អន្តរជាតិ
អាមេរិក បញ្ជូន​រដ្ឋមន្ត្រី​ទៅ​តៃវ៉ាន់​ជា​លើកដំបូង​ក្នុង​រយៈពេល​២០​ឆ្នាំ តែ​ចិន​ប្រឆាំង​
05, Aug 2020 , 3:39 pm        
រូបភាព
លោក Alex Azar រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសេវាមនុស្សអាមេរិក។ រូបភាព៖ AFP
លោក Alex Azar រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសេវាមនុស្សអាមេរិក។ រូបភាព៖ AFP
ដោយ:
​អាមេរិក នៅ​ថ្ងៃទី​៥ សីហា​នេះ​បានប្រកាសថា ខ្លួន​នឹង​បញ្ជូន​រដ្ឋមន្ត្រី​របស់ខ្លួន​ទៅកាន់​តៃវ៉ាន់​។ ដំណើរ​ទស្សនកិច្ច​រប​ស់​សមាជិក​គណៈរដ្ឋមន្ត្រី​អាមេរិក​ត្រូវបាន​គេ​ចាត់ទុកថា ជា​ទស្សនកិច្ច​កម្រិត​ខ្ពស់ ហើយ​ទំនងជា​អាច​នឹងធ្វើ​ឲ្យ​ទំនាក់ទំនង​ជាមួយ​ចិន​កាន់តែ​ក្ដៅ​ដែរ​។ ចិន​ជំទាស់​គម្រោង​ទស្សនកិច្ច​នេះ ហើយ​ព្រមាន​អាមេរិក​ពី​ផលប៉ះពាល់​ដល់​សន្តិសុខ​តំបន់

 
​ការិយាល័យ​ជំនួញ​របស់​អាមេរិក​នៅ​ទីក្រុង​តៃប៉ិ ដែល​តួ​ជា​ស្ថានទូត​អាមេរិក​ប្រចាំ​តៃវ៉ាន់ បានបញ្ជាក់​ថែមថា លោក Alex Azar រដ្ឋមន្ត្រី​សុខាភិបាល និង​សេវាកម្ម​ប្រជាជន​អាមេរិក នឹង​ដឹកនាំ​គណៈប្រតិភូ​ក្នុង​ទស្សនកិច្ច​កម្រិត​ខ្ពស់​មួយ​នេះ​កោះ​តៃវ៉ាន់​។ នេះ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​
 
​ចំណែកឯ​ក្រសួងការបរទេស​តៃវ៉ាន់ ក៏បាន​បញ្ជាក់​ពី​ទស្សនកិច្ច​នេះដែរ ដោយ​បន្ថែមថា​លោក Azar នឹង​ជួប​ជាមួយ ប្រធានាធិបតី Tsai Ing-wen រដ្ឋមន្ត្រីការបរទេស និង​សុខាភិបាល​តៃវ៉ាន់​។ ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន ក្រសួងការបរទេស​តៃវ៉ាន់ បានចាត់ទុក​លោក Azar ជា​មិត្ត​ស្មោះស្ម័គ្រ​របស់​តៃវ៉ាន់​ជា​យូរ​មកហើយ និង​រៀបរាប់​ដំណើរ​ទស្សនកិច្ច​នេះ​ថា ជា​ភស្តុតាង​បង្ហាញ​ពី​មូលដ្ឋានគ្រឹះ​យ៉ាងរឹងមាំ​ស្តីពី​ការទុកចិត្ត​គ្នា​ទៅវិញទៅមក​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​តៃប៉ិ​។​
 
​លោក Azar ក៏​នឹង​ជួប​អ្នកជំនាញ​ជំងឺ COVID-19 ដើម្បី​ពិភាក្សា​ប្រធានបទ​មួយចំនួន​ដូចជា​ការឆ្លើយតប​ទៅនឹង​ជំងឺ​COVID-19 សុខាភិបាល​សកល ភាពជា​ដៃគូ​រវាង​អាមេរិក​និង​តៃវ៉ាន់ ក៏ដូចជា​តួនាទី​តៃវ៉ាន់​ដែលជា​ប្រទេស​ដ៏​គួរ​ឲ្យ​ទុកចិត្ត​ក្នុងការ​ផ្គត់ផ្គង់​បរិក្ខា​វេជ្ជសាស្ត្រ និង​បច្ចេកវិទ្យា​សំខាន់ៗ​។ នេះ​ជាការ​លើកឡើង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល និង​សេវា​ប្រជាជន​អាមេរិក​នៅ​ថ្ងៃទី​៣ ខែសីហា​។​
 
​ពី​ទីក្រុង​ប៉េកាំង អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Wang Wenbin បាន​ព្រមាន​ថា ចិន​ប្រឆាំង​ការធ្វើទំនាក់ទំនង​ផ្លូវការ​រវាង​អាមេរិក និង​តៃវ៉ាន់​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​៥ ខែសីហា លោក Wang បញ្ជាក់ថា​៖ «​យើង​ទទូច​ឲ្យ​អាមេរិក​ប្រកាន់ខ្ជាប់​គោលការណ៍​ចិន​តែមួយ បញ្ឈប់​រាល់​ការផ្លាស់ប្ដូរ​គ្រប់​ទម្រង់​ជាមួយ​តៃវ៉ាន់ និង​មិនត្រូវ​ផ្ដល់​សារ​ខុសឆ្គង​ដល់​កម្លាំង​ផ្ដាច់ខ្លួន​តៃវ៉ាន់​ឡើយ​។​»
 
​អាមេរិក ធ្លាប់មាន​ទំនាក់ទំនង​ការទូត​ជាមួយ​តៃវ៉ាន់ មុននឹង​ផ្តាច់ទំនាក់ទំនង​នេះ​នៅ​ឆ្នាំ​១៩៧៩​។ បើទោះបីជា​លែងមាន​ទំនាក់ទំនង​ការទូត​ផ្លូវការ​ជាមួយគ្នា​យ៉ាងណាក្តី អាមេរិក​នៅតែ​បន្ត​ជា​អ្នកផ្គត់ផ្គង់​អាវុធ​ដ៏​សំខាន់​ទៅ​ឲ្យ​តៃវ៉ាន់​។ 
 
​តាមពិតទៅ រដ្ឋបាល​អាមេរិក​ពីមុនៗ តែងតែ​ប្រយ័ត្នប្រយែង​ក្នុង​ការធ្វើ​ទស្សនកិច្ច​ផ្លូវការ​ទៅ​តៃវ៉ាន់​។ ប៉ុន្តែ​នៅក្រោម​រដ្ឋបាល​របស់លោក​ត្រាំ អាមេរិក​តែងតែ​លើកតម្កើង​តៃវ៉ាន់ ដែលជា​វិធី​ក្នុងការ​វាយបក​ទៅកាន់​ចិន​វិញ ជាពិសេស​ក្នុង​បរិបទ​ដែល​ចិន និង​អាមេរិក​កំពុង​ប៉ះទង្គិច​គ្នា​ជារឿយៗ​។ 
 
​លោក Azar ជា​រដ្ឋមន្ត្រី​អាមេរិក​ទីមួយ​ទៅ​តៃវ៉ាន់​តាំងពី​ឆ្នាំ​២០០០​មក​។ ឆ្នាំ​នោះ រដ្ឋមន្ត្រី​ដឹកជញ្ជូន ក្រោម​អាណត្តិ​របស់​អតីត​ប្រធានាធិបតី ប៊ី​ល គ្លី​ន​តុ​ន បាន​ទៅ​តៃវ៉ាន់​។ នៅ​ឆ្នាំ​២០១៤ ក្រោម​រដ្ឋបាល​របស់លោក​អតីត​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា អាមេរិក​បាន​បញ្ជូន​ប្រធាន​ភ្នាក់ងារ​ការពារ​បរិស្ថាន​ដែលមាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ទៅធ្វើ​ទស្សនកិច្ច​នៅ​តៃវ៉ាន់​ដែរ​។​
 
 

Tag:
 អាមេរិក​
 ​តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com