ជាតិ
សង្គមជាតិ
បើក​សាលា​ឯកជន​៖ រដ្ឋមន្ត្រី​អប់រំ ណែនាំ​ឲ្យ​គ្រូ​និង​សិស្ស ប្រកាន់ខ្ជាប់​នូវ​វិធានការ​អនាម័យ​
05, Aug 2020 , 10:29 pm        
រូបភាព
សកម្មភាព​ការ​បាញ់ថ្នាំ​សម្លាប់មេរោគនៅបរិវេណសាលាមួយ​កន្លែង​ សម្រាប់​ត្រៀម​ទទួល​សិស្សានុសិស្ស​ចូល​រៀន​វិញ រូបភាពពីសាលា​Westview Cambodian International School
សកម្មភាព​ការ​បាញ់ថ្នាំ​សម្លាប់មេរោគនៅបរិវេណសាលាមួយ​កន្លែង​ សម្រាប់​ត្រៀម​ទទួល​សិស្សានុសិស្ស​ចូល​រៀន​វិញ រូបភាពពីសាលា​Westview Cambodian International School
ដោយ:
​ភ្នំពេញ​៖  លោក ហង់​ជួន ណា​រ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ​បានដាក់​ចេញ​គោលការណ៍​ដើម្បី​ឲ្យ​សាលា​ឯកជន​២០ គោរព​តាម​ស្តង់ដា​សុវត្ថិភាព​ខ្ពស់​ដល់​សិស្សានុសិស្ស​ដែល​ត្រៀម​នឹង​ចូលរៀន​នៅ​អំឡុង​ខែសីហា ឆ្នាំ​២០២០​នេះ​។ សាលារៀន​នីមួយៗ​ត្រូវតែ​គោរព​តាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​។

 
​ជា​ជំហាន​ដំបូង ក្រសួង​អប់រំ​បានទទួល​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល ឲ្យ​បើក​សាលារៀន​ឯកជន​ចំនួន​២០ ក្នុង​រាជធានី​ភ្នំពេញ ក្រុង​បាត់ដំបង និង ក្រុង​សៀមរាប​តែប៉ុណ្ណោះ​។ សាលារៀន​ដែល​នឹង​បើក​ដំណើរការ​ឡើងវិញ​នោះ ភាគច្រើន​ជា​សាលា​ដែលមាន​ការចុះ​ត្រួតពិនិត្យ​ផ្ទាល់​យ៉ាង​ហ្មត់ចត់​ពី​លោក​រដ្ឋមន្ត្រី​អប់រំ​។ ចំណែក​សាលា​រដ្ឋ​វិញ ក្រសួង​នឹង​ប្រកាស​ឲ្យ​បើក​ដំណើរការ​នៅពេល​ក្រោយ​។ 
 
​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​បាន​បញ្ជាក់ថា គ្រឹះស្ថានសិក្សា​ឯកជន​ទាំង​២០​នោះ កំពុងតែ​ពិភាក្សា​ជាមួយនឹង​មាតាបិតា និង​អាណាព្យាបាល​សិស្ស​ដើម្បី​ឲ្យ​ពួកគេ​អនុញ្ញាត​បញ្ជូន​កូន​មក​សាលារៀន​វិញ​។ សម្រាប់​កាលបរិច្ឆេទ​នៃ​ការ​ចូលរៀន​របស់​សាលា​ទាំងនោះ គឺ​ក្រសួង​ផ្តល់​សិទ្ធិ​ឲ្យ​សាលា​នីមួយៗ​ជា​អ្នករៀបចំ​។ 
 
​លោក ហង់​ជួន ណា​រ៉ុ​ន បានចេញ​លិខិត​ណែនាំ​ឲ្យ​គ្រឹះស្ថានសិក្សា សិស្សានុសិស្ស គ្រូ បុគ្គលិក​ផ្នែក​អប់រំ រួមទាំង​មាតាបិតា​របស់​សិស្ស រួមគ្នា​ប្រកាន់​សា្មរ​តី​អនុវត្ត​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​។ គ្រឹះស្ថានសិក្សា​ត្រូវ​សម្អាត​អនាម័យ​ដោយ​បាញ់​ទឹក​ថ្នាំ​សម្លាប់​មេរោគ​នៅ​បរិវេណ​សាលា បន្ទប់រៀន បន្ទប់ទឹក កន្លែង​លាងដៃ សួន​កម្សាន្ត​កុមារ សម្ភារ​ដែល​ប្រើ​រួមគ្នា និង​គ្រប់គ្រង​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​។ សាលា​ត្រូវ​ផ្អាក​កន្លែង​កម្សាន្ត​នានា ឬ​ទីលានកីឡា​។ សាលា​ត្រូវ​កំណត់​ឲ្យ​សិស្ស​រៀន​ក្នុង​បន្ទប់​២០​ទៅ​២៥​នាក់ ហើយ​ត្រូវ​រៀបចំ​តុ កៅអី​ឲ្យ​នៅ​ឆ្ងាយ​ពីគ្នា​២​ម៉ែត្រ​។ ហើយ​បន្ទប់​ត្រូវ​រក្សា​សីតុណ្ហភាព​ត្រឹម​២៥​អង្សា​។ 
 
​សម្រាប់​មាតាបិតា ឬ​អាណាព្យាបាល​សិស្ស ត្រូវ​រៀបចំ​ចំណីអាហារ​ប្រកបដោយ​សុវត្ថិភាព ដែល​ចម្អិន​បានល្អ សម្រាប់​ទុក​ឲ្យ​កូន​បរិភោគ​នៅ​សាលា ដើម្បី​ជៀសវាង​បរិភោគ​អាហារ​រួម ដែលជា​ប្រភព​ចម្លង​មេរោគ​បាន​លឿន​។ សាលា ត្រូវ​ណែនាំ​ឲ្យ​មាតាបិតា ឲ្យ​រាយការណ៍​ព័ត៌មាន​ទាក់ទង​នឹង​ស្ថានភាព​សុខភាព និង​ប្រវត្តិ​ដំណើរ​ចេញទៅ​ក្រៅប្រទេស ឬ​ជួបជុំ​ណាមួយ​។ 
 
​ទន្ទឹមនឹងនេះ​លោក​រដ្ឋមន្ត្រី​អប់រំ ក៏បាន​ណែនាំ​ឲ្យ​សិស្សានុសិស្ស គ្រូ និង បុគ្គលិក​ផ្នែក​អប់រំ​ទាំងអស់ បរិភោគ​អាហារ និង​បរិភោគ​ទឹក​ដែល​ចម្អិន​ដោយ​ខ្លួនឯង​ពី​ផ្ទះ​រៀងៗ​ខ្លួន​។ ជាមួយគ្នា​ដែរ លោក ណែនាំ​ឲ្យ​ពួកគេ​ចេះ​គ្រប់គ្រង​អារម្មណ៍​ឲ្យ​បានល្អ ដោយ​កុំ​មាន​ភាពភ័យខ្លាច និង​រើសអើង​។ លោក ប្រាប់​កុំ​ឲ្យ​ប្រើប្រាស់​របស់​រួម  ឬ​ចាប់ដៃគ្នា ដោយ​ជំនួស​មកវិញ​នូវ​ការសំពះ​គ្នា​ទៅវិញទៅមក​។ 
 
​ក្នុងករណី​សង្ស័យថា​មាន​សិស្ស គ្រូ និង បុគ្គលិក​ណា​ម្នាក់ មាន​រោគសញ្ញា​ដូចនឹង​ជំងឺ​កូ​វីដ​-១៩ សាលា​ត្រូវ​រាយការណ៍​មក​មន្ទីរ​សុខាភិបាល ឬ​ទាក់ទង​ទៅ​លេខ​ទូរ​សព្ទ​១១៥ ដើម្បី​សួរ​ពត៌មាន​ឲ្យ​បាន​ច្បាស់​។ បើ​សាលា​ណាមួយ​មានការ​ធ្វេសប្រហែស​បណ្តា​ល​ឲ្យ​មានការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ សាលា​នោះ​នឹង​ប្រឈមមុខ​នឹង​វិធានការ​ច្បាប់ និង​ប្រឈម​នឹង​វិធានការ​រដ្ឋបាល​តាម​លិខិតបទដ្ឋាន​គតិយុត្តិ​ជា​ធរមាន​៕ 
 
 

Tag:
 សាលា​
 ​អប់រំ​
 ​សិស្ស
© រក្សាសិទ្ធិដោយ thmeythmey.com