លោក ណា​ជីប ថា លុយ​បាន​ពី​មូលនិធិ​រដ្ឋ​1MDB ចាយ​លើ​កម្មវិធី​សុខុមាលភាព​និង​ក្មេង​កំព្រា​
សង្គមអន្តរជាតិ​
អន្តរជាតិ
លោក ណា​ជីប ថា លុយ​បាន​ពី​មូលនិធិ​រដ្ឋ​1MDB ចាយ​លើ​កម្មវិធី​សុខុមាលភាព​និង​ក្មេង​កំព្រា​
05, Aug 2020 , 10:59 pm        
រូបភាព
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្ស៉ាក់ (AFP)
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្ស៉ាក់ (AFP)
អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណា​ជីប រ៉ា​ហ្ស៉ា​ក់ បាន​បន្ត​អះអាង​ពី​ភាព​ស្អាតស្អំ​របស់លោក ក្រោយ​ត្រូវបាន​តុលា​ការចេញ​សាលក្រម​រកឃើញថា មាន​កំហុស​ក្នុង​សំណុំរឿង​ពុករលួយ​ពាក់ព័ន្ធ​មូលនិធិ​អភិវឌ្ឍ 1MDB ។ លោក​បកស្រាយ​ថា ភាគច្រើន​នៃ​លុយ​ដែល​លោក​ត្រូវបាន​ចោទប្រកាន់ថា​កិបកេង​នោះ គឺ​ចាយ​លើ​សកម្មភាព​សុខុមាលភាព​ប្រជាជន និង​ផ្គត់ផ្គង់​ក្មេង​កំព្រា​។

 
 
​ក្នុង​វីដេអូ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​លោក នៅ​ថ្ងៃទី ៣ ខែសីហា លោក ណា​ជីប រ៉ា​ហ្សា​ក់ និយាយថា ៩៩​ភាគរយ​នៃ​លុយ​ដែល​លោក​ត្រូវបាន​ចោទថា កឹ​ប​កេង​ពី​មូលនិធិ​រដ្ឋ 1MDB គឺ​ត្រូវបាន​ចំណាយ​លើ​សកម្មភាព​នៃ​ការទទួលខុសត្រូវ​ទៅលើ​សង្គម (Corporate Social Responsibility) ។ 
 
«​វា​ពុំមែន​សម្រាប់​ការចំណាយ​ផ្ទាល់ខ្លួន ឬ​សម្រាប់​ក្តី​សុខ​ផ្ទាល់ខ្លួន​ខ្ញុំ​ឡើយ​។ ដូច​ខ្ញុំ​ធ្លាប់​និយាយ​ពី​ពេលមុន តុលាការ ផ្ទៀ​ត​ផ្ទាត់​ថា លុយ​ពុំ​ត្រូវបាន​ប្រើ​សម្រាប់​គោលដៅ​ផ្ទាល់ខ្លួន​ឡើយ​»​។  លោក ណា​ជីប សរសេរ​បែបនេះ ដោយ​បន្ថែមថា ការធ្វើ​វិភាគទាន​លុយ ៩៤ ៨៥៦ ដុល្លារ​របស់លោក​ទៅ​ឲ្យ​មណ្ឌល​កុមារកំព្រា​ក្រោម​ឈ្មោះ​លោក​ក្នុង​ក្រុង Pekan គឺ​ដើម្បី​មើលថែទាំ​ក្មេង​កំព្រា និង​ចំណាយ​លើ​ការសិក្សា​របស់​ពួកគេ​។ 
 
​តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia លោក ណា​ជីប សង្កត់ធ្ងន់ថា លោក​បែរជា​ត្រូវ​ដាក់ទោស ដោយសារ​រឿង​មនុស្សធម៌​បែបនេះ​ទៅវិញ​។ អតីត​នាយករដ្ឋមន្ត្រី​រូបនេះ បន្តថា លោក​ក៏​រង​ពិន័យ​ព្រោះ​លោក​បាន​បរិច្ចាគ​លុយ​ទៅ​បក្ស​អង្គការ​ជាតិ​ម៉ា​ឡេ​រួបរួម​ក្នុង​រដ្ឋ Johor, Penang និង Kedah សម្រាប់​កម្មវិធី​សុខុមាលភាព​ពួកគេ​ផងដែរ​។ 
 
​ក្នុង​វីដេអូ​ដដែល លោក ណា​ជីប បញ្ជាក់ទៀតថា មាន​ឧទាហរណ៍​ច្រើន​ដែល​លោក​បាន​ចាយលុយ​ទាំងនោះ​សម្រាប់​បក្ស និង​ប្រជាជន​ដោយ​ពុំមែន​សម្រាប់​ខ្លួន​លោក​ឡើយ​។ លោក​ថា លោក ទទួល​ការគាំទ្រ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុងចំណោម​ថ្នាក់មូលដ្ឋាន​ពី​ទង្វើ​សប្បុរស​ទាំងនេះ​។ ទាក់ទិន​នឹង​សាលក្រម​តុលាការ លោក​ប្តេជ្ញា​ប្រយុទ្ធ​ប្រឆាំងនឹង​ភាពអយុត្តិធម៌​។ 
 
​កាលពី​ថ្ងៃទី ២៨ ខែកក្កដា លោក ណា​ជីប រ៉ា​ហ្ស៉ា​ក់ ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់គុក​១២​ឆ្នាំ ហើយ​ពិន័យ​ជា​ប្រាក់ ជិត​៥០​លាន​ដុល្លារ ក្រោយ​តុលាការ​រកឃើញថា​លោក​មានទោស​ក្នុង​សំណុំរឿង​ពុករលួយ​លុយរាប់​រយ​លាន​ដុល្លារ​ពាក់ព័ន្ធ​នឹង​មូលនិធិ​អភិវឌ្ឍ 1MDB ។ បទ​ចោទ​គឺ​រួមមាន ការរំលោភ​អំណាច ការលាង​លុយកខ្វក់ និង​បរាជ័យ​ក្នុងការ​អនុវត្ត​កាតព្វកិច្ច​ក្នុង​អាណត្តិ​ជា​នាយករដ្ឋមន្ត្រី​។ 
 
​បទល្មើស​ប្រឆាំង​លោក ណា​ជីប គឺ​ផ្ដោតលើ​ការផ្ទេរ​លុយ​ប្រមាណ ៩,៨​លាន​ដុល្លារ ពី​ក្រុមហ៊ុន SRC International ដែលជា​អតីត​ស្ថាប័ន​មួយ​របស់​មូលនិធិ​រដ្ឋ 1MDB ចូលទៅ​គណនី​ធនាគារ​ផ្ទាល់ខ្លួន​លោក​ក្នុង​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥​។  លោក​ណា​ជីប កាន់អំណាច​ពី​ឆ្នាំ​២០០៩ ដល់ ឆ្នាំ​២០១៨​។ 
 
​ក្រោយ​មានការ​បន្ធូរបន្ថយ លោក ណា​ជីប ទទួលបាន​ការផ្អាក​ទោស​បណ្ដោះអាសន្ន ដោយ​រង់ចាំ​ការប្ដឹង​ឧទ្ធរណ៍​។ តាម​ទូរទស្សន៍​សិង្ហ​បុរី​ដដែល លោក​បានដាក់​ពាក្យបណ្ដឹង​តវ៉ា​ទៅកាន់​តុលាការ​ជាន់ខ្ពស់ ខណៈ​លោក Shafee Abdullah ដែលជា​ទីប្រឹក្សា​លោក ណា​ជីប សង្ឃឹមថា ដំណើរការ​ប្ដឹងតវ៉ា នឹង​រៀបចំឡើង​ក្នុង​ចន្លោះពេល​៣​ខែ​ខាងមុខ ហើយ​បើ​បរាជ័យ លោក​នឹង​លើក​ករណីនេះ​ទៅកាន់​តុលាការ​សហព័ន្ធ​ដែលជា​ជម្រើស​ចុងក្រោយ​៕ 
 
 

Tag:
 ម៉ាឡេស៊ី​
  ណា​ជីប រ៉ា​ហ្ស៉ា​ក់​
  1MDB
© រក្សាសិទ្ធិដោយ thmeythmey.com