នាយករដ្ឋមន្ត្រី​ថៃ ប្តេជ្ញា​ជំរុញ​ការកែ​រដ្ឋធម្មនុញ្ញ ក្រោយ​ផ្ទុះ​បាតុកម្ម​ជា​បន្តបន្ទាប់​
សង្គមអន្តរជាតិ​
អន្តរជាតិ
នាយករដ្ឋមន្ត្រី​ថៃ ប្តេជ្ញា​ជំរុញ​ការកែ​រដ្ឋធម្មនុញ្ញ ក្រោយ​ផ្ទុះ​បាតុកម្ម​ជា​បន្តបន្ទាប់​
05, Aug 2020 , 2:23 pm        
រូបភាព
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា និយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ នៅថ្ងៃទី ៤ ខែសីហា (បាងកកប៉ុស្តិ៍)
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា និយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ នៅថ្ងៃទី ៤ ខែសីហា (បាងកកប៉ុស្តិ៍)
​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​ប្ដេជ្ញា​ជំរុញ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដោយ​អះអាងថា រដ្ឋាភិបាល​លោក នឹងដាក់​បង្ហាញ​សេចក្តីព្រាងច្បាប់​ស្តី​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែល​ខ្លួន​រៀបរៀងឡើង ក្នុងពេល​ប្រជុំ​សភា​លើ​ក្រោយ​។ ទន្ទឹមនេះ​រដ្ឋាភិបាល​លោក ក៏​នឹង​បង្កើត​វេទិកា​សម្រាប់​យុវជន​បញ្ចេញ​ទស្សនៈ​លើ​អ្វីដែល​ពួកគេ​ចង់​ឲ្យ​បាន​សម្រាប់​អនាគត​របស់​ប្រទេស​ថៃ​ផងដែរ​។​

 
​ថ្លែង​ក្រោយ​ជំនួប​គណៈរដ្ឋមន្ត្រី​ថៃ នៅ​ថ្ងៃទី​៤ ខែសីហា នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា បញ្ជាក់ថា ជំហរ​លោក​គឺ​គាំទ្រ​គណៈកម្មាធិការ​សភា​ឲ្យ​សិក្សា​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ថៃ​។ តាម​ការចុះផ្សាយ​របស់​កាសែត បាងកក​ប៉ុស្តិ៍ លោក​បន្តថា នៅពេល​បក្សប្រឆាំង​សម្រេច​បញ្ជូន​សេចក្តីព្រាងច្បាប់​កែ​រដ្ឋធម្មនុញ្ញ​របស់​ពួកគេ​ទៅកាន់​សភា រដ្ឋាភិបាល​លោក​ក៏​នឹងធ្វើ​ដូចគ្នានេះដែរ​។ 
 
 
 
«​យើង នឹងត្រូវ​រង់ចាំ​ការស្នើសុំ​ពី​គណៈ​កម្ម​ធិ​ការ​សភា​។ រដ្ឋាភិបាល​កំពុង​រៀប​ចំ​សេចក្តីព្រាងច្បាប់​រប​ស់​ខ្លួន​។ ខ្ញុំ​រំពឹងថា ការធ្វើ​វិសោធនកម្ម នឹងត្រូវ​គិតពិចារណា​នៅ​ប្រជុំ​សភា​ឡើង​ក្រោយ​។ រដ្ឋាភិបាល ត្រៀម​រួចរាល់​ក្នុងការ​សហការ​យ៉ាង​ពេញទំហឹង​»​។ លោក ប្រា​យុទ្ធ និយាយ​ដូច្នេះ​។ 
 
​ម្យ៉ាងវិញទៀត លោក ប្រា​យុទ្ធ ក៏បាន​លើកឡើងថា រដ្ឋាភិបាល​នឹង​រៀបចំ​វេទិកា​ក្នុង​ខែសីហា​នេះ​សម្រាប់​មនុស្ស​ជំនាន់​ថ្មី បញ្ចេញ​ទស្សនៈ​លើ​អ្វីដែល​ពួកគេ​ចង់​ឲ្យ​បាន​សម្រាប់​អនាគត​របស់​ប្រទេស​ថៃ​។​
 
​ការប្តេជ្ញា​របស់​នាយក​រដ្ឋមន្ត្រី​ថៃ​រូបនេះ ធ្វើឡើង​ក្រោយ​មាន​ចលនា​តវ៉ា​ជា​បន្ដបន្ទាប់​ទាមទារ​ឲ្យ​ផ្លាស់ប្ដូ​ត​រដ្ឋធម្មនុញ្ញ​ដ៏​ចម្រូងចម្រាស ជាពិសេស ពី​សំណាក់​យុវជន​ថៃ​។ ទាក់ទិន​បញ្ហា​នេះ លោក ប្រា​យុទ្ធ និយាយថា​៖«​កុំ​បង្ករឿង​ច្រើនពេក​នៅពេលនេះ​។ យើង​កំពុង​ព្យាយាម​ដោះស្រាយ​បញ្ហា​មួយចំនួន​ក្នុងពេល​ជាមួយគ្នានេះ​ផងដែរ​»​។ 
 
​មកទល់​បច្ចុប្បន្ន ប្រទេស ថៃ បានធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​២០​លើក​ហើយ ពោលគឺ​ចាប់តាំងពី​ផ្ដួលរំលំ​លទ្ធិ​រាជានិយម​ផ្ដាច់ការ​ក្នុង​ឆ្នាំ​១៩៣២​មក​។ ការកែ​ទម្រ​ង​លើកចុងក្រោយ​គឺធ្វើឡើង​ក្នុង​ឆ្នាំ​២០១៧ ក្នុង​របប​សឹក​ដែល​ដឹកនាំ​ដោយ​លោក​ប្រា​យុទ្ធ ចន្ទ​អូ​ចា ហើយ​បាន​ជួយ​មួយផ្នែក​ដល់​ជ័យជម្នះ​លោក​ក្នុងការ​បោះឆ្នោត​៕
 
 

Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា​
  រដ្ឋធម្មនុញ្ញ​
© រក្សាសិទ្ធិដោយ thmeythmey.com