​ឈាម​បេះដូង​និង​មហារីក​គួរឱ្យកត់សម្គាល់​។​
 
៤. គេង​ឱ្យបាន​គ្រប់គ្រាន់​
 
​ផលប៉ះពាល់​មួយ​ផ្សេងទៀត​នៃ​ការ​គេង​មិន​គ្រប់ គឺ​ជំងឺ​ធាត់​ជ្រុល​។ កង្វះ​នៃ​ការ​គេង​អាច​បង្កបញ្ហា​អតុល្យភាព​នៃ​អ័រម៉ូន​និង​ចំណង់​អាហារ​។ នៅពេល​គេង​មិនបាន​គ្រប់គ្រាន់​រាងកាយ​នឹងមិន​អាច​ផលិត​អ័រម៉ូន ghrelin (​ទទួលខុសត្រូវ​រំញោច​ការ​ឃ្លាន​) និង​អ័រម៉ូន leptin (​ទប់ស្កាត់​ចំណង់​អាហារ​) ត្រឹមត្រូវ​ដើម្បី​អាចអោយ​ខួរក្បាល​បានដឹងថា​យើង​ឆ្អែត​ក្រោយ​ទទួលទាន​រួច​ឡើយ​។ ម្យ៉ាងវិញទៀត​ការ​គេង​មិន​គ្រប់​អាច​បណ្ដាលឱ្យ​រាងកាយ​ស្ត្រេ​ស​ហើយ​បញ្ចេញ​អ័រម៉ូន cortisol ដែល​បង្កើន​ឱកាស​នៃ​ការ​កើន​ទម្ងន់​មិនចាំបាច់​ផងដែរ​។​
 
៥. ចៀសវាង​សាច់​កែច្នៃ​
 
​នេះ​ក៏​ព្រោះតែ​ការទទួល​ទាន​សាច់​កែច្នៃ​អាច​បណ្ដាលឱ្យ​អ្នក​កើន​ទម្ងន់​ឆាប់រហ័ស​ដោយ​មូលហេតុ​ចម្បង​ពីរ​។ ទី​១​នោះ​គឺ​អាហារ​ប្រភេទ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​មិនល្អ saturated fat​។ ទី​២​នោះ​គឺ​សារធាតុ​គីមី​ក្នុង​សាច់​កែច្នៃ​អាច​បង្ក​ការ​រលាក​ក្នុង​រាងកាយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com