ជាតិ
ភ្ញៀវទេសចរ​ជាង​៦០០​នាក់ ត្រូវបាន​បញ្ជូន​ចេញពី​កោះរ៉ុង​ដោយ​សុវត្ថិភាព​ហើយ​
05, Aug 2020 , 3:09 pm        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុរដ្ឋបាលខេត្តព្រះសីហនុ
រូបភាពពីទំព័រហ្វេសប៊ុរដ្ឋបាលខេត្តព្រះសីហនុ
ដោយ:
​ភ្នំពេញ​៖ ភ្ញៀវទេសចរ​ចំនួន​៦២១​នាក់ ដែល​ជាប់​នៅលើ​កោះរ៉ុង​ជាច្រើន​ថ្ងៃ​មកហើយ ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង និង​មាន​រលក​ខ្ពស់ៗ​នៅលើ​ផ្ទៃសមុទ្រ ត្រូវបាន​អាជ្ញាធរ​បញ្ជូន​មកកាន់​ក្រុងព្រះសីហនុ ដោយ​សុវត្ថិភាព​វិញ​ហើយ​។ នេះ​បើតាម​លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​របស់​រដ្ឋ​បាល​ខេត្ត​ព្រះសីហនុ​។​



​អ្នកនាំពាក្យ​រូបនេះ ប្រាប់​សារព័ត៌មាន Thmeythmey25 តាម​ទូរ​សព្ទ​ថា អាជ្ញាធរ​បាន​ប្រើប្រាស់​ទូក​ទេសចរណ៍​ខ្នាត​ធំ​ល្បឿន​លឿន ៣​គ្រឿង ដើម្បី​ដឹក​ភ្ញៀវទេសចរ ចេញពី​កោះរ៉ុង ចំនួន​២​ជើង​។ អ្នក​ទេសចរណ៍​សរុប ៦២១​នាក់ ក្នុងនោះ​មាន​ជនបរទេស​ចំនួន​៥០​នាក់ ហើយ​ពួកគាត់ បានធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​កោះរ៉ុង មុន​ថ្ងៃ​ដែលមាន​ភ្លៀង​ធ្លាក់​ខ្លាំង និង​រលក​ខ្ពស់​ដោយសារ​រង​ឥទ្ធិពល​ពី​ព្យុះ​ទី​៣ ឈ្មោះ​ស៊ីន​ឡា​គូ​។ 
 
​បើតាម​លោក ឃាង ភារ​ម្យ នៅមាន​អ្នកទេសចរ​មួយចំនួន​តូច​ទៀត ដែល​នៅជាប់​នៅលើ​កោះរ៉ុង ដោយសារ​ពួកគាត់​ស្ថិតនៅ​តំបន់​ផ្សេងៗ​គ្នា​។ តែ​យ៉ាងណា អាជ្ញាធរ​នឹង​បន្ត​ជម្លៀស​ពួកគាត់​មក​ក្រុងព្រះសីហនុ នៅពេល​អាកាសធាតុ​អំណោយផល​។ 


 ទូកទេសចរណ៍ដែលអាជ្ញាធរខត្តព្រះសីហុ ប្រើប្រាស់ដើម្បីដឹកភ្ញៀវទេសចរចេញពីកោះរ៉ុង ។ (រូបភាពពីហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ)

​អាជ្ញាធរខេត្ត​ព្រះសីហនុ ត្រឹម​នៅ​ថ្ងៃទី​៥ ខែសីហា​នេះ ក៏បាន​សម្រេច​បិទ​ការធ្វើដំណើរ​តាមផ្លូវ​សមុទ្រ​ទាំងស្រុង រហូតដល់​មានការ​ជូនដំណឹង​សារជាថ្មី​។ នេះ​បើតាម​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ​។ 
 
​ក្រសួង​ធនធាន​ទឹកបាន​ជូនដំណឹង​ថា ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០ កម្ពុជា​នឹង​ទទួលរង​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប និង​ខ្យល់មូសុង​និរតី​ខ្សោយ ដែល​បណ្ដាលឱ្យមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​នៅ​ទូទាំងប្រទេស​ក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន​។ ចំណែក​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​ដែល​កំពុងតែ​រង​នៅ​ជំនន់​ទឹកភ្លៀង​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ភ្លៀង​នឹង​នៅតែ​បន្ត​ធ្លាក់​រាយប៉ាយ​នៅក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ប៉ុន្តែ​នៅ​ថ្ងៃទី​៥ ដល់​ថ្ងៃទី​៦ ខែសីហា នឹងមាន​ភ្លៀង​ធ្លាក់​ខ្លាំង​កើតឡើង​។ 
 
​ដោយឡែក​បណ្ដា​ខេត្ត​នៅតាម​តំបន់​វាលទំនាប​កណ្ដាល ភ្លៀង​នឹង​បន្ត​ធ្លាក់​ក្នុង​កម្រិត​បរិមាណ​កើនឡើង​ពី​តិច​ទៅ​ច្រើន​ជា​លំដាប់​។ រីឯ​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​វិញ ក៏​នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​នៅក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន​ផងដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com