ជាតិ
អន សុវណ្ណ ពី​អ្នក​នាំ​ភ្ញៀវទេសចរ​ដើរ​ព្រៃ ក្លាយជា​ប្រធាន​សហគមន៍​«​ជី​ផាត​» ទាំង​វ័យក្មេង​
05, Aug 2020 , 7:29 pm        
រូបភាព
​កោះកុង​៖ ៣​ឆ្នាំ​មកហើយ ដែល​យុវជន​វ័យ​២៨​ឆ្នាំ អន សុវណ្ណ បំពេញ​តួនាទី​ជា​អ្នកដឹកនាំ​ប្រជា​សហគមន៍​ជី​ផាត់​ជាង​៦០០​គ្រួសារ​។ តួនាទី​ប្រធាន​សហគមន៍​របស់ សុវណ្ណ នេះ បានមកពី​ការប្រឹងប្រែង និង​ឆន្ទៈ​ចង់​អភិវឌ្ឍន៍​សហគមន៍​។ ជាពិសេស​ក្តី​ស្រលាញ់​ធនធានធម្មជាតិ និង​ក្តី​ប្រាថ្នា​ចង់ឃើញ​ប្រជា​សហគមន៍​ជី​ផាត ពិសេស​កុមារ ពោរពេញ​ទៅដោយ​ចំណេះដឹង សមត្ថភាព​។​

 
​ឆ្នាំ​២០០៧ វត្តមាន​នៃ​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត បាន​លេច​រូបរាង​ឡើង ក្នុង​គោលបំណង​កែប្រែ​ប្រជា​សហគមន៍​ពីមុខរ​បរកាប់​ព្រៃឈើ និង​បរបាញ់​សត្វព្រៃ​លក់ ទៅជា​ការអភិរក្ស និង​ការពារ​ធនធានធម្មជាតិ​វិញ ដើម្បី​ជា​ប្រយោជន៍​ដល់​សហគមន៍​ទាំងមូល តាមរយៈ​ការទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ចូល​មកលេង​កម្សាន្ត​នៅ​តំបន់​ធម្មជាតិ​នេះ​។  គោលបំណង​នៃ​ការបង្កើត​សហគមន៍​អេកូ​ទេសចរណ៍​នេះ បាន​បំផុសទឹកចិត្ត សុវណ្ណ ដែល​កាលណោះ​មាន​វ័យ​ត្រឹម​១៥​ឆ្នាំ កំពុង​រៀនសូត្រ​នៅ​ថ្នាក់​ទី​៨ ឱ្យ​ស្រលាញ់​ធនធានធម្មជាតិ​ទាំងនេះ  និង​មានចិត្ត​ចង់​រួមចំណែក​អភិវឌ្ឍ​សហគមន៍​ឱ្យ​រីកចម្រើន តាំងពី​ពេលនោះ​រហូតមក​។​
 
​សុវណ្ណ ជា​កូន​ទី​២​ក្នុងចំណោម​បងប្អូន​៦​នាក់ មាន​ឪពុកម្តាយ​ជា​កសិករ​មិនសូវមាន​ជីវភាព​ធូរធារ​ប៉ុន្មាន​ឡើយ​នៅក្នុង​ភូមិ​-​ស្រុក ប៉ុន្តែ​រូបគេ​មានឱកាស​សិក្សា​រៀនសូត្រ​បាន​ច្រើន ពិសេស​គឺ​ភាសា​អង់គ្លេស​ពី​សហគមន៍​តែម្ដង​។ ព្រោះតែ​ក្តី​ស្រលាញ់​ធនធានធម្មជាតិ និង​មានការ​ផ្តល់ឱកាស​ពី​សហគមន៍​នោះ សុវណ្ណ តែងតែ​ឆ្លៀត​ពេលទំនេរ​ពី​ការសិក្សា​នាំ​ភ្ញៀវទេសចរ ពិសេស​នាំ​ភ្ញៀវ​ជា​ជនជាតិ​បរទេស​ដើរ​កន្លែង​កម្សាន្ត​នានា​នៅក្នុង​ព្រៃ ក្នុង​ឆន្ទៈ​ចង់ឱ្យ​ភ្ញៀវទេសចរ​ទាំងនោះ​បាន​ស្គាល់ បានដឹង​នូវ​ភាពស្រស់ស្អាត​គ្រប់​ទីកន្លែង​។ 


 លោក អន សុវណ្ណ ប្រធាន​សហគមន៍​ជី​ផាត  កំពុងស្ថិត​នៅក្នុង​ទី​ស្នាក់​សហគមន៍​។ 

​រៀន​ភាសា​អង់គ្លេស​នៅក្នុង​សហគមន៍ នាំ​ភ្ញៀវ​ដើរលេង ហូបបាយ​ជាមួយ​ភ្ញៀវ ហើយ​បាន​ប្រា​ក់ទៀត​។ សកម្មភាព​ប្រចាំថ្ងៃ​ទាំងនេះ​បានធ្វើឱ្យ​យុវជន​មាន​មាឌតូច និង​មិនសូវមាន​ខ្ពស់​នេះ កាន់តែ​ចូលចិត្ត កាន់តែ​យល់ដឹង និង​ស្គាល់​ច្រើន​ពី​សហគមន៍​របស់ខ្លួន រហូត​បាន​ក្លាយជា​អ្នក​នាំ​ភ្ញៀវទេសចរ​ដ៏​ឆ្នើម ប្រចាំ​តំបន់​អេកូ​ទេសចរណ៍​មួយ​នេះ​។ លោក អន សុវណ្ណ បាន​និយាយ​យ៉ាង​ទឹកមុខ​រីករាយ​ដូច្នេះ​៖«​ខ្ញុំ​ធ្លាប់ជា​អ្នក​នាំ​ភ្ញៀវទេសចរ​[Tour Guide]​នៅទីនេះ តាំង​ខ្ញុំ​រៀន​នៅ​ថ្នាក់​ទី​៩​មក​។ កាលនោះ ការប្រើប្រាស់​ភាសា​អង់គ្លេស​ជាមួយ​ភ្ញៀវ​បរទេស​មានតែ​ក្រុម​ខ្ញុំ​ទេ ឈានមុខ​គេ​»​។​
 
​ថ្វី​ដ្បិត​វត្តមាន​នៃ​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត់ បាន​បណ្តុះបណ្តាល លោក សុវណ្ណ ឱ្យ​កា្ល​យ​ជា​អ្នក​នាំ​ភ្ញៀវទេសចរ​ដ៏​ឆ្នើម​ក៏ពិតមែន ប៉ុន្តែ​ផ្នត់គំនិត​របស់​យុវជន​រូបនេះ​តែងតែ​គិត​ជានិច្ច​ថា ត្រឹម​ជា​អ្នក​នាំ​ភ្ញៀវទេសចរ គឺ​មិនអាច​ដឹកនាំ​ឬ​អភិវឌ្ឍ​ប្រជា​សហគមន៍ ពិសេស​កុមារ​ឱ្យ​ជា​ធនធានមនុស្ស​ពោរពេញ​ទៅដោយ​សមត្ថភាព ចំណេះ ជំនាញ​នោះបាន​ឡើយ​។ ក្រោយ​គិត​បែបនេះហើយ ទើប​រូបគេ​ខិតខំ​ប្រឹងប្រែង​បង្ហាញ​សមត្ថភាព​ខ្លួន តាមរយៈ​ការនាំ​ភ្ញៀវទេសចរ និង​ផ្សព្វផ្សាយ​ពី​តំបន់​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត​នេះ ដើម្បី​ទាញ​ប្រយោជន៍​ដល់​សហគមន៍ មុននឹង​ទទួលបាន​ការគាំទ្រ​ជា​ប្រធាន​សហគមន៍​នេះ​។​
 
​សុវណ្ណ ជា​ក្មេង​មានការ​អភិវឌ្ឍ​ខ្លួន មាន​ជំនឿ​ចិត្ត និង​មានការ​តាំងចិត្ត​ខ្ពស់​ក្នុង​ការកែប្រែ​ជី​ផាត់​ឱ្យទៅជា​សហគមន៍​អេកូ​ទេសចរណ៍​មួយ ដែល​ពោរពេញ​ទៅដោយ​ធនធានមនុស្ស  និង​មាន​បរិស្ថាន​ដ៏​ល្អ​ស្រស់បំព្រង ដែលជា​កន្លែង​ធម្មជាតិ​សម្រាប់​មនុស្ស​គ្រប់រូប​ប្រាថ្នា​មក​កម្សាន្ត​។​


 លោក អន សុវណ្ណ ប្រធាន​សហគមន៍​ជី​ផាត  កំពុង​ធ្វើ​បទ​បង្ហាញជូន​ប្រជា​សហគមន៍​។ រូបថត​៖ លោក អន សុវណ្ណ​

​ស្ថិតនៅក្នុង​បរិវេណ​ទីស្នាក់ការ​សហគមន៍​ជី​ផាត ដែលមាន​ការរៀបចំ​យ៉ាង​ល្អ ទាំង​កន្លែង​ទទួលទាន​អាហារ  កន្លែង​លក់​ស្រា និង​ភេសជ្ជៈ ហើយ​គ្មាន​កាកសំណល់​នៅលើ​ដី ពិសេស​សំណល់​ប្លា​ស្ទិ​ក​នោះ លោក អន សុវណ្ណ បាន​ឡើង​ដូច្នេះ​៖ «​ដើម្បី​សាង​ខ្លួន​ជា​មនុ​ស្សមាន​ប្រយោជន៍ មាន​ឥទ្ធិពល និង​មាន​គុណភាព​មួយរូប សម្រាប់​អភិវឌ្ឍ​សហគមន៍ ក្រៅពី​ស្គាល់​សហគមន៍​របស់ខ្លួន​ឯង​ហើយ​នោះ ក៏ត្រូវ​ទាមទារ​កម្រិតវប្បធម៌​យើង និង​បទពិសោធន៍​ការងារ​ខាងក្រៅ​របស់​យើង​ច្រើន​ផងដែរ​»​។​


 ប្រជា​សហគមន៍​ជី​ផាតនាំគ្នា​ប្រមូល​សំរាម​ប្លា​ស្ទិ​កនៅ​ទីកន្លែង​កម្សាន្ត​មួយ ក្នុង​សហគមន៍​។ រូបថត​៖ លោក អន សុវណ្ណ​

​ទោះ​ឃ្លាត​ពី​ស្រុកកំណើត​៥​ឆ្នាំ ដើម្បី​សិក្សា ក៏​យុវជន អន សុវណ្ណ ឆ្លៀត​ទាញ​ប្រយោជន៍​ដល់​សហគមន៍​ខ្លួន​
 
​ក្រោយ​បញ្ចប់​ការសិក្សា​ចំណេះដឹង​ទូទៅ​កម្រិត​ទុតិយភូមិ​(​បាក់​ឌុប​)  យុវជន សុវណ្ណ ក៏បាន​សម្រេច​ចាកចេញ​ពី​ស្រុកកំណើត ទៅ​បន្ត​សិក្សា​នូវ​ជំនាញ​ទំនាក់ទំនង​អន្តរជាតិ​(International Relationship) ដោយ​ប្រឡង​ជាប់​អាហារ​រូបករណ៍​៧៥​ភាគរយ ក្នុង​រយៈពេល​៤​ឆ្នាំ នៅ​សាកលវិទ្យាល័យ​មួយកន្លែង រាជធានី​ភ្នំពេញ​។ 
 
​បើតាម​រៀបរាប់​របស់ សុវណ្ណ រយៈពេល​៥​ឆ្នាំ​នៃ​ការរស់នៅ​ភ្នំពេញ ថ្វី​ដ្បិត​មិនសូវមាន​ទំនាក់ទំនង​ជិត​សិទ្ធ​ជាមួយ​សហគមន៍​ក៏ដោយ ប៉ុន្តែ​យុវជន​រូបនេះ​តែងតែ​នាំ​មិត្តភក្តិ ទៅលេង​កម្សាន្ត​តំបន់​ទេសចរណ៍​នោះ​ជារឿយៗ នាពេល​សម្រាក​ពី​ការសិក្សា និង​ការងារ​ជាដើម​។ ក្នុងអំឡុងពេល​សិក្សា​នៅ​ភ្នំពេញ​នោះ ដោយមាន​កម្រិត​ភាសា​អង់គ្លេស​ល្អ​ស្រាប់​តាំងពី​នៅ​ស្រុកកំណើត​មក​ម្លេះ សុវណ្ណ បាន​ធ្វើជា​គ្រូបង្រៀន​ភាសា​អង់គ្លេស និង​ជាម​ន្ត្រី​សម្របសម្រួល​របស់​អង្គការ​អភិវឌ្ឍ​មួយចំនួន​នៅ​កម្ពុជា ដូចជា​៖ អង្គការ​World Vision, អង្គការ​JICA  និង​អង្គការ Save The Children  ជាដើម​។ 
 
​ទោះបីជា​មានការ​ងារ​ល្អ​ធ្វើ ឬ​មានឱកាស​ទទួល​បានកា​រងារ​ល្អៗ​ច្រើន​ក៏ដោយ ក៏​យុវជន​រូបនេះ​នៅតែ​រក្សា​ចិត្តគំនិត​ក្នុងការ​ចែករំលែក ចំណេះដឹង ជំនាញ និង​បទពិសោធន៍​ការងារ ដែល​ខិតខំ​សន្សំ​បាន​នោះ យកទៅ​ចែករំលែក​ដល់​ប្រជា​សហគមន៍​របស់ខ្លួន ដើម្បី​អភិវឌ្ឍ​សហគមន៍​ជី​ផាត​ឱ្យ​កាន់តែ​ល្អប្រសើរ​។ បន្ទាប់ពី​បញ្ចប់​ការសិក្សា និង​បញ្ចប់​ការងារ​ក្នុង​គម្រោង​របស់​អង្គការ នៅក្នុង​ចុងឆ្នាំ​២០១៧ សុវណ្ណ បាន​វិល​ត្រឡប់មក​រស់នៅក្នុង​សហគមន៍​វិញ​។ លោក អន សុវណ្ណ បាន​និយាយ​ដូច្នេះ​៖«​ខ្ញុំ​គិត​រួចហើយ ពេលដែល​ខ្ញុំ​រៀន​ចប់ ខ្ញុំ​នឹង​ត្រឡប់​ទៅ​[​សហគមន៍​]​វិញ​។ ប៉ុន្តែ ខ្ញុំ​ទៅវិញ​ហ្នឹង គឺ​មិនមាន​គោលបំណង ធ្វើជា​ប្រធាន​សហគមន៍​អី​ទេ គឺ​ខ្ញុំ​គ្រាន់តែ​ចង់​ធ្វើ​អ្វី​ជា​ផ្នែក​មួយ​របស់​សហគមន៍ ដែល​ទាក់ទង​នឹង​ការអប់រំ និង​ផ្នែក​សម្របសម្រួល ប៉ុណ្ណោះ​»​។ 
 
​ប៉ុន្តែ​អ្វីដែល​យុវជន​មាន​ដើមកំណើត​នៅ​ខេត្តកោះកុង​រូបនេះ គិត​មិន​ដល់​នោះ ការខិតខំ​រៀនសូត្រ ដើម្បី​ចូលរួម​អភិវឌ្ឍ​សហគមន៍​នោះ គឺ​ត្រូវបាន​ក្រុមប្រឹក្សាវិន័យ ក៏​ដូច​ក្រុមប្រឹក្សា​យោបល់​ពី​សហគមន៍​ជី​ផាត មើលឃើញ និង​លើកទឹកចិត្ត​ឱ្យ​ដាក់ពាក្យ ដើម្បី​បោះឆ្នោត​ជ្រើសរើស​ជា​ប្រធាន​សហគមន៍​អេកូ​ទេសចរណ៍​អាណត្តិ​ទី​៤​។ 
​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៨ លោក អន សុវណ្ណ មាន​វ័យ​២៥​ឆ្នាំ ត្រូវបាន​ប្រជាពលរដ្ឋ​ជ្រើសរើស​ធ្វើជា​ប្រធាន​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត់​ប្រចាំ​អាណត្តិ​ទី​៤ រហូតដល់​ពេលបច្ចុប្បន្ន​។ ក្នុងអំឡុងពេល​បំពេញ​តួនាទី​ជា​ប្រធាន​សហគមន៍​ជី​ផាត សុវណ្ណ តែងតែ​យក​ឬ​មើល​របៀប​ដឹកនាំ​របស់​ប្រធាន​សហគមន៍​គ្រប់​ជំនាន់ ធ្វើ​យក​គំរូ  ហើយ​ព្យាយាម​បំពេញ​ចន្លោះ​ខ្វះខាត​ក្នុង​សហគមន៍ ដោយ​ពង្រឹង​ផ្នែក​អប់រំ​លើ​កុមារ ផ្នែក​បរិស្ថាន និង​ផ្នែក​ទំនាក់ទំនង​ជាមួយ​ភ្ញៀវ​អន្តរជាតិ​។​
 
«​យើង​មាន​សហគមន៍​ល្អ​ហើយ យើង​មាន​ទីតាំង និង​សេវា​ល្អ​ហើយ​។ ក៏ប៉ុន្តែ​ខ្ញុំ​នៅ​មើលឃើញ​កន្លែង​ខ្វះខាត​មួយចំនួន​ដែល​ទាក់ទង​ទៅនឹង​ទំនាក់ទំនង​បែប​អន្តរជាតិ​»​។ នេះ​ជា​លើកឡើង​របស់ លោក អន សុវណ្ណ ដោយ​បញ្ជាក់ថា បច្ចុប្បន្ន​មិន​ថា​ភ្ញៀវ​បរទេស​មក​សហគមន៍​ផ្ទាល់ មិន​ថា​មក​តាម​អ៊ី​ម៉ែ​ល ឬ​វេ​ប​សាយ​ផ្សេងៗ​នោះ ទេ ភាគច្រើន​គឺ​ប្រើ​បណ្តាញ​ទំនាក់ទំនង​សង្គម​(Social   Media) ដើម្បី​ទាក់ទង​គ្នា​។  ត្រង់ចំណុច​ខ្វះខាត​នេះហើយ ដែល​ត្រូវ​ទាមទារ​ឱ្យ​លោក​យកចំណេះ និង​ជំនាញ​ជួយ​បំពេញបន្ថែម​។ 


 
​ក្រៅពី​សម្របសម្រួល​សហ​គម​ន៍​ហើយ​នោះ សព្វថ្ងៃ បុរស​ដែលមាន​សម្តី និង​កាយវិការ​ទន់ភ្លន់ រូបនេះ បាន​ផ្តោតចិត្ត​ទុកដាក់​ធ្វើការ​ងារ​ខ្លាំង​ក្នុងការ​បង្កើន​សមត្ថភាព​ប្រជា​សហគមន៍​ឱ្យ​កា្ល​យ​ជា​ធនធានមនុស្ស​ពោរពេញ​ទៅដោយ​ចំណេះដឹង ជំនាញ និង​ភាសាបរទេស​។ ប្រធាន​សហគមន៍ ដែល​ត្រូវ​កាន់​ការងារ​រហូតដល់​៥​ឆ្នាំ​រូបនេះ បាន​និយាយ​ដូច្នេះ​៖ «​ខ្ញុំ​ជា​ក្មេង​ធ្លាប់បាន​រៀនសូត្រ​ជាមួយ​សហគមន៍​។ ខ្ញុំ​ចង់ឱ្យ​ក្មេង​នៅទីនេះ បាន​រៀនសូត្រ បានដឹង ដូច​ខ្ញុំ​ចឹ​ង​ដែរ​»​។ តាមរយៈ​សហគមន៍ គឺ​យើង​អាច​បណ្តុះបណ្តាល​ពួកគាត់​ឱ្យ អភិវឌ្ឍ​នូវ​ចំណេះ​បាន ហើយ​ខ្ញុំ​នឹង​ចែករំលែក​នូវ​អ្វីដែល​ខ្ញុំ​បាន​ចេះ បានដឹង​កន្លងមក​ទៅឱ្យ​ពួកគាត់​។ មិន​ថា​ចំណេះ ជំនាញ  ភាសារ​អង់គ្លេស កុំព្យូទ័រ​ទេ គឺ​ខ្ញុំ​នឹង​ឱ្យ​ពួកគាត់​ទាំងអស់​»​។ 
 
​ជាមួយគ្នានេះ លោក សុវណ្ណ ក៏​ព្យាយាម​អនុវត្ត​សកម្មភាព​សម្អាត​បរិស្ថាន​ជាប្រចាំ និង បណ្តុះបណ្តាល​ប្រជា​សហគមន៍​ឱ្យ​ចេះ​គ្រប់គ្រង​ឬ​ទុកដាក់​សំរាម ពិសេស​សំរាម​ប្លា​ស្ទិ​ក​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​លើកកម្ពស់​សោ​ភ័​ណ្ឌ​ភាព និង​តម្លៃ​អេកូ​ទេសចរណ៍​នៃ​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវ៉ា​ញ ខេត្តកោះកុង​មួយ​នេះ​៕ 
 

Tag:
 លោក អន សុវណ្ណ​
  អេកូ​ទេសចរណ៍​
  ជី​ផាត​
  កោះកុង​
© រក្សាសិទ្ធិដោយ thmeythmey.com